ទឹកកកឈូសកោះដាច់ល្បីលក់​ដាច់១ថ្ងៃ​១០០កែវ

0
3069

កោះដាច់៖ ក្រៅ​ពី​របរលក់​ដូរ​ផ្សេង​ៗ​ដែល​ទទួលបាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ដូចជា​ សិប្បកម្ម​តម្បាញ និង​របរ​ដាំដុះ​របស់​ប្រជាសហគមន៍​ របរ​លក់ទឹកកកឈូសក៏កំពុង​មាន​ទីផ្សារ​ដែរ​នៅ​ទឹកដី​រម្មណី​យ​ដ្ឋាន​​​កោះដាច់។

សម្បុរ​ស្រអែម កំពុង​ញាប់ដៃ​កិន​ទឹក​កកឈូស​ដោយ​ម៉ាស៊ី​ស្វ័យ​ប្រវត្ដិ អ្នក​ម៉ីង សាវៀន ដែល​ជា​អាជីវករ ​លក់​ទឹកកកឈូស ​នៅ​តាម​បណ្ដោយ​ផ្លូវ​ចុះ​ទៅ​កាន់​ ខ្យុក​កោះដាច់ បាន​ថ្លែង​ប្រាប់ Cambo​trip​news ឲ្យដឹង​ថា របរ​លក់​ទឹកកកឈូស​នេះ ជា​មធ្យម​អ្នកម៉ីង​ អាចលក់​ដាច់​ក្នុង​១ថ្ងៃ ជាង​១០០កែវ ហើយ​ក្នុង​១កែវ អ្នកម៉ីង​លក់​ក្នុង​តម្លៃ​១៥០០រៀល​។

បើ​តាម​ប្រសាសណ៍ អ្នក​ម៉ីង បាន​ឲ្យ​ដឹង​ថា របរ​លក់ដូរ​បន្ទិច​បន្ទួច​ដូច​ជាលក់ទឹក​កកឈូស​ជាដើម​នេះ ថ្វីត្បិត​តែ​មិន​សូវ​ទទួល​បាន​កម្រៃ​ច្រើន តែ​ក៏​មិន​ហត់​នឿយ​ ហើយ​សប្បាយ​ចិត្ដ​ថែមទៀត ព្រោះ​ជា​របរ​កើត​ចេញ​ពីកម្លាំង​ញើស​ឈាម​ខ្លួនឯង​។

អ្នក​ម៉ីន​ សាវៀន បន្ថែម​៖ «ថ្ងៃ​ធម្មតា​ខ្ញុំ​លក់​ដាច់​ប្រហែល​១០០កែវដែរ ប៉ុន្ដែ​បើ​ចំថ្ងៃគេ​សំរាកពីការងារ ឬថ្ងៃបុណ្យ​ផ្សេង​ៗអី ខ្ញុំ​លក់ដាច់ខ្លាំង​ជាងនេះ»។

ទឹក​កកឈូស​អ្នក​ម៉ីង ​សាវៀន មិន​មាន​គ្រឿង​ផ្សំ​អ្វីប្លែកនោះទេ អ្នកម៉ីង គ្រាន់​តែ​កូទឹកស្ករ និង​ប្រើ​ទឹក​សារ៉ូ និង​ទឹក​ដោះគោខាប់​បន្ទិច​ប៉ុណ្ណោះ​។

គួរ​បញ្ជាក់ថា កោះដាច់​ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​​ខ្លាំង​ឡើងៗពីមួយថ្ងៃទៅមួយ​ថ្ងៃ តាម​រយៈ​កា​រ​អភិ​វឌ្ឍ​តំបន់​​ទេសចរណ៍ប្លែកៗ​​ជាបន្ដបន្ទាប់ ពិសេសរម្មណីយដ្ឋាន​នេះ ស្ថិត​​នៅ​ជិត​ទីក្រុង​ភ្នំពេញ ដែល​ជា​ការអំណោយ​ផល​ចំពោះ​ទេសចរ​ក្នុង​ថ្ងៃ​សម្រាកពីការងារ​​៕

សូម​រីករាយ​ទស្សនាវីដេអូបន្ថែម​ខាង​ក្រោម​៖