អ្នកនាំចេញអង្ករពន្យល់គន្លឹះដែលអង្ករកម្ពុជា នៅតែអាចនាំចេញទៅអឺរ៉ុប ដោយមិនគិតពន្ធ

0
882

ភ្នំពេញៈ​ ការយកពន្ធលើអង្ករកម្ពុជាពីអឺរ៉ុប បានក្លាយជាប្រធាទបទក្តៅសម្រាប់សង្គមកម្ពុជា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយមតិខ្លះ បានភ្ជាប់ការយកពន្ធនេះ ទៅជារឿងនយោបាយ និងជាមួយពន្ធដែលអឺរ៉ុបកំពុងផ្តល់ឲ្យកម្ពុជា អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (Everything But Arms) ជាដើម ប៉ុន្តែត្រូវបានក្រសួងពាណិជ្ជកម្ម ចេញមកទាត់ចោល ដោយអះអាងថា មិនមែនរឿងនយោបាយ ឬក៏ EBA ឡើយ គឺជាវិធានការការពារពាណិជ្ជកម្មអង្ករ របស់ប្រទេសជាសមាជិកអឺរ៉ុបប៉ុណ្ណោះ។

បើតាមក្រសួងពាណិជ្ជកម្មវិធានការតបតនឹងការដក ការអនុគ្រោះពន្ធនាំចេញអង្ករទៅអឺរ៉ុបនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើប្រាស់វិធីកាត់បន្ថយថ្លៃដើមនៃការផលិត និងការនាំចេញ ដើម្បីសម្រួលជួយដល់អ្នកធ្វើធុរកិច្ច និងវិធានការបន្ទាប់ គឺ ប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងនាមកម្ពុជាជាសមាជិកអង្គការនេះ ដើម្បីឲ្យរកខុសត្រូវ ដោយហេតុផលថា អឺរ៉ុបលើកទឹកចិត្តឲ្យកម្ពុជា នាំចេញអង្ករក្រអូបទៅប្រទេសរបស់ពួកគេ ដើម្បីរួចពន្ធ ប៉ុន្តែនៅពេលកម្ពុជានាំចេញបានច្រើន បែរជាយកពន្ធពីកម្ពុជាទៅវិញ។ ជាពិសេសអង្ករកម្ពុជា នាំទៅអឺរ៉ុបនោះ ប្រហែល៨០ភាគរយ គឺជាអង្ករក្រអូប ដែលប្រទេសនៅអឺរ៉ុបមិនអាចផលិតបាន។

ពាក់ព័ន្ធនឹងបញ្ហានេះ បន្ទាប់ពីបានបញ្ចេញទស្សនៈរបស់ខ្លួន ដោយវាយតម្លៃថា ប្រជាជនអឺរ៉ុបជាអ្នកខាតបង់ធំជាងគេ ដោយសារត្រូវទិញអង្ករក្នុងតម្លៃជាងមុននោះ, នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះ លោក សុង សារ៉ន អ្នកនាំចេញអង្ករដ៏ល្បីរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ជាអគ្គនាយកក្រុមហ៊ុន Amru Rice បានប្រាប់បណ្តាញព័ត៌មាន Fresh News ដោយពន្យល់ពីផ្លូវមួយចំនួន ដែលអាចឲ្យអង្ករកម្ពុជា នាំចេញទៅអឺរ៉ុបនៅតែមិនជាប់ពន្ធដដែល។

លោកបានលើកឡើងពីផ្លូវ២ ដែលកម្ពុជា អាចនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធ ដែលផ្លូវទី១ គឺកម្ពុជាអាចនាំចេញអង្ករពាក់កណ្តាលស្រេច ទៅកាន់ប្រទេសអឺរ៉ុប។ អ្នកទិញនៅអឺរ៉ុបនឹងធ្វើការកែច្នៃ ទៅជាអង្ករសម្រេច ទើបលក់ទៅទីផ្សារ និងអ្នកហូប។

ចំពោះផ្លូវទី២ គឺនាំចេញតាមប្រព័ន្ធ Tarif Rate Quota (TRQ) ដោយក្រុមហ៊ុននៅអឺរ៉ុបអាចបញ្ជាទិញពីកម្ពុជា នូវផលិតផលសម្រេចទៅលក់នៅអឺរ៉ុបបាន។ ប៉ុន្តែតាមប្រព័ន្ធនេះ នៅមានចំនួនតិចតួចប៉ុណ្ណោះ។ ក្នុងចំណោមអង្ករដែលនាំចូលទៅអឺរ៉ុប ១.២លានតោន មានតែ១០ម៉ឺនតោនប៉ុណ្ណោះ ដែលអាចបញ្ជាទិញតាមប្រព័ន្ធនេះ ហើយមានប្រទេសជាច្រើនក៏បញ្ជាទិញតាមប្រព័ន្ធ TRQ នេះដែរ។ ចំពោះកម្ពុជាទទួលបានប្រហែល១០ភាគរយប៉ុណ្ណោះ។

លោកបញ្ជាក់ថា វិធានការបស់សហគមន៍អឺរុប EU Safeguard Clause measure on Cambodia and Myanmar Rice មានចំនួន១៦ទំព័រ។ កម្ពុជាអាចខាតតិចតួច ប្រសិនបើរាជរដ្ឋាភិបាលជួយបង្កើនភាពប្រកួតប្រជែង (កាត់បន្ថយថ្លៃដើម) តែខាងអ្នកហូបនៅ EU ជាអ្នកចំណាយច្រើនជាងមុន។ សហគមន៍អឺរុប ចង់ឲ្យយើងដូរប្រព័ន្ធលក់ដូរអង្ករ ដោយមិនចង់ឲ្យលក់ផ្ទាល់ដល់ទីផ្សារ ឬអ្នកហូប។

លោក សុង សារ៉ន បញ្ជាក់ថា «គោលដៅធំរបស់សហគមន៍អឺរុប ចេញវិធានការនេះ (យកពន្ធអង្ករកម្ពុជា និងមីយ៉ាន់ម៉ា) គឺទប់ទល់មិនឲ្យរោងម៉ាស៊ីន រោងចក្រវិចខ្ចប់ កសិកររបស់គាត់ (អ៊ីតាលី អេស្បាញ) ដួលរលំ។ កន្លងមកនេះយើងលក់អង្ករសំរេច យកអតិថិជនគាត់តែម្តង។ ហើយវិធានការនេះ នៅតែទុកពន្ធសូន្យដដែល ប្រសិនបើកម្ពុជាធ្វើជំនួញអង្ករជាមួយរោងម៉ាស៊ីន និងរោងចក្រកែច្នៃគាត់ (EU) មានន័យថា យើងធ្វើពាក់កណ្តាលសំរេច។ ហើយប្រសិនបើយើងលក់ឲ្យឈ្មួញកណ្តាលសម្រេចឲ្យគាត់ តើអ្នកហូបអង្ករនៅ EU ត្រូវទិញថ្លៃជាងមុន ឬ អត់? ពីមុនកម្ពុជាយើងលក់ផលិតផលអង្ករសំរេចដល់អ្នកហូបតែម្តង។ ប្រសិនបើអ្នកទិញអង្ករសំរេចត្រូវជាប់ពន្ធ២០០ដុល្លារក្នុងមួយតោន តែក៏នៅមានឱកាសបានពន្ធសូន្យដដែល ប្រសិនបើគាត់ដាក់ពាក្យទិញតាម ប្រពន័្ធ TRQ»។

អ្នកនាំចេញរូបនេះលើកឡើងទៀតថា «យើងកំពុងផ្ញើសំណាក់អង្ករពាក់កណ្តាលសំរេច និងប្រភេទអង្ករសំរេចផ្សេងទៀតដែលពន្ធសូន្យ (ព្រោះសហគមន៍អឺរុប ដាក់ផលិតផលអង្ករកម្ពុជាតែ៤មុខប៉ុណោះឲ្យជាប់ពន្ធ) ឲ្យគាត់ពិនិត្យ។ ខ្ញុំមានជំនឿថា យ៉ាងយូរចុងខែកុម្ភៈ យើងចេញអង្ករទៅ EU ធម្មតាដោយមិនជាប់ពន្ធ។ តែបរិមាណនាំចេញទៅទីផ្សារសហគមន៍អឺរុប នឹងថយចុះក្នុងឆ្នាំ២០១៩, ២០២០ និង២០២១នេះ ដោយសារអ្នកអតិថិជន/ទីផ្សារនឹងអាចទិញពីប្រទេសផ្សេង ព្រោះគាត់ត្រូវទិញអង្ករសំរេច ហើយត្រូវជាប់ពន្ធដូចអង្ករប្រទេសផ្សេងដែរ។ សូមអ្នកទាំងអស់ កុំបំពុលបរិយាកាស ធ្វើឲ្យស្រូវចុះថ្លៃ»។

ជាមួយគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមួយ បានលើកឡើង ការយកពន្ធអង្ករកម្ពុជា ពីអឺរ៉ុមមិនមែនជាវិធានការដល់ថ្នាក់សម្លាប់កសិករខ្មែរនោះទេ។

លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចមួយរូបបានយល់ឃើញថា «ខ្ញុំយល់ឃើញថា ដូចជាមិនធ្ងន់ធ្ងរពេកទេ។ អឺរ៉ុបមិនអាចសម្លាប់កសិករខ្មែរតាមរបៀបនេះទេ។ បើគេឆ្ងាញ់នឹងអង្ករខ្មែរ គេក៏ទំនងជានៅតែទិញដដែល ទោះបីជាថ្លៃជាងមុនបន្តិចក៏ដោយ។ ប៉ុន្មានខែទៀតនឹងដឹងច្រើនហើយ»។

លោកបន្តថា «កម្ពុជាអាចដោះស្រាយបាន ប្រសិនបើរដ្ឋជួយបន្ថែមដល់វិស័យស្រូវអង្ករ ដូចជាជួយបន្ថយថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនស្រូវ បន្ថយថ្លៃកំពង់ផែ កសាងផ្លូវរឹងមាំនៅតាមជនបទ និងមិនយកពន្ធកាត់ទុកប្រចាំខែ។ ការកាត់បន្ថយថ្លៃដើម នឹងជំរុញឱ្យអង្ករកម្ពុជា កាន់តែមានភាគប្រជែងឈ្នះនៅលើទីផ្សារផ្សេងៗ ក្រៅពីអឺរ៉ុបផងដែរ។ កសិករអាចលក់ស្រូវអ៊ីអ៊ែរឱ្យវៀតណាមដូចសព្វដង ឬអាចត្រូវបានជួយឱ្យផលិតស្រូវក្រអូបវិញ»។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូងតម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសសមាជិកអឺរ៉ុប ដែលផលិតអង្ករ សម្រាប់លក់ក្នុងតំបន់អឺរ៉ុបផងដែរ។ ការសម្រេចយកពន្ធនេះ អាចធ្វើឱ្យកម្ពុជាខាតបង់ប្រមាណ៥០លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំ៕

 

ប្រភព៖ Fresh News