ទីតាំងយុទ្ធនាការក្រមា នឹងឈប់សម្រាកជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

0
2139

រាជធានីភ្នំពេញ ៖ សកម្មភាពនានា ក្នុងទីតាំងយុទ្ធនាការក្រមា ក្នុងបរិវេណវាលមេរុ នឹងឈប់សម្រាក ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ បន្ទាប់ពីត្បាញ បានប្រវែង៤០០ម៉ែត្រ។

លោកបណ្ឌិត សាន វឌ្ឍនា ក្រុមការងារចលនា GOGOCAMBODIA ថ្លែងថា ក្នុងអំឡុងពេល បុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ  នឹងបិទទីតាំងនៃយុទ្ធនាការក្រមា (ទីតាំងវាលព្រះមេរុ ទំាងមូល) ជាបណ្តោះអាសន្ន រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ហើយនឹងបើកដំណើរការជាធម្មតា ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨វិញ។

ក្រុមការងារបានសម្រេចបិទទីតាំង និងឈប់សម្រាក ក្នុងអំឡុងពេលចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ផ្តល់ពេលវេលាសម្រាប់ពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត ត្រឡប់ទៅស្រុកកំណើត ជួបជុំ និងរីករាយជាមួយក្រុមគ្រួសារ ដើម្បីត្រៀមខ្លួនអបអរ ទទួលទេវតាឆ្នាំថ្មីទាំងអស់គ្នា។

សូមជម្រាបថា មកដល់ថ្ងៃទី៦ មេសា នេះ កីក្រមា១០០០ម៉ែត្រ មានអ្នកចូលរួមត្បាញសរុប ប្រមាណជាង ៨០០០នាក់ ដែលទទួលបានប្រវែងជាង៤០០ម៉ែត្រ។ សម្រាប់ការចូលរួមទស្សនាកម្សាន្ត នៅទីតាំងយុទ្ធនាការក្រមា នៅវាលព្រះមេរុ ជារៀងរាល់ថ្ងៃវិញ សរុបប្រមាណជាង ១៤ម៉ឺននាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលទាំងអស់នេះ បង្ហាញពីការស្រលាញ់ និងគាំទ្រពីសំណាក់ ប្រជាជាតិខ្មែរទាំងអស់ ក្នុងការរួមគ្នាបង្កើតនៅមោទនភាព សម្រាប់កម្ពុជា ជាមួយការបំបែកសម្រាប់កម្ពុជា ជាមួយការបំបែកឯតទគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក៕