
សៀមរាបៈ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ នៅសាលសន្និសីទសុខាសៀមរាប ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) របស់កូរ៉េខាងត្បូង បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា លើការបន្តជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី រយៈពេល៥ឆ្នាំទៀត។
ពិធីចុះអនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១។ ពិធីនេះត្រូវបានចុះហត្ថលេខាដោយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក Jeong Yungil នាយកប្រតិបត្តិ KOICA។
តាមខ្លឹមសារនៃអនុស្សរណៈ គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី មានរយៈពេល៥ឆ្នាំ ដោយអនុវត្តការងារចាប់ពីឆ្នាំ២០១៩-២០២៣ ដែលប្រើប្រាស់ថវិកាសរុប ៧លានដុល្លារ។
សូមបញ្ជាក់ថា ការជួសជុលក្រុមប្រាសាទព្រះពិធូរ ជំហានទី១ បានបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំ២០១៨ ហើយនៅថ្ងៃទី១៦-២១ ខែកញ្ញា ឆ្នាំ២០១៨ អ្នកជំនាញរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA បានចុះមកពិនិត្យមើលការងារបច្ចេកទេស លទ្ធភាពក្នុងការជួសជុល និងប្រមូលផ្តុំព័ត៌មានផ្សេងៗ មុននឹងសម្រេចបន្តកិច្ចសហប្រតិបត្តិការនេះឡើង។
ភារកិច្ចសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជាំ សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទក្នុងក្រុមប្រាសាទព្រះពិធូរ ជួសជុលផ្នែកខ្លះនៃលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុលក្នុងគម្រោង ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា៕