ចៅ គុណសាង៖ ខឹងចិត្ត គ្រាន់តែចំប៉ើងខ្មែរទិញគេដែរ មកបើកអាជីវកម្មលក់ចំប៉ើងរកចំណូលពាន់ដុល្លារ

0
968

លោក ចៅ គុណសាង សព្វថ្ងៃជាម្ចាស់អាជីវកម្មលក់ចំប៉ើង ដែលមកដល់ពេលនេះបើកទីតាំងលក់បានពីរ​កន្លែងហើយ​នៅស្រុកខ្មែរ។

ស្ថាបនិក​រូបនេះបានបង្ហើបថា លោកបើកអាជីវកម្មនេះ គឺដើម្បីបំពេញ​តម្រូវ​ការ​របស់​កសិដ្ឋានចិញ្ចឹមគោ និងបណ្តុះផ្សិត ព្រោះលោកយល់ឃើញថាអាជីវកម្មទាំងពីរនេះ នឹងរីកចម្រើន​ខ្លាំងនាពេលខាងមុខ។

អាជីវកម្មលក់ចំប៉ើងនៅស្រុកខ្មែរហាក់មិនទាន់មានអ្នកចាប់អារម្មណ៍ធ្វើច្រើននៅឡើយទេ ខណៈតម្រូវការ សម្រាប់កសិដ្ឋានចិញ្ចឹមគោជាច្រើនត្រូវការ ហើយចាយលុយទិញចំប៉ើងពីប្រទេសជិតខាង​ចន្លោះចាប់ពី​៨,០០០រៀល ​​ទៅ៩,០០០រៀល​ឯណោះក្នុង​១ដុំនៅរដូវវស្សារ។ ​

លោក ចៅ គុណសាង បច្ចុប្បន្នអាយុ២៥ឆ្នាំ បានបញ្ចប់ការសិក្សារផ្នែកក្សេតសាស្រ្តនៅ​សាកលវិទ្យា​ល័យ​មានជ័យ។ បន្ទាប់ពីបញ្ចប់ការសិក្សាលើមុខវិជ្ជាសិក្សាពីរុក្ខជាតិ ស្ថាបនិករូបនេះ បានចាប់ផ្តើម​ចេញរកស៊ីតែម្តង ក្រោយមើលឃើញថា ចំប៉ើងនៅស្រុកខ្មែរនៅមិនទាន់មាន​អ្នកធ្វើអាជីវកម្ម​ច្រើន​នៅឡើយ ខណៈកសិដ្ឋានធំៗមួយចំនួនត្អូញថា ទិញចំប៉ើងពីប្រទេសជិតខាងក្នុងតម្លៃខ្ពស់។

ម្ចាស់អាជីវកម្មវ័យ២៥ឆ្នាំរូបនេះ បានប្រាប់ Business Cambodia ថា ក្រោយបានចូលរួមរៀបចំ​បុណ្យចំប៉ើង​៣ឆ្នាំជាប់ៗគ្នាជាមួយជនជាតិកូរ៉េ លោកបានធ្វើការងារជាច្រើនទាក់ទងនឹងចំប៉ើង។ បទពិសោធន៍ការងារទាំងនេះហើយ ជម្រុញអោយលោកហ៊ានចេញរកស៊ី ដោយប្រមូលប្រាក់សន្សំពី​ការងារ​​ក្រៅ​ម៉ោង​ជា​មួយ​ជនជាតិ​កូរ៉េផង ទុនមួយចំនួនពីមិត្តភក្តិផង និងខ្ចីលុយពីឪពុកម្តាយបន្ថែមផង ​សរុប​ជាង១ ម៉ឺនដុល្លារអាមេរិក សម្រាប់បើកដំណើរការអាជីវកម្មថ្មីប្លែកមួយនេះ។

លោកបន្ថែមថា លោកទើបចាប់ផ្តើមចេញរកស៊ីរបរនេះកាលពីចុងឆ្នាំមុនប៉ុណ្ណោះ បើគិតមកដល់​ពេលនេះ លោកដំណើរការលក់​ចំប៉ើងបានជិត៣ខែមកហើយ និងលក់ចំប៉ើងបានចំនួនជាង២ពាន់ដុំ ដោយក្នុង១ដុំ​អាចលក់បាន​តម្លៃ៤​,០០០រៀលនៅខេត្តបាត់ដំបង និង ៥,០០០រៀលនៅខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះដែរ លោក គុណសាង បានបង្ហើបថា លោកគ្រោងបើកទីតាំងបន្ថែមមួយទៀត​នៅភូមិដីឥដ្ឋ ស្ថិតក្នុងខេត្តកណ្តាល ខណៈអតិថិជនពីភ្នំពេញ និងខេត្តជាប់ភ្នំពេញ​ជាច្រើន​ត្រូវការចំប៉ើងសម្រាប់កសិដ្ឋានចិញ្ចឹមគោផងដែរ។

យ៉ាងណាមិញ និស្សិតផ្នែកកសិកម្មរូបនេះ បានលើកឡើងពីបញ្ហាមួយចំនួនក្នុងអាជីវកម្មមួយនេះ​ លំបាកត្រង់ថា លោកនៅខ្វះមធ្យោបាយដឹកជញ្ជូន ព្រោះចំប៉ើងត្រូវការរថយន្តធំៗទើបអាចដឹក បានច្រើន។ បញ្ហាមួយទៀត គឺការស្តុកទុកនៅមានចន្លោះប្រហោង ខណៈចំប៉ើងត្រូវការឃ្លាំងធំ សម្រាប់ផ្ទុក និងមិនអាចត្រូវទឹកបានទេ៕