ភ្នំពេញៈ ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរ ត្បាញហូល ផាមួង នៅកោះដាច់ កំពុងត្អូញត្អែរ ចំពោះតម្លៃអំបោះសូត្រឡើងថ្លៃ នាប៉ុន្មានខែចុងក្រោយដើមឆ្នាំ២០១៨នេះ។
អ៊ុំស្រី បូ សុខ វ័យ៦២ឆ្នាំ ជាប្រជាពលរដ្ឋរសនៅសង្កាត់កោះដាច់ និងជាពលរដ្ឋប្រកបរបរត្បាញហូល ផាមួងនេះ តាំងពីដើមរហូតតកូនតចៅមកដល់បច្ចុប្បន្ន បានត្អូញត្អែរចំពោះតម្លៃតម្លៃអំបោះសូត្រ ដែលឡើងថ្លៃយ៉ាងគំហក់ ធ្វើឲ្យរបរដែលអាចចិញ្ចឹមគ្រួសាររបស់ពួកគាត់នេះ កុំពុងប្រឈមប្របញ្ហា។
អ៊ុំស្រីបានប្រាប់ពាណិជ្ជកម្មកម្ពុជា កាលពីសប្ដាហ៍មុនថា កាលពីឆ្នាំ២០១៧ តម្លៃអំបោះសូត្រ មួយដុំដែលមានទម្ងន់ជាង១គីឡូក្រាម លក់ក្នុងតម្លៃត្រឹម១០០ដុល្លារប៉ុណ្ណោះ តែប៉ុន្មានខែឆ្នាំក្នុងថ្មីនេះ តម្លៃអំបោះសូត្រហក់ឡើងរហូតដល់១៥០ដុល្លារក្នុងមួយដុំ។
ការត្បាញសូត្រ ឲ្យក្លាយទៅជាសម្លៀកបំពាក់ មិនមែនជាការងារងាយស្រួលនោះទេ តាមការឲ្យដឹកពីអ៊ុំស្រី និងប្រជាពលរដ្ឋនៅកោះដាច់ ទម្រាំត្បាញបានសំពត់ ឬហូល ផាមួង ចេញជារូបរាង មួយៗ ត្រូវចំណាយពេល ពី១សប្ដាហ៍ ទៅ១០ថ្ងៃ ហើយត្រូវអង្គុយត្បាញពេញៗ១ថ្ងៃថែមទៀត។
ទាក់ទិនចំពោះតម្លៃអំបោះសូត្រកំពុងឡើងថ្លៃនេះ អ៊ុំស្រី សុខ បានឲ្យដឹងថា ព្រោះប្រជាពលរដ្ឋមិនមែនជាអ្នកចិញ្ចឹមដង្កូវនាង ធ្វើសូត្រដោយខ្លួនឯង ហើត្រូវទៅទិញបន្ដពីឈ្នួញនៅភ្នំពេញ ទើបតម្លៃគេចង់ឡើងពេលណាក៏បាន។
ព្រោះបញ្ហាញតម្លៃអំបោះឡើងថ្លៃនេះ ប្រជាពលរដ្ឋមួយចំនួននៅកោះដាច់ដែលធ្លាប់តែប្រកបរបរត្បាញហូល ផាមួង កំពុងសម្រេចចិត្ដបោះបង់របរប្រពៃណីនេះជាបណ្ដើរៗហើយ។
គួរបញ្ជាកថា ការស្លៀកពាក់របស់នារីខ្មែរ គឺសំពត់ហូល ផាមួង ដែលហូលនោះត្បាញចេញពីសសៃ(សូត្រ) របស់ដង្កូវ (នាង) [ព្រះនាងនាគ]។
ដង្កូវនាងខិតខំបញ្ចេញសូត្ររបស់ខ្លួនអស់ពីរាងកាយ ដើម្បីអោយកូនខ្មែរបានស្អាតបាត មានសោភ័ណ សុខចិត្តរុំព័ទ្ធក្នុងសំណាញ់សូត្ររហូតអស់សង្ខារ។ សូត្រដែលមានមក ត្រូវបានត្បាញចេញជាហូល ដែលមានក្រឡាគោម តំណាងអោយស្រកានាគ ដែលសំគាល់អត្តសញ្ញាណខ្មែរ។
កាលបើនារីខ្មែរនៅប្រកាន់ភ្ជាប់ការស្លៀកពាក់បែបប្រពៃណីនោះ វប្បធម៌ខ្មែរនៅតែពណ្ណរាយជាដរាប។ យុវជនក៏អាចយកសាច់សូត្រនោះ មកធ្វើជាអាវបានដែរ។
បច្ចុប្បន្នអ្វីដែលបានប្រទះនោះ គឺមានតែពិធីបុណ្យចូលឆ្នាំ និង បុណ្យភ្ជុំបិណ្យ ឬ បុណ្យសាសនាតិចតួច ប៉ុណ្ណោះដែលប្រទះឃើញកូនខ្មែរជំនាន់ក្រោយ ស្លៀកហូល ពាក់អាវប៉ាក់៕