
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PP) និងសណ្ឋាគារ សុខា ភ្នំពេញបានសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌មួយឈ្មោះថា “រាត្រីសមោសរក្រមា២០១៨ (Krama Night Gala Dinner 2018)” ដើម្បីរៃអង្គាសប្រាក់ ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប។ កម្មវិធីសប្បុរសធម៌នេះ ជាផ្នែកមួយនៃគម្រោង “ចែករំលែកស្នាមញញឹម” ដែលផ្ដួចផ្ដើមឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា មានតាំងពីឆ្នាំ ២០១១មកម្ល៉េះ ដោយកន្លងមកបានចូលរួមជួយកុមារកំព្រា កុមារក្រីក្រ និងពិការជាច្រើនដល់ទីកន្លែងតែម្តង។
ដោយឡែកក្នុងឆ្នាំ២០១៨ គម្រោងនេះនឹងរៃអង្គាសប្រាក់ជួយមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលកុមារមិនគិតថ្លៃ ខណៈបច្ចុប្បន្នមន្ទីរពេទ្យនេះកំពុងជួបការ ខ្វះខាតថវិកាដើម្បីផ្គត់ផ្គង់ដល់ដំណើរផ្ដល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារ។ នេះបើតាមការឲ្យដឹងពីកញ្ញា កញ្ញា ងួន សូលីដា ក្រុមការងារ JCI ភ្នំពេញ។
កញ្ញាបន្តថា៖ «ឆ្នាំមុនៗ យើងក៏មានកម្មវិធីរៃអង្កាសដែរ តែឆ្នាំនេះជាលើកដំបូងហើយដែលយើងរៀបចំក្នុងទម្រង់ជា Gala Dinner ព្រោះយើងចង់ឲ្យកម្មវិធីនេះក៏ក្លាយជាឱកាសមួយ ដែលសប្បុរសជនទាំងអស់អាចផ្សារភ្ជាប់ទំនាក់ទំនងគ្នាឲ្យកាន់តែជិតស្និទ្ធ និងអាចស្វែងយល់ពីអាជីវកម្មរបស់ដៃគូសហការរបស់យើងជាច្រើនទៀត តាមរយៈការដាក់តាំងបង្ហាញផលិតផលរបស់ពួកគេ»។
«ដូច្នេះសូមកុំស្ទាក់ស្ទើរចូលរួមជាមួយយើងដើម្បីជួយសង្គមជាតិយើងទាំងអស់គ្នា តាមរយៈការទិញសំបុត្រក៏បាន ឧបត្ថម្ភជាប្រាក់កាសក៏បាន ដោយក្រៅពីញុំាអាហារពេលល្ងាចដ៏ឆ្ងាញ់ពិសារហើយ ក៏មានការប្រគំតន្ត្រី និងកម្មវិធីដេញថ្លៃទៀតផង។ យើងរំពឹងថានឹងមានអ្នកចូលរួមពីស្ថាប័នរដ្ឋាភិបាល សមាគមមួយចំនួនដូចជា សមាគមសហគ្រិនវ័យក្មេង សមាគមសហគ្រិនស្ត្រីកម្ពុជា តំណាងក្រុមហ៊ុននានា និងសប្បុរសជនពីទូទាំងប្រទេស»។
- កាលបរិច្ឆេទ ៖ ថ្ងៃសុក្រ ទី៣០ ខែមីនា ២០១៨
- ពេលវេលា ៖ ៦ល្ងាច ដល់ ១០យប់
- ទីតាំង ៖ សណ្ឋាគារ សុខា ភ្នំពេញ
- តម្លៃសំបុត្រ ៖ ១០០ដុល្លារ
ព័ត៌មានបន្ថែម សូមទាក់ទង 069 700 847 (JCI) ឬ 016 892 500 (AHC) ៕
ប្រភព : sabay