ពាក់កណ្តាល​ឆ្នាំ២០​១៨នេះ ទេសចរជាង២៣ម៉ឺននាក់សម្រុកទៅលេងកោះកុង

0
1561

កោះកុង: នៅពាក់កណ្តាលឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅលេងកម្សាន្ត​តាមរមណី​យដ្ឋានធម្មជាតិសំខាន់ៗនៅខេត្តកោះកុង បានកើនឡើងដល់ទៅ១១៤ភាគរយ។ ជាទិសដៅ ដើម្បី​បន្តទាក់ទាញភ្ញៀវ​​​ទេសចរចម្រុះជាតិសាសន៍ ឱ្យ​មកលេងកម្សាន្តលើទឹកដីខេត្តជា​ព្រំដែន​មួយ​នេះ​កាន់​​តែច្រើន អាជ្ញាធរកំពុងពង្រីកកែច្នៃរមណីយដ្ឋានធម្មជាតិចំនួន៣បន្ថែមទៀតផងដែរ។

រយៈពេល៦ខែក្នុងឆ្នាំ២០១៨នេះ ខេត្តកោះកុងបានទទួលភ្ញៀវទេសចរសរុបចំនួន២៣ម៉ឺននាក់ កើន៧១​ម៉ឺន​នាក់ ស្មើ​​នឹង ១១៤ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវទេស​ចរ​ជាតិ​ចំនួន១៧ម៉ឺន នាក់ និង​ទេស​ចរ​អន្តរជាតិមានចំនួន៥ ម៉ឺន១ពាន់នាក់។ នេះមិន​គិតពី​ចំនួន​អ្នក​ទេសចរ​​ចេញចូលតាមច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​នោះទេ។

លោក ប៊ុន​ បៀវ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បាន​គូស​​បញ្ជាក់​ល្ងាចថ្ងៃទី១៦ ខែសីហា ថ្មីៗនេះថា មូលហេតុ​ដែលនាំឱ្យមាន​​​កំណើន​ភ្ញៀវ​ទេសចរ សម្រុកទៅ​លេងកម្សាន្ត​តាមរមណីយដ្ឋាន​ធម្មជាតិ​សំខាន់​ៗ ​នៅក្នុង​ខេត្ត​កោះកុងកើនឡើងពីមួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏ព្រោះតែមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធ ​បង្កើន​ការផ្សព្វ​ផ្សាយព័ត៌​មាន​អំពីតំបន់​រមណីយ​ដ្ឋានដែលមានសក្តានុពលទៅកាន់អស់អ្នកទេសចរទាំងក្នុង និងក្រៅ​ប្រទេស បូករួមប្រព័ន្ធផ្លូវ​ធ្វើដំណើរ​កកើត​ច្រើន ពង្រឹង​បណ្តុះ​បណ្តា​ល​​​​​ធនធាន​មនុស្សក្នុង​វិស័យ​ទេសចរណ៍ តម្លៃសេវាស្នាក់នៅ គុណ​ភាពចំណី​អា​ហារ និងការ​សម្អាតអនាម័យ​សោភ័ណ្ឌ​ភាព​បរិស្ថាន​ជាដើម។

បើតាមប្រធានមន្ទីរទេសចរណ៌ខេត្តកោះកុង ឱ្យដឹងទៀតថា តំបន់រមណីយដ្ឋានទេសចរណ៍ ដែល​ភ្ញៀវ​ទេសចរ ចម្រុះជាតិសាសន៍និយមទៅលេងកម្សាន្តច្រើនជាងគេ រួមមាន៖ រមណីយដ្ឋានធម្មជាតិព្រៃ​កោង​កាងពាមក្រសោប សហគមន៍ធម្មជាតិទឹកជ្រោះតាតៃ តំបន់អេកូទេសចរជាយអារ៉ែ ជីផាត ឆ្នេរសមុទ្រ​ប៉ាក់ខ្លង ចេតិយ​ឃុន​ឆាង​ឃុន​ផែន ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម និងរម​ណី​យ​​ដ្ឋានមហា​សាគរវិស្ស​មកាល​តារារះនាទិសនារតី។

ខេត្តកោះកុង ចុងឆ្នាំ២០១៨នេះ នឹងក្លាយជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ជាទិស​ដៅ​ដើម្បី​បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកលេង​កម្សាន្តក្រោមម្លប់សន្តិភាពបាន​កាន់តែ​ច្រើន​​នោះ។

មន្ទីរទេសចរណ៍ អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ឋកំពុងសហការ​ជាមួយវិស័យឯកជន​ពង្រីកកែច្នៃ​រមណី​យដ្ឋាន​អេកូធម្មជាតិ​ចំនួន​​៣បន្ថែមទៀត ទី១-រមណីយដ្ឋានធម្មជាតិទឹកជ្រោះសិលាមានជ័យ ទី២-ទឹក​ជ្រោះកោះប៉ោ និងទី៣នោះ គឺ​សហ​គមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់សម្រស់ឆាយ១២ ជាន់៕

អត្តបទៈ សិរីវឌ្ឍនៈ