ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលគ្រប់គ្នាស្គាល់ថាជា ឧទ្យានជាតិគិរីរម្យ (Kirirom National Park) ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចំងាយ១១២គ.ម ពីរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុ។ ឧទ្យានជាតិគិរីរម្យស្ថិតនៅក្នុងភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។
ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។ វាជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេស កម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង កាលពីក្នុងសម័យសង្គមរាស្ត្រនិយម។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងសត្វម្រឹគីម្រឹគាជាច្រើនអំបូររស់នៅទីនោះ៕