ដើមឆ្នាំ២០១៨ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកើនឡើងជាង២៨%

0
901

ភ្នំពេញៈ គិតត្រឹមចុងខែមករា ដើមឆ្នាំ ២០១៨ នេះ បរិមាណនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារអន្តរ​ជាតិ​បាន​កើន​ឡើងជាង២៨% ។​ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ។

តាមទិន្នន័យនាំចេញអង្ករពី លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញ​បែបបទ​នាំចេញ​អង្ករ បានបង្ហាញថា ការនាំចេញអង្ករ​ទៅកាន់​ទីផ្សារអន្តរ​ជាតិមាន​កំណើន​គួរឲ្យកត់សម្គាល់ រហូត​ដល់ ២៨,៣០% ក្នុងខែមករាឆ្នាំ២០១៨ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។

ស្រូវកម្ពុជា

ទិន្នន័យដដែល បានបង្ហាញឲ្យឃើញថា ការនាំចេញនៅក្នុងខែមករាឆ្នាំ២០១៨ នេះ មានបរិមាណ ៦២,៦២៣ តោន ខណៈការនាំចេញអង្ករកាលពីខែមករា ឆ្នាំ ២០១៧ មានបរិមាណ ៤៨,៨២០ តោន ។

គួរបញ្ជាក់ថា បរិមាណកើនឡើងនេះ បានបង្ហាញឲ្យឃើញថា ការទទួលស្គាល់គុណភាពអង្ករកម្ពុជា និង តម្រូវការអង្ករកាន់តែកើនឡើងពីប្រទេសកម្ពុជារបស់ទីផ្សារអន្តរជាតិ ស្របពេលដែលកសិករ​កម្ពុជា​​បាន​ផលិតដោយ​គិតគួរ​និងយក​ចិត្តទុក​ដាក់​ចំពោះ​សុខ​ភាព​អ្នក​ប្រើប្រាស់ ហើយអង្ករកម្ពុជា​បានរក្សា​​នូវកំណត់ត្រាជាប់លេខ២ជាអង្ករល្អបំផុតប្រចាំឆ្នាំ ខណៈដែលសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​ទើប​​សម្ពោធម៉ាកវិញ្ញាតកម្មអង្ករប្រភេទថ្មីគឺ ម្លិះអង្គរ កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០១៨នេះ។

ជាចុងក្រោយសហព័ន្ធស្រូវអង្ករកម្ពុជាក៏បានឲ្យដឹងថា បន្ទាប់ពីការសម្ពោធម៉ាកវិញ្ញាតកម្មថ្មីៗនេះ មាន​ក្រុម​ហ៊ុននាំចេញ និង រោងម៉ាស៊ីនដែលជាសមាជិកសហព័ន្ធ បានទាក់​ទង​មក​កាន់​លេខា​ធិការដ្ឋាន​សហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីសួរនាំពីនីតិវិធីប្រើប្រាស់ម៉ាកវិញ្ញាតកម្មនេះ៕