ក្រុម​ច្នៃ​ម៉ូដមួយក្រុមបាន​យក​សម្ភារ​ដែល​គេ​បោះចោល ឬ​សំរាម ទៅ​ច្នៃ​ជា​រ៉ូ​ប​មួយ​យ៉ាង​ស្អាតក្នុងព្រឹត្តិការណ៍អង្គរ​សង្ក្រាន្ត​

0
1171

ខេត្តសៀមរាប​ ៖ ក្រុម​ច្នៃ​ម៉ូដ La Chhouk Recycled & Creative Fashion បាន​យក​សម្ភារ​ដែល​គេ​បោះចោល ឬ​សំរាម ទៅ​ច្នៃ​ជា​រ៉ូ​ប​មួយ​យ៉ាង​ស្អាត ឈ្មោះថា​«​នាង​ឧស​ភី​» (​គោព្រៃ​) ដែលជា​សត្វ​តំណាង​ប្រទេស​កម្ពុជា​។ ឈុត​ច្នៃ​ពី​សំរាម​នេះ ត្រូវបាន​រចនា​ឡើង​សម្រាប់​ឲ្យ​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា ស្លៀក​ចូលរួម​ប្រកួត​បវរកញ្ញា​ផែនដី ដែល​ធ្វើឡើង​នៅ​ប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៧​។ ដ្បិត​ការប្រកួត ឈុត «​នាង​ឧស​ភី​» មិនបាន​ជាប់​ជា​ឈុត​តំណាង​ជាតិ​ដែល​ល្អ​ជាងគេ ប៉ុន្តែ​វា ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។

បើតាម លោក អ៊ិត សុ​វណ្ណា​រាជ ស្ថាបនិក​ក្រុម​ឡា​ឈូក រ៉ូ​ប​នាង​ឧស​ភី​នេះ ច្នៃ​ចេញពី​បាវ​ក្រចៅ គម្រប​ដប​ចាស់ៗ ទង់ដែង​ដែល​យក​ពី​ខ្សែភ្លើង និង​សម្ភារ​មួយចំនួនទៀត​។ ស្ថាបនិក​វ័យក្មេង​រូបនេះ បាន​យក​រ៉ូ​ប​នាង​ឧស​ភី ទៅ​បង្ហាញ​ដល់​ភ្ញៀវទេសចរ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុងន័យ​ផ្ញើ​សារ​ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រើប្រាស់​សំរាម​ឲ្យ​អស់​លទ្ធភាព មុននឹង​បោះចោល ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់គ្នា​។​