កោះកុង៖ តម្លៃដីធ្លីនៅក្បែរតំបន់ឆ្នេរសមុទ្រប៉ាក់ខ្លង ស្រុកមណ្ឌលសីមា កំពុងមានសន្ទុះហក់ឡើងថ្លៃគួរឱ្យកត់សម្គាល់ ខណៈឈ្នួញ និងអ្នកគប់ចេដី កំពុងសម្រុកទៅទិញនៅតំបន់ភាគឥសានមួយនេះ។
ក្រុមគប់ចេទិញដីបានបង្ហើបឱ្យដឹងពីមូលហេតុដីតំបន់នេះឡើងថ្លៃ ក្រោយពួកគេដឹងថា មានលំហូរកំណើនអ្នកទេសចរណ៍ និងគម្រោងវិនិយោគអភិវឌ្ឍន៍ជាច្រើនមកកាន់ខេត្តកោះកុង។
គិតទល់ពេលនេះ គេសង្កេតឃើញមានក្រុមឈ្នួញតូចធំមកពីបណ្តាខេត្ត រាជធានី និងបរទេសជាច្រើនបានចុះមករកទិញលក់ដីនៅក្នុងតំបន់ក្បែរឆ្នេរសមុទ្រប៉ាក់ខ្លង ខណៈខេត្ដនេះក៏ជាតំបន់ទេសចរណ៍ និងពាណិជ្ជកម្មនៅជិតព្រំដែន ដ៏មានសក្តានុពលមួយនៃប្រទេសកម្ពុជា ផងដែរ។
ក្រុមឈ្នួញគប់ចេដី បានបង្ហើបឱ្យដឹងកាលពីម្សិលមិញនេះ ថា អចលនទ្រព្យដីធ្លីនៅក្នុងខេត្តកោះកុងគឺ កំពុងហក់ឡើងថ្លៃខ្ពស់ជាងឆ្នាំមុនៗ គាប់ជួនគ្មាននឹងដីសម្រាប់លក់ទៀតផង ពិសេសតាមតំបន់ក្បែរឆ្នេរសមុទ្រតែម្តង។
កាលដែលមានកំណើនអ្នកវិនិយោគទុនសម្រុកនាំរកទិញដី ទំនងជាពួកគេអាចដឹងពីគម្រោងវិនិយោគតូចធំជាច្រើន ដែលរដ្ឋាភិបាលកំពុងធ្វើនៅខេត្ដនេះ។
ក្រុមអ្នកគប់ចេដីធ្លីដដែលគូសបញ្ជាក់ទៀតថា ដីនៅតំបន់ក្បែរសមុទ្រប៉ាក់ខ្លង បច្ចុប្បន្ន មានតម្លៃជាមធ្យមចាប់ពី ៦០ទៅ៨០ ដុល្លារ ក្នុង១ម៉ែត្រការ៉េ សម្រាប់ដីពាណិជ្ជកម្ម និងសាងសង់លំដៅដ្ឋាន។
បើងាកទៅមើលដីតំបន់ក្រៅពីដីក្បែរមាត់សមុទ្រ គឺតម្លៃអាចនឹងកើនឡើងទ្វេដងតាមសក្តានុពលនីមួយៗ។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បានទទួលស្គាល់ពីកំណើនក្រុមអ្នកវិនិយោគចុះមក ទិញលក់ដីក្នុងតំបន់ក្បែរឆ្នេរសមុទ្រប៉ាក់ខ្លងនេះដែរ ដោយលោកលើកឡើងថា កាលពីមុនមក ដីធ្លីនៅក្នុងតំបន់ស្រុកមណ្ឌលសីមាពុំមានហាងឆេងលក់អី្វនោះទេដែលគេចាត់ទុកថា គ្រាន់តែជាដីដែនកោះកុងលំបាករកស៊ី។ ទើបតែនៅពេលនេះទេ តម្លៃដីមូលដ្ឋានស្រុកមួយនេះងើបហក់ឡើងថ្លៃខ្ពស់មិននឹកស្មានដល់។
ទន្ទឹមនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង ក៏បង្ហាញការស្វាគមន៍ និងយល់ថា វាជាសញ្ញាដ៏ល្អមួយ សម្រាប់ភាពរីកចម្រើន និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។ ទោះបីជាសព្វថ្ងៃ មិនទាន់ឃើញសំណង់អគារពាណិជ្ជកម្មលេចជារូបរាងឡើងក្តី។
ស្រុកមណ្ឌលសីមា ជាស្រុកជាប់ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ មានតំបន់ទេសចរធម្មជាតិ ក៏ដូច ជាទីតាំងប្រវត្តិសាស្រ្តជាច្រើនផងដែរ។
អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ ខេត្ដនេះ ក៏មានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងស្រូបយក និងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋជាច្រើនលានដុល្លារក្នុង១ខែៗ។
តាមការសិក្សាស្រាវជ្រាវរបស់រដ្ឋបាលខេត្តកោះកុង មូលហេតុសំខាន់នៃកំណើនតម្លៃដីធ្លីនៅតំបន់ក្បែរឆ្នេរសមុទ្រខេត្តកោះកុង ហក់ឡើងថ្លៃយ៉ាងដូច្នេះ ដោយសារតែ កំណើនអ្នកទេសចរណ៍ និងកំណើនសេដ្ឋកិច្ច ព្រមទាំងលំហូរអ្នកវិនិយោគក្នុង និងក្រៅប្រទេសនៅតែកើនឡើង៕
អត្តបទ និង រូបភាពៈ ឈឹម មករា