កំពង់ចាមៈ ដោយសារតែឪពុកម្តាយមានបទពិសោធនៅក្នុងមុខរបរឈ្មួញកណ្តាលដំណាំចេក និងចំនួនចេកទុំជោរតែងនៅសល់លក់មិនអស់ជារឿយៗនោះ បានជំរុញឲ្យសិប្បករវ័យ ៣៧ ឆ្នាំរំពៃនឹករកវិធីច្នៃដោយខ្លួនឯងជិត ២ ឆ្នាំ ទើបរកឃើញវិធីច្នៃចេកទុំជាស្ករចេក និងស្រាចេកបាននៃសិប្បកម្មគំនិតថ្មី។
សិប្បកម្មនេះ ស្ថិតនៅឯភូមិ និងឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ខណៈនៅឆ្នាំ ២០១៥ ម្ចាស់សិប្បកម្មទទួលបានពានរង្វាន់លេខ ១ ក្នុងកម្មវិធីកែច្នៃផលិតផលកសិកម្មទូទាំងប្រទេសទៀតផង។
លោក លឹម ផារ៉ា ម្ចាស់សិប្បកម្មគំនិតថ្មីបានបង្ហើបថា៖ «ដើមឡើយ ខ្ញុំគ្រាន់តែគិតថា ធ្វើយ៉ាងណាកុំឲ្យសល់ចេកទុំជោរចោលឥតប្រយោជន៍ ក៏គិតរកវិធីច្នៃពីចេកនេះ។ ឆ្នាំ ២០១៣ ការពិសោធទទួលបានជោគជ័យលើការកែច្នៃចេកទុំធ្វើជាស្ករចេកដោយប្រើម៉ាស៊ីនសម្ងួតទឹកចេកធ្វើស្ករ។ ប៉ុន្មានខែក្រោយមកក៏ច្នៃជាស្រាចេកមួយប្រភេទទៀត ដែលប្រើរូបមន្តមានតពីដូនតាជាលំនាំនៃការផលិតស្រាថ្នាំបុរាណតែម្តង»។
ផលិតផលកែច្នៃនេះនៅពុំទាន់មានអ្នកស្គាល់ច្រើនទេក្នុងប្រទេសកម្ពុជា ខណៈលោកប្រាប់ពីតម្លៃលក់រាយនៅទីផ្សារក្នុងតំបន់ផ្ទាល់ថា៖ «សម្រាប់ស្ករចេកយើងលក់តម្លៃ ២ ម៉ឺនរៀលក្នុង ១ គីឡូក្រាម ខណៈស្រាចេកវិញ ១ ដបតម្លៃ ២៤០០០ រៀល។ ជាមធ្យមយើងផលិតស្ករចេកបានចំនួនពី ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយខែ ខណៈស្រាចេកវិញបានចំនួនពី ៦០០ ទៅ ៧០០ ដបប៉ុណ្ណោះ»៕