លោក ស៊ុន ចាន់ថុល៖ ការជួសជុលផ្លូវជាតិទៅកោះកុង នឹងធ្វើហើយមុនពិធីបុណ្យសមុទ្រ

0
666

កោះកុង៖ ក្នុងរដូវភ្លៀងធ្លាក់កន្លងទៅនេះ បានធ្វើឲ្យកំណាត់ផ្លូវជាច្រើនរបស់កម្ពុជា បានរងការខូចខាតយ៉ាងដំណំ ក្នុងនោះកំណាត់ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ស្រុកស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ក៏រងការបំផ្លេចបំផ្លាញយ៉ាងខ្លាំងផងដែរ។ ការខូចខាតនេះ​ កន្លែងខ្លះខូចដោយសារទឹកភ្លៀងជន់លិច ហើយខ្លះទៀតក៏ខូចដោយសារតែការដឹកលើសទម្ងន់ផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារជួសជុលផ្លូវមកពីខាងក្រសួង និងកងវិស្វកម្ម ចុះពិនិត្យ និងចាប់ផ្តើមជួសជុលផ្លូវនេះឡើងវិញហើយ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែធ្នូ ឲ្យបានមុនពិធីបុណ្យសមុទ្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវនេះ ក៏ដូចជាទៅលេងបុណ្យសមុទ្រក្នុងខេត្តកោះកុង។

លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ផ្លូវដែលរងការខូចខាតនេះ មានប្រវែងរហូតដល់ទៅ ៦០គីឡូម៉ែត្រ ចែកចេញជា ៩១កន្លែង។ លោកបានអះអាងថា បច្ចុប្បន្នលោកបានដាក់គ្រឿងចក្ររហូតជាង ១០០គ្រឿងទាំងខាងក្រុមសាងសង់របស់ក្រសួង និងកងវិស្វកម្ម ដើម្បីពន្លឿនការងារជួសជុលផ្លូវនេះ ឲ្យបានមុនបុណ្យសមុទ្រនៅចុងឆ្នាំនេះ។

លោក បានបញ្ជាក់ថា ការជួសជុលផ្លូវនេះ គឺប្រើថវិការបស់រាជរដ្ឋាភិបាលទាំងស្រុងប្រមាណ ១២លានដុល្លារអាមេរិក មិនបានប្រើប្រាស់ថវិកាកម្ចីពីកូរ៉េខាងត្បូងនោះទេ ថវិកាកម្ចីរបស់កូរ៉េ គឺប្រើសម្រាប់តែសាងសង់ និងលើកកម្ពស់គុណភាពផ្លូវនេះទៅជាផ្លូវ AC ដែលគ្រោងនឹងចាប់ផ្តើមនៅពីរឆ្នាំខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានសូមការយោគយល់ និងអធ្យាស្រ័យពីប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរ ដោយសារផ្លូវខូច ក៏ដូចជាក្នុងអំឡុងពេលជួសជុលផ្លូវនេះផងដែរ៕