កន្ត្រកខ្សែកាបឆ្លងសមុទ្រដែលតភ្ជាប់ទីក្រុងអានថុយ និងកោះហុនហុន ដែលជាកោះធំបំផុតនៃកម្រងកោះអានថុយ នៅភាគខាងត្បូងនៃកោះភូគួក (កោះត្រល់) នៅក្បែរឆ្នេរខេត្ដគៀនយ៉ាងខេត្តនៃដីសណ្តរទន្លេមេគង្គ នឹងបើកសម្ភោធឱ្យប្រើប្រាស់នៅថ្ងៃទី ១៤ ខែកុម្ភៈ មុនបុណ្យចូលឆ្នាំថ្មី។
វិនិយោគដោយក្រុមហ៊ុន Sun Group កន្ត្រកខ្សែកាបប្រវែងជិត ៨ គីឡូម៉ែត្រនេះធ្វើឱ្យវាក្លាយជាកន្ត្រកខ្សែកាបវែងជាងគេបំផុតនៅលើពិភពលោក។ កន្ត្រកទាំង ៧០ គ្រឿងរបស់វាអាចដឹកអ្នកដំណើរបាន ៣០ នាក់ក្នុងកន្ត្រកនីមួយៗ ដែលគេស្គាល់ថាកន្ត្រក 3S Gondola ដែលមានសុវត្ថិភាពនិងទំនើបបំផុតនៅក្នុងពិភពលោក។ ការធ្វើដំណើរតាមកន្ត្រកនេះនឹងផ្តល់នូវទស្សនីយភាព ៣៦០ ដឺក្រេនៃសម្រស់កោះនិងសមុទ្រ។
កន្ត្រកខ្សែកាបនេះគឺជាកន្ត្រកដំបូងគេនិងសំខាន់បំផុតនៃឧទ្យានធម្មជាតិពិភពលោកដែលមានឈ្មោះថា Sun World Hon Thom Nature Park ស្ថិតនៅភាគខាងត្បូងនៃកោះភូគុក ដែលជាគម្រោងមួយទៀតរបស់ក្រុមហ៊ុន Sun Group និងដែលមានសួនទឹកនិងសួនកម្សាន្តផងដែរនោះ។
សំបុត្រជិះកន្ត្រកខ្សែកាបនេះ គិតតាមកម្ពស់ បើមនុស្សធំនិងកុមារកម្ពស់ ១,៣ ម៉ែត្រឡើងគិត ២២ ដុល្លារ កុមារកម្ពស់ ១ ទៅ ១,៣ ម៉ែត្រ គិត ១៥ ដុល្លារ និង កុមារកម្ពស់ ១ ម៉ែត្រចុះក្រោម គឺមិនគិតថ្លៃឡើយ។
កោះភូគួកបានស្វាគមន៍ភ្ញៀវទេសចរអន្ដរជាតិជិត ៣៦២.០០០ នាក់កាលពីឆ្នាំកន្លងទៅ ពោលគឺកើនឡើង ៧២ភាគរយ ធៀបនឹងឆ្នាំ ២០១៦ និងមានគោលដៅយ៉ាងហោចណាស់កើបភ្ញៀវឱ្យបានកន្លះលាននាក់នៅឆ្នាំ២០១៨នេះ៕ ប្រភព : រស្មីកម្ពុជា