ពីមួយឆ្នាំទៅមួយឆ្នាំ កំណើនភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជាកាន់ច្រើនឡើងៗគួរឲ្យគត់សម្គាល់។ កំណើនទាំងនេះបានធ្វើឱ្យកម្ពុជាមានតម្រូវការមគ្គុទេសក៍ទេសចរណ៍ជាង1ម៉ឺននាក់បន្ថែមទៀតសម្រាប់បម្រើក្នុងវិស័យនេះ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញជំនាន់ទី24 កាលពីចុងសប្តាហ៍មុន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា មគ្គុទ្ទេសក៍ទេសចរណ៍ជាទូតនាំសារនូវវប្បធម៌ អរិយធម៌ និងកិត្យានុភាពរបស់ជាតិទៅកាន់ភ្ញៀវទេសចរដោយផ្ទាល់។
ដូច្នេះមគ្គុទេ្ទសក៍ទេសចរណ៍ត្រូវចងចាំថា «អត្តសញ្ញាណរបស់អ្នក ជាអនាគតរបស់អ្នក»។ សំដៅឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ និងមានអត្តចរិតស្លូតបូត ចូលរួមចំណែកលើកកម្ពស់អត្តសញ្ញាណជាតិ ដែលនឹងនាំមកនូវអនាគតប្រសើរដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកដោយនិរន្តរភាព និងការទទួលខុសត្រូវ។
ឯកឧត្តមបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងគោរពឲ្យបាននូវក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ នៅពេលប្រកបវិជ្ជាជីវៈមគ្គុទ្ទេសក៍ទេសចរណ៍ និងជៀសវាងឲ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប្រាស់ចាកពីសីលធម៌សង្គម និងអនុក្រឹត្យស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍។
សូមរំលឹកថា វិស័យទេសចរណ៍កម្ពុជាបានចូលរួមចំណែកប្រមាណ ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) និងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងកំណើន ១១,៨%។ តាមការព្យាករណ៍ ទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ឧស្សាហកម្មទេសចរណ៍នឹងបង្កើតឱកាសការងារផ្ទាល់ប្រមាណ ១លាននាក់ និងប្រមាណ ១,២លាននាក់ នៅឆ្នាំ២០២៥ ព្រមទាំងប្រមាណ ១,៧លាននាក់ នៅឆ្នាំ២០៣០។
បច្ចុប្បន្ន កម្ពុជាមានមគ្គុទ្ទេសក៍ទេសចរណ៍ជាង ៥.០០០នាក់ និងមានតម្រូវការប្រមាណ ១ម៉ឺននាក់ បន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាង៧លាននាក់ នៅឆ្នាំ២០២០៕