ឧទ្យានជាតិគិរីរម្យកន្លែងកំសាន្ដប្រវត្ដិសាស្រ្ដលើទឹកដីខេត្ដកំពង់ស្ពឺ

0
1267

ខេត្តកំពង់ស្ពឺ: ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ នៅ​ត្រង់​បង្គោល​គីឡូម៉ែត្រ​លេខ ៨៧ យើង​នឹង​ឃើញ​ផ្លូវ​បត់​ឆ្ពោះ​ទៅ​កាន់​ ឧទ្យានជាតិ​ព្រះ​សុរាម្រិត ឬ​ឧទ្យាន​ជាតិ​គិរីរម្យ​ ដែល​ធ្លាប់​ជា​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​មួយ​ដ៏​ល្បី​ នៅ​ប្រទេស​កម្ពុជា​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​ ហើយ​នេះ​ក៏​ជា​សមិទ្ធផល​មួយ​ដែល​បន្សល់​ពី​ស្នា​ព្រះ​ហស្ត​របស់​សម្តេច​ព្រះបាទ ព្រះ​នរោត្តមសីហនុ ផង​ដែរ។

រមណីយ​ដ្ឋាន​ឧទ្យាន​ជាតិ​គិរីរម្យ ត្រូវ​បាន​យាង​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​ដោយ​ សម្ដេច​ព្រះបាទ​នរោត្ដម​សីហនុ ជា​លើក​ដំបូង​តាម​រយៈ​ដំរី នៅ​ឆ្នាំ​១៩៤៤។ នៅ​គ្រា​នោះ​ព្រះអង្គ​ក៏​បាន​សព្វ​ព្រះ​រាជ​ហឫទ័យ នឹង​សម្រស់​ព្រៃ​ភ្នំ​ធម្មជាតិ​លម្អ​ដោយ​ដើម​ស្រល់​រេរា​ ទឹក​ជ្រោះធ្លាក់​ជា​អន្លើ​ និង​សត្វ​ម្រឹគីម្រឹគា​ជា​ច្រើន​អម្បូរ​ដែល​រស់​នៅ​ទីនោះ​។ ព្រះ​អង្គ​មាន​ព្រះ​រាជ​តម្រិះ​ថា៖ «ព្រៃ​ស្រល់​បែប​នេះ មាន​តែ​នៅ​ក្នុង​ប្រទេស​បារាំង​ប៉ុណ្ណោះ មិន​នឹក​ស្មាន​ថា​ព្រៃ​ស្រល់​នេះ​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឡើយ»។

ទ្រង់​ក៏បាន​រាជានុញ្ញាត​ឲ្យ​អ្នក​ជំនាញ​បច្ចេកទេស​សិក្សា និង​កំណត់​ឈ្មោះ​តំបន់​នេះ​ថា «ខ្ពង់រាប​គិរីរម្យ» ​និង​ត្រាស់​បង្គាប់​ឲ្យ​ នាយ​ដ្ឋាន​គង្គា​ និង​រុក្ខា​ប្រមាញ់​សាង​សង់​ព្រះរាជ​ដំណាក់ ​នៅ​ត្រង់​ចំណុច​អូរ​ខ្សាច់​ស ។ ក្រោយ​មក​ទៀត​ទ្រង់​ក៏​បាន​កសាង​ផ្លូវ និង​ស្ពាន​នានា​​ទៅ​ទូទាំង​តំបន់​គិរីរម្យ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​ ទេសចរណ៍។ ​

លុះ​ក្រោយ​មក​ទៀត​ ដោយ​អំណោយ​ផល​ទឹក​ជ្រោះ​ធ្លាក់​ជាច្រើន​អន្លើ​នោះ​ ព្រះបាទ នរោត្ត​ម សីហនុ ទ្រង់ក៏​បាន​ប្រែ​ក្លាយ​តំបន់​ព្រៃ​ភ្នំ​នោះ ​ទៅ​ជា​រោង​ចក្រ​អគ្គិសនី​គិរីរម្យ​មួយ​ទៀត​ ដែល​ធ្វើ​ឲ្យ​តំបន់​នោះ​ រឹត​តែ​មាន​ប្រជាប្រិយ​ភាព និង​មាន​សក្តានុពល​ខ្លាំង​ ប្រកួត​ប្រជែង​ជា​មួយ​នឹង​តំបន់​នានា​នោះ។

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​១៩៤៥​ ក្រោយ​ពី​ឧទ្យាន​ជាតិ​ព្រះសុរាម្រិ​តនេះ​ ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ដ៏​ស៊ី​វីល័យ​ ព្រះអង្គ​ក៏​បាន​យាង​ទៅ​គង់​ប្រថាប់​ នៅ​ដំណាក់​នៅ​អូរ​ខ្សាច់​ស​នោះ ​រយៈ​ពេល​៦​យប់​៦ថ្ងៃ ដើម្បី​ទត​មើល​ព្រៃ​ព្រឹក្សា​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង។

ជា​អកុសល​នៅ​ចុង ​ឆ្នាំ ១៩៤៩ តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​នោះ បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្មែរ​ឥស្សរៈ​រយៈ​ពេល ១​ឆ្នាំ ធ្វើ​ឲ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​មួយ​ចំនួន នៅ​ក្នុង​តំបន់​គិរីរម្យ​ត្រូវ​បាន​ដុត​បំផ្លាញ​ដោយ​ក្រុម​ប្រដាប់​អាវុធ។

ឧទ្យាន ជាតិ​ព្រះសុរាម្រិត ឬ​ឧទ្យាន​ជាតិ​គិរីរម្យ​ផ្តើម​មាន​មុខ​មាត់​ និង​បាន​បង្អួត​ភ្ញៀវ​ជាតិ និង​អន្តជាតិ​ជាថ្មី​ក្រោយ​ព្រះ​បាទ​នរោត្តម សីហនុ​ ទ្រង់​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង​ឆ្នាំ​១៩៥៣​។ ពេល​នោះ​ព្រះ​អង្គ​ក៏​បាន​រាជានុញ្ញាត​ឲ្យ​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ ចាប់​ផ្ដើម​ដំណើរ​ការងារ និង​សកម្មភាព​គ្រប់​គ្រង​ព្រៃ​ឈើ​របស់​ខ្លួន​ក្នុង​តំបន់​គិរីរម្យ​ឡើង​វិញ។

យ៉ាង ណាមិញ ឧទ្យាន​ជាតិ​សុរាម្រិត ឬ​ឧទ្យាន​ជាតិ​គិរីរម្យ​នេះ​ ត្រូវ​បាន​ប្រសិទ្ធិ​នាម​ឈ្មោះថ្មី​មួយ​ទៀត គឺ​ឈ្មោះ ​«ក្រុង​ជូឡុង​ ឬ​បុរីជូ​ឡុង» ដោយ​ហេតុ​ថា ​សម្ដេច​ចក្រី​ ញឹក ជូឡុង​ នៅ​ពេល​នោះ​គឺជា​សកម្មជន​ម្នាក់​ដ៏​សំខាន់​ក្នុង​ការ​រួម​វិភាគ​ទាន​ និង​ចលនា​ប្រជាជន​ ដើម្បី​ស្ថាប​នា​ទីក្រុង​ទេសចរណ៍​ដ៏​ប្រណីត​នេះ​ឡើង។ រៀងរាល់​ចុង​សប្ដាហ៍​គេ​ឃើញ​មាន​រថយន្ត​រាប់​រយ​គ្រឿង​បាន​ធ្វើ​ដំណើរ​ ទៅកាន់​តំបន់​នោះ។

យោង​តាម​កំណត់​ត្រាទស្សនាវដ្ដី កម្ពុជ​សុរិយា ​បោះពុម្ព​ឆ្នាំ​១៩៦៦ មាន​រថយន្ត​រហូត​ដល់​១១ ៥០០​គ្រឿង បាន​ធ្វើ​ដំណើរ​ទស្សនាចរ​ទៅ​តំបន់​នោះ ដោយ​រួម​ទាំង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​គណៈប្រតិភូ​ធំៗ​មកពី​ប្រទេស ​ចិន​ ឥណ្ឌូនេស៊ី និង​យូហ្គោស្លា​វី ជាដើម។

នៅ​ក្នុង​បរិវេណ​ ឧទ្យានជាតិ​គិរីរម្យ ឬ​បុរី​ជូឡុង​នេះ ក៏​មាន​ចម្ការ​តែ​ជា​ច្រើន​ហិកតា ​សួន​​ផ្កា​អ័រគី​ដេ​ វារីអគ្គិ​សនី​ សាល​ពិព័រណ៍​សម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ រោងចក្រ​ចំនួន​៣ និង​មាន​ព្រលាន​ឧទ្ធម្ភា​គចក្រ​ស្ថិត​នៅ​ជិត​អតីត​ព្រះរាជ​ដំណាក់​ ដែល​ត្រូវ​បាន​គេ​សាង​ឡើង​ក្នុង​រវាង​ឆ្នាំ​១៩៦២-៦៥។

លោក ទេព មាន អភិបាល​ស្រុក​ភ្នំស្រួច បាន​រំឭក​ផង​ដែរ​ថា៖ «ខ្ញុំចាំ​ថា រាជ​រដ្ឋាភិបាល​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ក៏​បាន​ចុះ​បញ្ជី រមណីយដ្ឋាន​គិរីរម្យ​ជា​ «ឧទ្យាន​ជាតិ​ព្រះសុរាម្រិត» ដែល​មាន​ផ្ទៃ​ដី​៣៥០០​ហិកតា តាម​ព្រះរាជ​ក្រឹត្យ​របស់​ព្រះ​ករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​នរោត្ដម​ សីហនុវរ្ម័ន ចុះ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៣»។

លោក​បាន​ឲ្យដឹង​ថា ឧទ្យាន​ជាតិ​នេះ​បាន​បើក​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​ ៥​ ខែ​មិថុនា ឆ្នាំ​១៩៩៥​ រហូត​មក​ដល់​បច្ចុប្បន្ន ។

លោក​អភិបាល ស្រុក​បាន​ប្រាប់​ថា៖​«សព្វ​ថ្ងៃ​ភ្ញៀវ​ដែល​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន គិរីរម្យ​នោះ គ្មាន​អ្វី​ក្រៅ​ពី​ដើរ​មើល​ព្រៃ​ភ្នំ​ដើម​ស្រល់​ និង​ទៅលេង​ទឹក​ឈូ​នៅ​តំបន់​នោះ​ដែល​មាន​តាំង​ពី​បុរាណ​នោះ​។ ដោយ​ឡែក​នៅ​កន្លែង​ដំណាក់​ស្តេច​អូរខ្សាច់​ស​នោះ​ក៏​មិន​មាន​អ្វី​ដែរ​ ក្រៅពី​ បន្សល់​នៅ​ជា​គ្រឹះ​នោះ​ និង​កន្លែង​ដែល​ទ្រង់​អាំងភ្លើង​នោះ»។

ដោយការ​ធ្វើ​ចរាចរណ៍​មិន​អំណោយ​ផល់​ចំពោះ​ភ្ញៀវ​ដែល​ចង់​ទៅ​ទស្សនា​នោះ ​លោក​អភិបាល​ស្រុក​ បាន​ប្រាប់​ថា​៖ «សព្វ​ថ្ងៃ​នៅ​រមណីយដ្ឋាន​គិរីរម្យ​នេះ​នៅ​ក្នុង​រដូវ​វស្សា​ស្ទើរ​តែ​មិន​ មាន​ភ្ញៀវ​ចូល​ទៅ​ទស្សនា​ ព្រោះ​ថា​ ផ្លូវ​ចូល​ដល់​កន្លែង​ដែល​ភ្ញៀវ​និយម​ទៅ​ងូត​ទឹក​នៅ​ក្នុង​​កន្លែង​ទឹក​ឈូ ទាំង​បីនោះ​ ខែ​វស្សា​មិន​ថា​តែ​ឡាន​ទេ សូម្បី​តែ​ម៉ូតូ​ក៏​ទៅ​ស្ទើរ​មិន​ដល់​ដែរ ព្រោះ​ថា​ផ្លូវ​ចូល​នោះ​ជា​ផ្លូវ​លំ និង​លិច​ទឹក​ទៀត​ផង​»។

លោក​ប្រាប់​ថា៖ ​«តំបន់​នេះ​នៅ​មាន​ភ្ញៀវ​ទៅ​ច្រើន​តែ​ថ្ងៃ​ចូល​ឆ្នាំ​ទេ ក្រៅ​ពី​នោះ​នៅ​មាន​ដែរ តែ​ក្នុង​ចំនួន​តិច​តួច​ទេ​ក្នុង​រដូវ​ប្រាំង​នោះ»​។​

លោក​អភិបាល​ ស្រុក​ ទេពមាន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​៖​ «កាល​ពី​ថ្មីៗ​មាន​ក្រុមហ៊ុន​បី​គេ​បាន​មក​សិក្សា​លើ​គម្រោង​អភិវឌ្ឍន៍ ឧទ្យាន​នេះ។ ក្រុមហ៊ុន​ទាំង​បី​នោះ​មួយ​មាន​ក្រុមហ៊ុន សុខ​គង់​សិក្សា​លើ​គម្រោង​ដី​ទំហំ​២ពាន់​ហិកតា ដើម្បី​អភិវឌ្ឍ​សំណង់​អគារ​អូតែល ក្រុមហ៊ុន​មួយ​ទៀត​មិន​ចាំ​ឈ្មោះ​ សិក្សា​លើ​គម្រោង​ដី​១ពាន់​ហិកតា​លើ​គម្រោង​ប្រមូល​ផល​ជ័រ​ស្រល់ និង​ក្រុមហ៊ុន​មួយ​ទៀត​គេ​សិក្សា​លើ​ចម្ការ​តែ​ប្រហែល​ជា​១ពាន់​ហិកតា​ ដែរ​»។

ប៉ុន្តែ​លោក​មិន​ទាន់​ច្បាស់​ថា ​គម្រោង​នោះ​នឹង​ចេញ​ជា​រូបរាង​យ៉ាង​ណា​នោះ​ទេ ដោយ​លោក​និយាយ​ថា៖ «អាជ្ញាធរ​ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ស៊ី​ជម្រៅ​ពី​ក្រុមហ៊ុន​ទាំង​បី​ នោះគេ​មក​ធ្វើ​ការ​អភិវឌ្ឍ​នេះ​យ៉ាង​ណា​ទេ ហើយ​ក្រោយ​ការ​អភិវឌ្ឍ រមណីយដ្ឋាន​មួយ​នេះ​អាច​ស្តារ​មុខ​មាត់​ឲ្យ​ល្បីដូច​សម័យ​សង្គម​រាស្រ្ត និយម​វិញ​ឬយ៉ាង​ណា​នោះ​ទេ»៕

ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​ ឬឧ​ទ្យាន​ជាតិ​គិរីរម្យ​នេះ ​ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ក្នុង​ឆ្នាំ​១៩៤០ ដោយ​នាយកដ្ឋាន​គង្គា និង​រុក្ខា​ប្រមាញ់ ដោយ​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ប្រមាណ​ ៨.៤០១​ហិកតា​ និង​ស្ថិត​នៅ​លើ​ខ្ពង់​រាប​មាន​រយៈ​កម្ពស់​ពី ៣០០ ទៅ​១ពាន់​ម៉ែត្រ​ពី​នីវ៉ូ​សមុទ្រ។