មាន សូនីតា នាំ​យក​ផលិតផល​ច្នៃ​ពី​ក្រមាស្នាដៃ​ស្ត្រី​ខ្មែរទៅ​បង្អួត​នៅ​ប៉ារីស

0
846

ភ្នំពេញ៖ តារាស្រីលេចធ្លោរខ្លាំង តាមរយៈការគ្រងតំណែងជាតួឯកក្នុងរឿង «ផ្កាថ្ម» គឺ​កញ្ញា មាន សូនីតា ក្រៅពីការងារសិល្បៈដ៏មានប្រជាប្រិយភាពហើយនោះ នាងកំពុងមមាញឹកខ្លាំង នឹងមុខរបរផ្ទាល់ខ្លួន។ តារាស្រី​រូបនេះ ត្រូវបានគេដឹងថា ជាថៅកែស្រីវ័យក្មេងកាន់កាប់ជំនួញពីរក្នុងដៃស្របពេលតែមួយ គឺជាម្ចាស់​ហាង​សម្លៀក​បំពាក់ «ផ្ទះស្រឡាញ់» និងហាង «មីក្រហម»។

អ្វីដែលទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឺថ្មីៗនេះ មាន សូនីតា បាននាំយកផលិតផលច្នៃពីក្រមា ដែលជា​ផ្នែក​មួយនៃ អត្តសញ្ញាណខ្មែរ និងជាស្នាដៃស្រ្តីខ្មែរផលិត ដោយដៃ ទៅបង្ហាញ​ដល់មហាជននៅប្រទេសបារាំង ក្នុងការ​តាំងពិព័រណ៍ «មរតកខ្មែរ»។

ជាការពិតតាមរយៈវីដេអូ ដែល​ត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែករំលែកតៗគ្នាថ្មីៗនេះ គឺបាន​បង្ហាញពីសកម្មភាព របស់តារាសម្តែងស្រី មាន សូនីតា កំពុងស្ថិតនៅកន្លែងតាំងពិព័រណ៍មួយ នៅទីក្រុងប៉ារីស ប្រទេសបារាំង ជាមួយនឹងផលិតផល ដែលជាស្នាដៃស្រ្តីខ្មែរច្នៃចេញពីក្រមាជាច្រើន។ ក្នុងនោះមានដូចជា សម្លៀក​បំពាក់ កន្សែងបង់ក ប្រដាប់គៀបសក់ កាបូប និងគ្រឿងប្រើប្រាស់ជាច្រើនទៀត។

សកម្មភាពទាំងនេះ ត្រូវបានគេដឹងថា ជាផ្នែកមួយក្នុងការផ្សព្វផ្សាយ ឲ្យបរទេសបានស្គាល់ផលិតផលខ្មែរ ដែលជា​ក្រមាធ្វើដោយស្នាដៃស្រ្តីខ្មែរពិតៗ។ លើសពីនេះ វាជាកត្កាមួយ ធ្វើឲ្យក្រមាខ្មែរមានទីផ្សារកាន់តែច្រើន និងជួយ​ឲ្យស្រ្តីខ្មែរមានការងារមួយ ដ៏សមរម្យសម្រាប់ធ្វើនៅប្រទេសកំណើត ដោយ​មិនចាំ​បាច់​មាន​ចំណាក​ស្រុក។

ភ្ជាប់ជាមួយវីដេអូ កញ្ញា មាន សូនីតា បានសរសេរសារ ​មានខ្លឹមសារយ៉ាងដូច្នេះថា «ដំណើរដ៏វែងឆ្ងាយពី​កម្ពុជា មកដល់ប៉ារីស ហើយសូមអរគុណបងប្អូន នៅបារាំងសំរាប់ការគាំទ្រ ក្រមាខ្មែរ ពិសេសផ្តល់ឱកាសឲ្យមាន វត្ត​មាន​ផ្ទះស្រឡាញ់ នៅទីនេះជាមួយស្បែកធំ និង​ក្រមាខ្មែរ»។

យ៉ាងណាមិញ តាមរយៈសកម្មភាពដែលធ្វើឲ្យទស្សនិកជន លើកសរសើរមិនដាច់ពីមាត់នោះ កញ្ញា មាន សូនីតា មិនត្រឹមតែយកក្រមាទៅតែមួយមុខទេ គឺបានភ្ជាប់ទៅជាមួយស្បែកធំ ដែលបង្ហាញពីសិល្បៈល្ខោនស្រ​មោល​របស់​ខ្មែរទៀតផង។ ជាមួយគ្នានេះ នាងបានច្នៃម៉ូតសម្លៀកបំពាក់ ជាមួយនឹងស្បែកធំយ៉ាងស្រស់ស្អាត ដើម្បី​ឲ្យបងប្អូនខ្មែរនៅប៉ារាំងបានស្គាល់ ជាពិសេសភ្ញៀវបរទេសតែម្តង៕