«អង្ករផ្កាម្លិះ»ទទួលស្គាល់ជាអន្តរជាតិលើម៉ាកសញ្ញា «ម្លិះអង្គរ» «MALYS ANGKOR»

0
1214

ភ្នំពេញ៖ ជាមោទនភាពថ្មី១ទៀតរបស់កម្ពុជា នៅ​ថ្ងៃទី​២២ ​ខែមករា​នេះ ​កម្ពុជា​បានសម្រេច​សម្ពោធ​ម៉ាក​វិញ្ញាតកម្ម​អង្ករ «​ម្លិះ​អង្គរ​» «MALYS ANGKOR» ដែលជាម៉ាកសញ្ញា​សម្គាល់​ពីផលិត​ផល​របស់​ខ្មែរជាលក្ខណៈសកល។

ការសម្រេចបាន នូវម៉ាកវិញ្ញាតកម្មអង្ករ នាពេលនេះ គឺមាន​រយៈ​ពេល​៨  ហើយការសិក្សាទីផ្សារជាច្រើនឆ្នាំ និង ចាយថវិកាយ៉ាងច្រើនក្នុងពេលកន្លងមក នាំឲ្យ​មាន​លទ្ធផល​នៅថ្ងៃនេះ នោះគឺ ការសម្ពោធម៉ាកអង្ករ «ម្លិះអង្គរ» «MALYS ANGKOR» ដែល​មាន​សហ​ព័ន្ធ​ស្រូវអង្ករកម្ពុជាជាកម្មសិទ្ធិករ។

សហព័ន្ធស្រូវអង្ករ បានឲ្យដឹងថា «ម្លិះអង្គរ» «MALYS ANGKOR» ជាម៉ាក​អង្ករ​ក្រអូប​ប្រណិត​របស់​កម្ពុជា ដែលនឹងផ្តល់ការបញ្ជាក់ទៅលើប្រភេទអង្ករក្រអូបប្រណិតនានា ដែលកម្ពុជាផលិតបាន រួចកិន​កែច្នៃ សម្រាប់នាំចេញ ឬចែកចាយក្នុងទីផ្សារក្ន្ងុងស្រុក។

រាល់ការប្រើប្រាស់ម៉ាក«ម្លិះអង្គរ» «MALYS ANGKOR» គឺជាការធានាចំពោះមុខច្បាប់ថា អង្ករនោះ​ជាផលិត​ផលកម្ពុជា យ៉ាងពិតប្រាកដ។

នៅដំណាច់ឆ្នាំ២០១៧ កម្ពុជាសម្រេចការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិជាង ៦៣៥,០០០​តោន​ទៅកាន់ប្រទេស៦៣ក្នុងសកលលោក។
ទិន្នន័យចុងក្រោយក្នុងឆ្នាំ២០១៧ បង្ហាញថា ទីផ្សារនៃប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​បាន​ស្រូប​យក​អង្ករកម្ពុជា៤៣% នៃបរិមាណនាំចេញសរុប ស្របពេល​ទីផ្សារ​ចិន​កំពុង​ប្រជែង​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុងការស្រូបយកអង្ករពីកម្ពុជា ដោយមានចំណែក៣៤%នៃការនាំចេញសរុប។

នៅឆ្នាំ២០១៨ សាធារណៈរដ្ឋប្រជាមានិតចិនបានចុះអនុស្សារណៈទិញអង្ករកម្ពុជា៣០០,០០០ តោន​ក្នុងមួយឆ្នាំ។ កត្តានេះ បានធ្វើឲ្យឱកាស​ពង្រីក​ទីផ្សារ​កាន់​តែធំ​ទូលំទូលាយ​សម្រាប់​អង្ករ​កម្ពុជា។

​គួររម្លឹកថា ក្នុង​ព្រឹត្តិការណ៍​ជា​ប្រ​វត្ត​សាស្ត្រននេះ ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក​លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍន៍ វិស័យ​កសិកម្ម និង​ជនបទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា មន្ត្រី​តំណាង​ក្រសួង​ស្ថាប័ន​ជាច្រើន​ទៀត និង ដៃគូ​អភិវឌ្ឍន៍​ជាតិ​និង​អន្តរជាតិ​។៕