ក្រសួងតម្រូវឲ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ តាំងស្លាកយីហោអាជីវកម្មដ្ឋានទេសចរណ៍ជាអក្សរខ្មែរ

0
906

ដើម្បីចូលរួមចំណែកដល់កំណើននៃភ្ញៀវទេសចរណ៍មកកាន់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមដល់ការអភិវឌ្ឍន៍ ថែរក្សាទំនៀមទំលាប់ ប្រពៃណី ស្នាដៃ ស្ថាបត្យកម្ម អក្សរសាស្ត្រ ក្បាច់ចម្លាក់ សិល្បៈវប្បធម៌កម្ពុជា ក្រសួងទេសចរណ៍បានចេញចរាចរណែនាំដល់ប្រតិបត្តិករ ម្ចាស់អាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ដូចខាងក្រោម៖

១. ត្រូវដាក់តាំងយីហោជាអក្សរខ្មែរនៅខាងលើ

២. ស្លាកយីហោអាជីវកម្មដ្ឋានទេសចរណ៍ត្រូវសរសេរអក្សរអង់គ្លេស បន្ទាប់ពីអក្សរខ្មែរនៅខាងក្រោម និងត្រូវមានទំហំអក្សរមួយភាគពី (១/២)នៃអក្សរខ្មែរ។

៣. ប្រសិនបើម្ចាស់អាជីវកម្មដ្ឋានទេសចរណ៍មានបំណងចង់ដាក់អក្សរភាសាទី៣ទៀត អាចដាក់បាន នៅខាងក្រោមបន្តទៀត ដោយតម្រូវឲ្យមានទំហំអក្សរមួយភាគពី (១/២)នៃអក្សរខ្មែរដែរ។

៤. ខ្លឹមសារដូចបានណែនាំខាងលើ នឹងត្រូវអនុវត្តជាកាតព្វកិច្ចចំពោះម្ចាស់អាជីវកម្មដ្ឋានទេសចរណ៍ទាំងអស់ និងជាលក្ខខណ្ឌក្នុងការផ្តល់អាជ្ញាបណ្ណទេសចរណ៍។

 

អត្ថបទដោយ៖ Cambotripnews