ក្រសួងប្រកាសបដិសេធរាល់ឯកសារកាន់កាប់ដីខុសច្បាប់នៅឧទ្យានជាតិព្រះសុរាម្រិត (គីរីរម្យ)

0
1581

ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រកាសបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ដូចជា ការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។

ការប្រកាសខាងលើនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិនេះ មានចលនាទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ទោះបីជាក្រសួង រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យអ្នកដែលបាននឹងកំពុងកាន់កាប់ដីដោយខុសច្បាប់ បញ្ឈប់សកម្មភាពទាំងអស់ (ការឈូសឆាយ និងការសាងសង់សំណង់នានា…) ជាបន្ទាន់ ហើយត្រូវរុះរើសំណង់គ្រប់ប្រភេទដោយខ្លួនឯង និងប្រគល់ទីតាំងដីទាំងនោះ ដោយឥតលក្ខខណ្ឌ ឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។

ទន្ទឹមនឹងនេះ ក្រសួងក៏បានណែនាំឱ្យរដ្ឋបាលមូលដ្ឋាន ជាពិសេសភូមិ ឃុំ និងស្រុក បញ្ឈប់ជាបន្ទាន់នូវការបញ្ជាក់លើលិខិត ទិញ-លក់ដីរដ្ឋ ផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គីរីរម្យផងដែរ៕