កម្ពុជា​កំពុង​រៀបចំ​ឯកសារ​ ដាក់​ប្រាសាទ​កោះ​កេរ​ ជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ​ពិភពលោក

0
897

ភ្នំពេញ: ក្រសួង​វប្ប​ធម៌និង​វិចិត្រ​សិល្បៈ​កំពុង​រៀបចំ​ឯក​សារ​ដើម្បី​ដាក់​ប្រា​សាទ​កោះ​កេរ​ទៅ​ក្នុង​សម្បត្តិ​បេ​តិក​
ភ​ណ្ឌ​ពិភព​លោក​តែ​អាច​ប្រឈម​នឹង​ការ​លំបាក​ ខណៈ​ត្រូវ​ចំណាយ​ពេលរហូត ​៤​ឆ្នាំដើម្បី​ស្រាវ​ជ្រាវ​ភ័ស្ដុតាង​បន្ថែម
បើទោះជាកម្ពុជា​​បាន​​បង្ហា​ញ​ឈ្មោះ​​ប្រាសាទនេះ​ទៅអង្គការ UNESCO តាំងពីឆ្នាំ១៩៩២​ មក​ហើយក្ដី​។

លោកស្រី ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រ​សួង​វប្ប​ធម៌​និង​វិចិត្រ​សិល្បៈ​បាន​បញ្ជាក់កាល​ពី​ម្សិល​មិញថា ប្រាសាទ​កោះ​កេរ ជា​ប្រាសាទបុរាណ​ខ្មែរ​ដ៏អស្ចារ្យ​មួយដែល​អ្នកជំនាញ​ក្រសួង​វប្បធម៌​កំពុង​រៀបចំ​ឯកសារ​ស្នើសុំ​ដាក់​ប​ញ្ជូ​ល​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក បន្ទាប់​ពី​ប្រា​សាទ​សំបូរ​ព្រៃ​គុក​ត្រូ​វបាន​ទទួល​ស្គាល់​កាល​ពី​ឆ្នាំមុ​ន​។

លោក​ស្រី​បន្ត​ថា​ការ​រៀបចំ​ឯក​សារ​​នេះកម្ពុជា​អាច​នឹង​ប្រឈម​នូវ​​ការ​លំបាក​ច្រើន​ដោយ​សារ​លក្ខ​ខណ្ឌ​អង្គ​ការ UNESCO ​តឹង​តែង​ និង​ទាម​ទារ​ពេលវេលា​យូរ​រហូត​ដល់​​ទៅ​៤ឆ្នាំ​។

លោក​ស្រី បានបន្ដ​ថា៖​«ក្រុម​ការ​ងារ​ខ្ញុំ​កំពុង​ចាប់​ផ្ដើម​ដើរ​ទៅ​មុខ​បណ្ដើរៗ​ហើយ​ កា​រពិត​ការ​ដាក់​ឯក​សារ​នេះ​ វា​មិន​ស្រួល​ប៉ុន្មាន​ទេ គឺ​យើង​ត្រូវ​ចំណាយ​ពេល៤ឆ្នាំ​ឯ​ណោះ ​គឺ​ទាំង​ចំណាយ​ពេល​បញ្ជូន​ទៅ ​ហើយ​ស្រាវ​ជ្រាវ​និង​ពិនិត្យ​លើ​ឯក​សារ​ពី​ភាសា​បាំង​មក​វិញ​។ ក្នុង​នោះ មា​ន​ប្រ​ទេស​ជា​ច្រើន​ក៏​បានស្នើ​សុំ​ច្រើន​ជាង​មុន​ និង​បាន​ដាក់​លក្ខ​ខណ្ឌ​​តឹង​រ៉ឹង​ជាង​មុន​ដែរ»​។

ប្រា​សា​ទ​កោះ​កេរ ស្ថិត​នៅ​ក្នុង​ភូមិ​ស្រ​យង​ខាង​ជើង​ ឃុំ​ស្រ​យង ​ស្រុក​គូលែន​ ខេត្ត​ព្រះ​វិហារ​ មាន​ចម្ងាយ​ប្រ​មាណ​១២០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀម​រាប​និង​មាន​ចម្ងាយ​ប្រ​មាណ​៦០​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​ព្រះ​វិហារ​ហើយបើគិត​ពី​រាជ​ធានី​​ភ្នំ​ពេញ​ទៅ​មាន​ចម្ងាយ​៤៦០​គីឡូ​ម៉ែត្រ​។

ប្រា​សាទ​នេះមាន​៧​ជាន់​កម្ពស់​៣៥​ម៉ែត្រគឺជា​អតីត​រាជ​ធានី​របស់​អា​ណា​ចក្រ​ខ្មែរកសាង​ឡើង​ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ (៩២៨-៩៤២) គឺ​ដើម្បី​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​ឥសូរ​ តាម​បែប​ព្រហ្ម​ញ្ញសា​សនា។ ប្រា​សាទ​នេះ​ ពី​មុន​មាន​ឈ្មោះ​ថា ឆក​គគីរ​ ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​២៥៦ គីឡូ​ម៉ែត្រ​ការ៉េ​ ដោយ​មាន​ប្រា​សាទ​ចំនួន​៩៨ ​សង់​ដាច់ៗ​ពី​គ្នា ចន្លោះ​ពី​៣​ឬ​៤​គីឡូ​ម៉ែត្រ​​ក្នុង​តំបន់​នោះ​។

លោក​ប្រាក់​សុវ​ណ្ណា​រ៉ា អគ្គ​នាយក​​នៃ​អគ្គ​នាយក​ដ្ឋាន​បេតិ​កភណ្ឌ​នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ថ្លែង​ថា ​កាល​ពីឆ្នាំ ១៩៩២ ​កម្ពុជា​បាន​ដាក់​បញ្ចូល​ឈ្មោះ​ប្រា​សាទ​ និង​រមណីយ​ដ្ឋាន​កម្ពុ​ជា​ចំនួ​ន ៨ ចូល​ក្នុ​ង​បញ្ជី​ត្រៀ​ម​របស់​អង្គ​ការ UNESCO ប៉ុ​ន្ដែ​មិន​ទា​ន់​បា​ន​ដាក់​ប​​ញ្ចូ​ល​ជា​មួយ​នឹង​ឯក​សារ​លម្អិត​ទេ​​។

លោក​បន្ត​ថា ក្រោយ​ពី​បាន​ឈ្មោះ​​ក្នុង​បញ្ជី​ត្រៀម​រួច​ហើយ​ ប្រ​សិន​គេ​ចង់​ដាក់​បញ្ចូ​ល​ប្រាសា​ទ​ណា​មួយ​នោះ ​គឺ​គេ​​ត្រូវ​ស្រាវ​ជ្រា​វរក​ភ័​ស្ដុ​តាង​ និង​ឯក​សារបំ​ពេញ​ប​ន្ថែម​ ដើម្បី​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ចុះប​ញ្ជី​ក្នុង​ស​ម្បត្តិ​បេ​តិ​កភ​ណ្ឌ​​​ពិ​ភព​លោក​។

លោក​បញ្ជាក់​ថា​៖«យើង​មាន​ឈ្មោះ​តែ​នៅ​ក្នុងប​ញ្ជី​ត្រៀម​របស់​អង្គ​កា​រ UNESCO​ ទេ ប៉ុន្ដែ​យើង​មិន​ទា​ន់​បាន​ដាក់​ឯក​សារ​​ពេញ​លេញ​ឲ្យ​គេ​ទេ។ អ៊ី​ចឹង​បាន​ជា​យើង​ត្រូវ​រៀបចំ​ឯក​សារ​ច្បាស់​លាស់ឲ្យ​គេ ​ទទួល​ស្គាល់​របស់​យើង»​។

លោក ​សុណ្ណា​រ៉ា បន្ថែម​ថា ឈ្មោះ​ប្រា​សាទ និង​រមណីយ​ដ្ឋាន​ចំនួន​៨​ រួម​មាន៖​ ប្រា​សាទ​បន្ទាយ​ឆ្មា ​រ​បន្ទាយ​ព្រៃ​នគរ បឹង​មាលា ប្រា​សាទ​ព្រះ​ខ័ន​កំពង់​ស្វាយ ប្រា​សាទ​កោះ​កេរ ប្រា​សាទ​ភ្នំដា ប្រា​សាទ​ភ្នំ​ឧដុង្គ និង​ប្រា​សាទ​ភ្នំ​គូ​លែន​ផង​ដែរ។ ប្រា​សាទ​ទាំង​នេះ ​មិន​ទាន់​មាន​ឯក​សារ​គ្រប់​គ្រាន់​ទេ ​ដោយ​មាន​ត្រឹម​តែឈ្មោះ​រាយ​នាមក​ក្នុង​អង្គការ UN​ESC​O ប៉ុណ្ណោះ​។ ​

បច្ចុប្បន្ន កម្ពុជា​មាន​សម្បត្តិ​បេតិ​កភណ្ឌ​ពិភព​លោក​ទាំង​អស់​៧​ ក្នុង​នោះ​ចែក​ជា​សម្បត្តិ​វប្ប​ធម៌​រូបី ​៣ និង​សម្បត្តិ​វប្ប​ធម៌​អរូបី​។ ទី១. តំបន់​អង្គរ​វត្ត (សម្បត្តិ​វប្បធម៌​រូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ ទី២. របាំ​ព្រះរាជ​ទ្រព្យ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ថ្ងៃទី​៧ ខែវិ​ច្ឆិកា ឆ្នាំ​២០០​៣​។ ទី៣. ល្ខោន​ស្រ​មោល​ស្បែក ឬ​ល្ខោន​ស្បែក​ធំ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ នៅ​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា ឆ្នាំ​២០០៥​។ ទី៤.​ប្រា​សាទ​ព្រះ​វិហារ​(រូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ថ្ងៃទី៧​ ខែកក្កដា​ ឆ្នាំ​២០០៩។ ទី៥​ ល្បែង​ទាញ​ព្រ័ត្រ (អរូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ នៅ​ថ្ងៃទី​២ ​ខែធ្នូ ​ឆ្នាំ ​២០១៥​ តែ​កម្ពុជា​ ជា​សមា​ជិក​មួយ​ក្នុង​ចំ​ណោម​៤​ប្រទេស ដែល​មាន​ល្បែង​ស្រ​ដៀង​គ្នា​នេះ រួម​មាន​ កូរ៉េ​ខាង​ត្បូង​ វៀត​ណាម និង​ហ្វីលីពី​ន​ផង​ដែរ​។ ទី៦.​ចាប៉ី​ដង​វែង​(អរូបី)៖​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ នៅ​ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦។​ ឧប​ករ​ណ៍​​ភ្លេង​បុរាណ​ខ្មែរ​១​នេះ ​ស្ថិត​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​អរូបី​ ដែល​ត្រូវ​ការ​សង្គ្រោះ​បន្ទាន់​។​ និង​ទី៧. ប្រា​សាទ​សំបូរ​ព្រៃ​គុក​ (រូបី)៖ ចុះ​ក្នុង​បញ្ជី​បេតិ​ក​ភណ្ឌ​ពិភព​លោក​ នៅ​ថ្ងៃទី​៨​កក្កដា ឆ្នាំ២០១៧។ ការ​សម្រេច​នេះ​ធ្វើ​ឡើង នៅក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​ពិភព​លោក​លើក​ទី​៤១​នៅ​ទី​ក្រុង ​Krakow ប្រ​ទេស​ប៉ូឡូ​ញ​៕