ក្រុងឌុយប្លាំង : អ្នកថតរូបធម្មជាតិ លោក Jani Ylinampa ដែលមកពីទីក្រុង Rovaniemi នៃតំបន់ Lapland ប្រទេសហ្វាំងឡង់ ដែលល្បីល្បាញដោយសារស្នាដៃថតរូបពន្លឺមេឃប៉ូលខាងជើង (Northern Lights) រេរាំកន្លងមកនោះ ថ្មីៗនេះលោកបានរំលេចនូវរូបភាពកូនកោះដ៏តូច ដ៏ពោរពេញទៅដោយទិដ្ឋភាពប្លែកភ្នែកនាបួនរដូវ។
អស់រយៈពេលជាង ១៥ ឆ្នាំមកហើយ លោក Jani Ylinampa បានសាងភាពល្បីល្បាញតាមរយៈការផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យលើភពផែនដី ដូចជា ទេសភាពព្រះអាទិត្យអស្ដង្គត ព្រៃព្រឹក្សាដ៏ស្រស់បំព្រង បឹងទន្លេ និងភាពវិសេសវិសាលជាច្រើនទៀតនៃធម្មជាតិ។
ទិដ្ឋភាពដែលទាក់ភ្នែកលោកបំផុត គឺទិដ្ឋភាពកោះ កូទីសារី (Kotisaari) នៅក្រុងរ៉ូវ៉ានីមី ប្រទេសហ្វាំងឡង់។ កូនកោះដ៏តូចច្រឡឹងនេះ កាលពីបុរាណកាល ធ្លាប់ត្រូវបានប្រើប្រាស់ជំរំកម្មករកាប់ឈើ។ និងបានក្លាយជាកន្លែងដ៏ពិសេស សម្រាប់អ្នកថតរូបក្នុងការចាប់យកភាពស្រស់ស្អាតនៃធម្មជាតិ។
Ylinampa បានផ្ដិតយកទេសភាពកោះខាងលើទាំង ៤ រដូវកាល ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) ថតពីលើអាកាសមក ខណៈលទ្ធផលពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន។ ចង់ដឹងកាន់តែច្បាស់មើលរូបភាពខាងក្រោម៖