ឆ្នាំ ២០១៨ ចិនទៅកោះកុងជិត ១ម៊ឺននាក់

0
1024

Koh Kong 2018
កោះកុង៖ នៅក្នុងឆ្នាំ២០១៨ ខេត្តកោះកុងដែលជាខេត្តមួយជាប់តំបន់សមុទ្រទិសនិរតីនៃប្រទេសកម្ពុជា បាន​ទទួល​​ភ្ញៀវ​ទេសចរជនជាតិចិនប្រមាណជិត១មឺុននាក់។ តួលេខអ្នកទេសចរជនជាតិចិន បានកើនឡើង​ជា​លំដាប់​​ចាប់ពីដើមខែមករា រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ បើតាមការបញ្ជាក់របស់អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កោះ​កុង។

ក្នុងចំណោមភ្ញៀវទេសចរសរុបប្រមាណ៣៧មឺុននាក់ ដែលបានមកលេងកម្សាន្ត និងស្នាក់នៅក្នុងទឹកដី​ខេត្ត​កោះ​កុង គឺមានអ្នកទេសចរជាជនជាតិចិន៩.៩៦០នាក់ទៅហើយ។ តួលេខភ្ញៀវទេសចរជនជាតិចិន កើនឡើងជា​បន្ត​បន្ទាប់​តាំងតែពីដើមខែឆ្នាំ២០១៨រហូតដល់ដំណាច់ឆ្នាំ។ រដូវកាលដែលពួកគេមកលេងច្រើនជាងគេ ខែមេសា ដោយ​មានចំ​នួនជិត២ពាន់នាក់ឯណោះ។

លោក សុខ ចាន់គ្រឹស្នា អនុប្រធាន​មន្ទីរ​ទេស​ចរណ៍ខេត្តកោះកុង បានប្រាប់រស្មីកម្ពុជាល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ​២០​១៩ថា អ្នកទេសចរចិន ភាគច្រើនពួកគេទៅលេងកម្សាន្តនៅឯរមណីយដ្ឋានតារាសាគរ អេកូទេសចរ​ធម្មជាតិ​ជាយអារ៉ែ អេកូទេសចរណ៍ជីផាត សហគមន៍ទេសចរណ៍​ធម្មជាតិព្រៃកោងកាង សហគមន៍ទេសចរធម្មជាតិ​តាតៃ​ក្រោម ឆ្នេរសមុទ្រប៉ាក់ខ្លង និងច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ជាដើម។

លោក សុខ ចាន់គ្រឹស្នា បន្ថែមថា ក្រៅពីអ្នកទេសចរជនជាតិចិនឈរលំដាប់លេងរៀងទី១ អ្នកទេសចរជនជាតិ​វៀត​ណាមមានចំនួន៥.៣៤១នាក់​ឈរលំដាប់លេខ២ និងជនជាតិកូរ៉េ មានជិត៣.៨០០នាក់ ឈរលើលេខរៀង​លំដាប់​ទី៣។ បើតាមការពិនិត្យអង្កេតរបស់​មន្ទីរ​ទេសចរណ៍ កំណើន​​ភ្ញៀវ​ទេសចរចម្រុះជាតិសាសន ចូល​មក​ទស្សនា​កម្សាន្ត​នៅទឹកដីខេត្តកោះកុង នៅ​តាម​រមណីយ​ដ្ឋាន​ធម្ម​ជាតិ និង​ប្រវត្តិសាស្រ្ត​នានា ​ហក់​ឡើងខ្ពស់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ដោយក្នុងនោះ អ្នកទេស​ចរជាតិ​ចំនួន​ជិត៣០​មឺុន​នាក់ អ្នកទេសចរអន្តរ​ជាតិមាន​ចំនួន៧មឺុន៦ពាន់នាក់ ធ្វើឱ្យ​តួលេខភ្ញៀវ​ទេសចរឆ្នាំ​២០១៨ បានកើនឡើង៦មឺុន៤ពាន់នាក់ ស្មើនឹង២០ភាគរយ បើធៀបនឹងឆ្នាំ២០១៧។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បង្ហាញតួលេខអ្នកទេសចរដាច់ដោយឡែកដែរថា ពិធីបុណ្យ​សមុទ្រ​លើក​​ទី៧ ជុំទី២ រយៈពេល៣ថ្ងៃកន្លងទៅថ្មីៗនេះ ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចសរុប៣៨​មឺុននាក់​បន្ថែម​ទៀត​​។ មូលហេតុដែលខេត្តកោះកុង អាចទទួលភ្ញៀវទេសចរច្រើនយ៉ាងដូច្នេះ ក៏ដោយសារតែប្រទេសមាន សុខ​សន្តិភាព ស្ថេរភាពនយោបាយល្អប្រសើរ ប្រជាពលរដ្ឋមានជីវភាពធូរធារច្រើន និងការកែលម្អនូវហេដ្ឋារចនា សម្ព័ន្ធ​ថ្មី​ៗជាច្រើន បម្រើដល់ភាពទាក់ទាញអ្នកទេសចរមកលើវិស័យទេសចរណ៍។

ទោះយ៉ាងណា មន្ទីរទេសចរណ៍ នឹងបង្កើនកិច្ចសហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរស្ថាប័នជុំវិញខេត្តកោះកុង ពង្រឹងគុណភាពលើការផ្តល់សេវាកម្មស្នាក់នៅ ចំណីអាហារ បដិសណ្ឋារកិច្ច បណ្តុះបណ្តាល​សិក្ខាកាម​ទេសរណ៍​ក្នុង​មូលដ្ឋាន កែលម្អតំបន់ទេសចរណ៍ដែលមនុស្សមិនទាន់ស្គាល់​និងថែរក្សាបរិស្ថានអនាម័យអោយល្អ​ថែមទៀត​។ ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា ខេត្តកោះកុង អាចនឹងក្លាយជាគោលដៅទេសចរណ៍លំដាប់ទី១ ឬទី២ តំបន់ឆ្នេរសមុទ្រ ដែល​មាន​ភ្ញៀវទេសចរមកលេងច្រើន​ជាងគេនៅពេល​អនា​គត​​។

គួរជម្រាបថា ជាទូទៅ រាល់ពេលមានពិធីបុណ្យតូចធំ អាជ្ញាធរ និងមន្ទីរទេសចរណ៍ តែងចុះអប់រំណែនាំដល់​ម្ចាស់​អាជីវ​កម្ម ប្រតិបត្តិករផ្តល់សេវាស្នាក់នៅ និងតម្លៃ​សេវា​កម្មចំណី​អាហារ កុំ​តម្លើងថ្លៃហួសហេតុ ដែល​នាំ​ឱ្យ​ប៉ះ​ពាល់​អារម្មណ៍អ្នកទេសចរ និងបង់បាត់ប្រាក់ចំណូលពីការវិស័យទេសចរណ៍។
ស្របពេលទទួលបាននូវកំណើនភ្ញៀវទេសចរឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ប្តេជ្ញា​បន្ត​ខិតខំសហការជាមួយអាជ្ញាធរមន្ទីរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍កែលម្អតំបន់វិស័យទេសចរណ៍ប្រវត្តិសាស្រ្ត និង​អេកូទេសច​រធម្មជាតិឱ្យកាន់តែរីកចម្រើនល្អប្រសើរថែមទៀត តាមរយៈគម្រោងផែនការមេ​នីមួយៗរបស់​រដ្ឋាភិ​បាល និងថ្នាក់ក្រោមជាតិ។

អភិបាលខេត្តកោះកុង លើកឡើងទៀតថា ជាជោគជ័យរបស់ខេត្តចំពោះចំនួនភ្ញៀវទេសចរលេងកម្សាន្តប្រចាំឆ្នាំ ក៏ដូចជាថ្ងៃបុណ្យសមុទ្រ ខេត្តបានទទួលផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង-ពោធិសាត់ ពិសេសគម្រោងស្ថាបនា​ផ្លូវ​ជាតិ​លេខ​​​៤៨​ភ្លោះរួមតំបន់អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រ។

នៅខេត្តកោះកុង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជិត២០០ទីតាំង ស្មើនឹង១ពាន់​៦៦៣​បន្ទប់។ ចំនួន​នេះ មិនរាប់បញ្ចូលក្លឹបកម្សាន្ត ខារ៉ាអូខេ និងកន្លែងម៉ាស្សានោះឡើយ។ ទិន្នន័យទីតាំងផ្តល់កន្លែងស្នាក់នៅ ពុំកើន​ឡើងទេ ពីព្រោះលំហូរភ្ញៀវទេសចរមានតែពេលបុណ្យទានប៉ុណ្ណោះ៕

អត្តបទៈ សុផានីតា