អ្នកចិញ្ចឹមជ្រូកខ្មែរគួរធ្វើបែបណា ដើម្បីប្រកួតប្រជែងជាមួយវៀតណាម និងថៃបាន?

0
851

ការចិញ្ចឹមជ្រូកនៅកម្ពុជាយើងបានរងផលប៉ះពាល់ខ្លាំង ចាប់តាំងពីមានវិបត្តិជ្រូកនៅវៀតណាម មិនអាចនាំចូលទីផ្សារចិនបាន ហើយបែរជាសម្រុកនាំចូលទីផ្សារកម្ពុជា ធ្វើឱ្យតម្លៃជ្រូកខ្មែរមានការធ្លាក់ចុះយ៉ាងខ្លាំង។ កំឡុងឆ្នាំ២០១៧ អ្នកចិញ្ចឹជ្រូកខ្មែរយើងប្រមាណ ៥០% សម្រេចចិត្តបោះបង់មុខរបរនេះ ទាំងខ្លួនមិនចង់ ក៏ព្រោះតែជារបរធ្លាប់ធ្វើតជំនាន់មកហើយ។

លោកជេត ភិរម្យ អនុប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាធ្លាប់មានប្រសាសន៍ថា «កំឡុងពេលជ្រូកវៀតណាមសម្រុកនាំចូលទីផ្សារកម្ពុជា កសិដ្ឋានប៉ះពាល់ខ្លាំងជាងគេ គឺកម្រិតមធ្យមមានមេត្រឹម៥០០ក្បាល ហើយក្រុមហ៊ុនធំៗរងការខាតបង់ច្រើនផងដែរ ព្រោះត្រូវចំណាយច្រើន ហើយបង្ខំចិត្តលក់ក្នុងតម្លៃទាបជាងថ្លៃដើមផលិត ស្របតាមការប្រែប្រួលទីផ្សារជាក់ស្តែង»។

លោកបានបន្តថា ដើម្បីស្តារភាពបញ្ហាតម្លៃជ្រូកនេះឲ្យល្អឡើងវិញ កសិករត្រូវតែសិក្សាលើតម្លៃថ្លៃដើមនៃការចិញ្ចឹមជ្រូក ព្រោះការផលិតយើងនៅមានតម្លៃខ្ពស់មិនអាចប្រកូតប្រជែងជាមួយប្រទេសក្បែរខាងបានទេ។ តែកសិករខ្មែរយើងនៅពិបាកក្នុងការធ្វើឲ្យថ្លៃដើមទាប ដោយសារតម្លៃទឹក ភ្លើង និងសេវាដឹកជញ្ចូនមានតម្លៃខ្ពស់បើធៀបនិងប្រទេសជិតខាងកម្ពុជា។

ជាការពិតណាស់ជាទូទៅ ថ្លៃដើមផលិតកសិកម្មខ្មែរយើងមានតម្លៃថ្លៃជាងប្រទេសក្បែរខាង ធ្វើឱ្យកសិករខ្មែរហាក់ពិបាកខ្លាំង ក្នុងការប្រកួតប្រជែងជាមួយពួកគេ។ ហើយបច្ចេកទេសកសិកម្មនៅមិនទាន់រីកចម្រើន ដើរឱ្យទាន់សម័យកាលនៅឡើយទេ។

លោកបានបញ្ជាក់ថា ជាពិសេសរដ្ឋាភិបាល មានក្រសួងកសិកម្មជាសេនាធិការ ត្រូវតែធ្វើឲ្យមានតម្លាភាពក្នុងការនាំចូលជ្រូក និងកម្រិតបរិមាណនាំចូល មិនអាចបើទូលាយ ធ្វើឲ្យស្លាប់ទីផ្សារក្នុងស្រុកនោះទេ។ មិនត្រឹមតែប៉ុណ្ណោះបរិមាណជ្រូកវៀតណាមចូលទីផ្សារកម្ពុជា ហាក់ពិបាកគ្រប់គ្រង ដោយសារតែការនាំចូលតាមច្រករបៀង ហើយច្រកនាំចូលពីវៀតណាមមកកម្ពុជាមានច្រើន។

Image may contain: one or more people and outdoor

ដូច្នេះបច្ចុប្បន្ននេះ កម្ពុជាយើងមិនអាចមានលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយប្រទេសក្បែរខាងនោះទេ បើយើងបើកទូលាយពេក ត្រូវមានវិធានការក្នុងការកំណត់ការនាំចូល មិនឱ្យលើសពីតម្រូវការក្នុងស្រុកជាក់ស្តែង ជាពិសេសត្រូវវិធានការសមប្រកបណាមួយ ដើម្បីឱ្យតម្លៃអាចប្រកួតប្រជែងគ្នាបាន ចៀសវាងសម្លាប់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក។

សូមបញ្ជាក់ថា សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជាបានឱ្យដឹងថា តម្លៃជ្រូករស់នឹងល្អនៅពេលខាងមុខ ដោយសារចំនួនមេជ្រូក និងជ្រូកសាច់ត្រូវបានកាត់បន្ថយនៅប្រទេសវៀតណាម។ សម្រាប់តម្លៃជ្រូករស់នៅប្រទេសវៀតណាមពេលនេះបានធ្លាក់ចុះបន្តិចមកវិញ បន្ទាប់តម្លៃជ្រូករស់បានឡើងថ្លៃខ្ពស់បំផុតកាលពីសប្តាហ៌មុន ហើយការលក់ភាគច្រើនមានការបញ្ចុះថ្លៃច្រើន៕

Image may contain: outdoor and nature

ប្រភពពី Business Cambodia