ដំណាំកៅស៊ូជាង ៦៤% នៃផ្ទៃដីដាំដុះសរុប កើបលុយឲ្យកម្ពុជាបានជាង ៣០០ លានដុល្លារ

0
2229

ភ្នំពេញ៖ ក្នុងឆ្នាំ២០១៧​ កន្លងទៅ ប្រាក់ចំណូល​លក់ជ័រកៅស៊ូបាន​រហូត​ដល់ជិត ​៣០០​​លាន​ដុល្លារ ដែល​​ចំណូលនេះពិតជាបានរួម​ចំណែក​​​យ៉ាងធំធេង​ក្នុងការ​ទ្រទ្រង់​​កំណើនសេដ្ឋ​កិច្ច​​ក្នុង​រង្វង់​​ ៧%​។

ឯកឧត្តម ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងថាផ្ទៃដីដាំសរុបជាង ៤៣ម៉ឺនហិចតា ក្នុងនោះប្រហែល ៦៤%ជាដីកៅស៊ូកសិឧស្សាហកម្ម ផ្ទៃដីកៅស៊ូចៀរជ័រមាន ១៧ម៉ឺនហិចតា។ ចំណែករោងសិប្បកម្មកែច្នៃមានចំនួន ១៣៩ ផលិតកៅស៊ូស្ងួតបានជាង១៩ ម៉ឺនតោន។

ក្នុងនោះកៅស៊ូធម្មជាតិគឺជា​ដំណាំយុទ្ធសាស្រ្ត​ដែល​ផ្តល់​ពហុ​ប្រយោជន៍ជាច្រើនដល់អ្នកដាំ ដល់​​សេដ្ឋ​កិច្ច​ជាតិ សង្គមបរិស្ថាន​ និងចូលរួមលើកកម្ពស់ប្រាក់​ចំណូល​សេដ្ឋ​កិច្ច​​​​ ​និង​ចូលរួម​កាត់បន្ថយ​ភាព​ក្រី​ក្រ តាមរយៈ​ការ​បង្កើត​​ការងារ មុខរបរ កាត់បន្ថយ​ចំណាក​ស្រុក ផ្តល់​ឈើ​សម្រាប់​ប្រើ​ប្រាស់​​ជាគ្រឿង​សង្ហារឹម ជាគម្របព្រៃឈើ ចូលរួម​ថែរ​ក្សា​លំ​នឹង​បរិស្ថាន និងកាត់បន្ថយបម្រែបម្រួល​អាកាសធាតុ ហើយកៅស៊ូធម្មជាតិក៏បានទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋាភិបាលផងដែរ​ ។

ជាមួយគ្នានេះឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានលើកឡើងអនុសាសន៍បន្ថែមដូចជា ការធ្វើបច្ចុប្បន្នភាពផែនការ យុទ្ធសាស្រ្ត​សម្រាប់អភិវឌ្ឍ​កៅស៊ូឱ្យបានសមស្រប យក​ចិត្ត​ទុក​ដាក់ខ្ពស់​ចំពោះ​ទី​ផ្សារ​​នាំចេញផលិតផលកៅស៊ូ សិក្សា​បន្ថែមលើ​ការងារ​ស្រាវ​ជ្រាវ​​បច្ចេក​ទេស ការពង្រីកទី​តាំង​​ស្ថានីយនិងមន្ទីរ​ពិសោធន៍ ​បង្កើន​សមត្ថ​ភាព​ស្រាវ​​ជ្រាវ ​ផ្សព្វ​ផ្សាយ បង្ហាញនិងផ្ទេរ​បច្ចេក​វិទ្យា​ ពង្រឹងសហគមន៍​កសិករ​កៅស៊ូគ្រួសារ​ដើម្បី​​​បង្កើត​​​កា​លា​នុវត្តភាពក្នុង​ការការពារ​ផល​ប្រយោជន៍​របស់​កសិករ​ទាំង​ការដាំដុះ ការយកផល ការកែច្នៃ និង​​អំណាច​នៃ​​​ការចរ​ចា​ថ្លៃ​ពេល​លក់​ផលិតផល ជាដើម ៕