ផលិតផល​កែច្នៃ​ពី​ស្លឹក​ម្រុំ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងទាំង​ស្រុក ​និងនៅ​ក្រៅ​ស្រុក

0
908

ស្លឹក ម្រុំ​កែច្នៃ​ជា​អាហារ​បំប៉ន​សុខភាព​កំពុង​មាន​ទីផ្សារ​ខ្លាំង​ទាំង​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​។ បើ​តាម​លោក ហ៊ុល សេដ្ឋា នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ហ៊ុលសេដ្ឋា ឌីវើឡុបមេន​&​ខូអបភើរេសិន និង​ជា​ស្ថាបនិក​សិប្បកម្ម​ផលិតផល​ម្រុំខ្មែរ ការ​កែច្នៃ​ស្លឹកម្រុំ​ជា​មុខ​ជំនួញ​ថ្មី​នេះ​កំពុង​មាន​សក្ដានុពល​ក្នុង​ការ​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ពិភពលោក​។

លោក ហ៊ុល សេដ្ឋា ចាប់ផ្តើម​ដំណើរការ សិប្បកម្ម​ម្រុំខ្មែរ ឬ Khmer Moringa ក្នុង​ឆ្នាំ​ ២០១១ ជា​លក្ខណៈ​គ្រួសារ​ក្នុង​បន្ទប់​៤ ម៉ែត្រការ៉េ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ ដោយ​ទិញ​ស្លឹកម្រុំ​ពី​កសិករ​ដែល​ដាំ​លើ​ផ្ទៃដី​ប្រហែល​២​ហិកតា​ប៉ុណ្ណោះ​។

ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ​សិប្បកម្ម​របស់​លោក​ត្រូវ​បាន​ពង្រីក​លើ​ផ្ទៃដី​ជិត​៥០០​ម៉ែត្រការ៉េ​នៅ​ជាយ​ក្រុង​​ភ្នំពេញ ហើយ​ទទួល​ការ​ផ្គត់ផ្គង់​ស្លឹកម្រុំ​ពី​កសិករ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​ដាំ​លើ​ផ្ទៃដី​ប្រមាណ​ ១០០ ​ហិកតា​។

សិប្បកម្ម​ម្រុំខ្មែរ​កំពុង​ផលិត​ផលិតផល​ពី​ស្លឹកម្រុំ​ដែល​មាន​ដូចជា​ម្សៅ​ម្រុំ​លក់​ជា​គីឡូ ម្សៅ​ម្រុំ​ច្រក​ជា​ថ្នាំគ្រាប់ តែ​ស្លឹក​ម្រុំ និង​សាប៊ូ​ដុស​ខ្លួន​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅ​ឡើយ​។

លោក​សេដ្ឋា​ឲ្យ​ដឹង​ថា ម្សៅ​ម្រុំ​ច្រក​ជា​ថ្នាំគ្រាប់​ជា​ផលិតផល​លក់​ដាច់​ក្នុង​ទីផ្សារ​ក្នុង​ស្រុក ខណៈ​ម្សៅ​ម្រុំ​នាំ​ចេញ​ត្រូវ​លក់​ជា​គីឡូ​។ ម្សៅ​ម្រុំ​មួយ​គីឡូ​ថ្លៃ ៣៥​ដុល្លារ ចំណែក​ម្សៅ​ម្រុំ​ច្រក​ជា​ថ្នាំគ្រាប់​ដែល​មាន​៣០០​គ្រាប់​លក់​ក្នុង​តម្លៃ​១៥​ដុល្លារ​។

ក្នុង​បទសម្ភាស​ជាមួយ​កម្ពុជា​ចុងសប្តាហ៍​កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុល សេដ្ឋា​ថ្លែង​ថា លោក​ចាប់​អារម្មណ៍​បង្កើត​មុខរបរ​នេះ បន្ទាប់ពី​បាន​អាន​ឯកសារ​បកប្រែ​ស្តី​អំពី​អត្ថប្រយោជន៍​ស្លឹកម្រុំ និង​ការ​សាកល្បង​ទទួលទាន​ដោយ​ឯងផ្ទាល់​។

លោក​បញ្ជាក់​ថា​៖ «​អត្ថប្រយោជន៍​ស្លឹកម្រុំ​មាន​ច្រើន​។ វា​ជា​វីតាមីន​បំប៉ន​សុខភាព​។ វា​ជួយ​សម្រួល​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម និង​អ្នកជំងឺ​លើសឈាម កាត់បន្ថយ​ខ្លាញ់​ក្នុង​សរសៃ​ឈាម ជាតិ​អាស៊ីត​នៅក្នុង​ខ្លួន​។ វា​មាន​កាល់ស្យូម​ជំនួយ​ឆ្អឹង​ផង​ដែរ​»។

លោក​បន្ថែម​ថា​៖​«ប្រជាជន​ខ្មែរ​ស្គាល់​ស្លឹកម្រុំ​ថា​យក​ទៅ​ស្ល​កកូរ តែ​យើង​មិន​មាន​អ្នក​ច្នៃ​ធ្វើ​ជា​អាហារ​បំប៉ន​ទេ​។ ខ្ញុំ​ចាប់ផ្តើម​សិក្សា​ពី​ប្រទេស​ជិត​ខាង​ក្បែរ​ទន្លេ​មេគង្គ និង​ប្រទេស​ឥណ្ឌា​ដែល​ជា​ប្រទេស​កែច្នៃ​ស្លឹកម្រុំ​នេះ​។ ខ្ញុំ​ចោទ​សំណួរ​ថា​ហេតុអី​បាន​ខ្មែរ​យើង​មិន​មាន​ផលិត​ម្សៅ​ម្រុំ​នេះ អ៊ីចឹង​ហើយ​ខ្ញុំ​ចាប់ផ្តើម របរ​នេះ​ដែល​ជា​ផលិតផល​ជួយ​ដល់​សុខភាព​ប្រជាជន​យើង​»​។

លោក​ហ៊ុល សេដ្ឋា​ថ្លែង​ថា​៖ «​ពី​មុន ក្នុង​មួយ​ខែ យើង​ផលិត​បាន​តែ​៥០ ទៅ​៦០​កំប៉ុង​ដែល​មាន​៣០០​គ្រាប់​ម្សៅ​ម្រុំ​ក្នុង​១​កំប៉ុង​។ ក្រោយពី​ពង្រីក​ទំហំ​ផលិតកម្ម ខ្ញុំ​អាច​ចេញ​បាន​ជា​៥០០០​កំប៉ុង​ក្នុង​មួយ​ខែ​ផលិត​មិន​ទាន់​តម្រូវការ​ផង​»​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក បច្ចុប្បន្ន​ម្រុំ​ខ្មែរ​ត្រូវ​បាន​ចែកចាយ​ក្នុង​៥​ខេត្ត​នៅ​ប្រទេស​កម្ពុជា ហើយ​កំពុង​សាកល្បង​នាំ​ចេញ​ទៅ​កូរ៉េ ចិន និង​ទីផ្សារ​អាហ្វ្រិក​ខាង​លិច​។ បច្ចុប្បន្ន​លោក​កំពុង​សិក្សា​លើ​លទ្ធភាព​នាំ​ចេញ​ទៅ​រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក​ផង​ដែរ​។

លោក​ឲ្យ​ដឹង​ថា​៖ «​ដៃគូ​នៅ​អាមេរិក​នោះ គេ​ធ្លាប់​ទិញ​ពី​ឥណ្ឌា គេ​មិន​ដឹង​ថា​ខ្មែរ​យើង​មាន​ម្រុំ​ទេ​។ ក្រោយពី​យក​ប៉ាន់​យើង​ទៅ​មើល​ហើយ គេ​សួរ​ខ្ញុំ​ថា​អាច​ផ្គត់ផ្គង់​បាន​ទេ​ព្រោះ​គេ​ត្រូវការ​១០​តោន​ម្សៅ​សម្រាប់​ការ​នាំ​ចេញ​មួយ​លើក​។ ពេល​នេះ​ខ្ញុំ​កំពុង​សិក្សា​លទ្ធភាព​លើ​ការងារ​នេះ​»។

ខណៈ​តម្រូវការ​កាន់តែ​កើនឡើង សិប្បកម្ម​ម្រុំខ្មែរ គ្រោង​នឹង​ពង្រីក​ការ​ផ្គត់ផ្គង់​ស្លឹកម្រុំ​ពី​កសិករ​លើ​ផ្ទៃដី​៣០០​ហិកតា​បន្ថែម​ទៀត​។

លោក​បញ្ជាក់​ថា​៖ «​ម្រុំ​ស្រស់​១០​គីឡូ ផលិត​បាន​ម្សៅ​ម្រុំ​តែ​១​គីឡូ​ទេ​។ រាល់​ថ្ងៃ​នេះ​ក្នុង​១​ខែ ខ្ញុំ​ផលិត​បាន​១​តោន​ម្សៅ​ប៉ុណ្ណោះ​។ ខ្ញុំ​កំពុង រក​ដៃគូ​សហការ​ដែល​គាត់​មាន​ដី គាត់​ជួល​កសិករ​ដាំ​ម្រុំ​ថែម​៣០០​ហិកតា​ទៀត​។ របរ​នេះ​ជួយ​កសិករ​បាន​ច្រើន​។ ដី​មួយ​ហិកតា​ដាំ​ម្រុំ​បាន​២៥០០​ដើម មួយ​ដើម​បាន​ស្លឹក​មួយ​គីឡូ​។ ៥​ខែ​ប្រមូល​ផល​បាន​ហើយ ហើយ​មួយ​ឆ្នាំ​ប្រមូល​ផល​បាន​៩​ដង​»។

តាម​ការ​ឲ្យ​ដឹង​របស់​លោក​ហ៊ុលសេដ្ឋា តម្រូវការ​ម្សៅ​ម្រុំ​មាន​យ៉ាង​ហោចណាស់​ក៏ ៣០​តោន​ដែរ​ក្នុង​មួយ​ខែៗ ខណៈ​សិប្បកម្ម​ផលិត​ម្សៅ​ពេល​នេះ​មាន​តែ​៣​សិប្បកម្ម​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖«​ទីផ្សារ​ផលិតផល​ម្សៅ​ម្រុំ​នៅ​ធំ​។ កម្ពុជា​មាន​ប្រជាជន​១៤ លាន​នាក់ ឧទាហរណ៍​ថា​មាន​៥​លាន​នាក់​ជា​អ្នក​ទិញ ហើយ​ឥឡូវ​យើង​មាន​តែ​៣​ក្រុមហ៊ុន​កំពុង​ផលិត អ៊ីចឹង​ក្រុមហ៊ុន​មួយ​មាន​អតិថិជន​ប៉ុន្មាន​យើង​អាច​ដឹង​បាន​»។

លោក​មាន​បំណង​ប្រែក្លាយ​ជា​អ្នក​ចែកចាយ​អាហារ​បំប៉ន​ធំ​ជាង​គេ និង​ពង្រីក​ការ​នាំចេញ​ទៅ​កាន់​៣​ប្រទេស មាន​ដូចជា វៀតណាម មីយ៉ាន់ម៉ា និង​ឡាវ​នៅ​៥​ឆ្នាំ​ខាង​មុខ​។

ឆ្លើយតប​ទៅ​នឹង​សំណួរ​អំពី​គុណភាព និង​អនាម័យ លោក​សេដ្ឋា​ឲ្យ​ដឹង​ថា​៖ «សិប្បកម្ម​ម្រុំ​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

ខ្មែរ​យើង​មាន​វត្ថុ​ធាតុដើម​ល្អ​ណាស់ តែ​យើង​អន់​ការ​យក​ទៅ​កែច្នៃ និង​ការ​វេចខ្ចប់​ឲ្យ​ត្រូវ​តាម​ស្តង់ដារ​។ បើ​ចង់​ឲ្យ​គេ​ជឿ​លើ​ផលិតផល​របស់​ខ្លួន ម្ចាស់​ផលិតផល​ត្រូវ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​សិន​ថា​តើ ខ្លួនឯង​អាច​ផលិត​បាន​មាន​គុណភាព​និង​ស្តង់ដារ​ហើយ​ឬ​នៅ​?»។

លោក លី សិន អនុប្រធាន​ទី​១ នៃ​សមាគម​ឱសថ​បុរាណ​កម្ពុជា​យល់​ស្រប​ថា​ម្សៅ​ម្រុំ​ពិតជា​មាន​សារប្រយោជន៍​សម្រាប់​សុខភាព​។

បើតាម​ការ​រៀបរាប់​របស់​លោក អត្ថប្រយោជន៍​ស្លឹកម្រុំ​ទើប​តែ​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​នៅ​កម្ពុជា​ការ​កែច្នៃ​ស្លឹកម្រុំ​ទើប​តែ​ចាប់ផ្តើម​២​ទៅ​៣​ឆ្នាំ​នេះ​ទេ យើង មាន​ស្លឹកម្រុំ តែ​ពី​មុន​យើង​អត់​ដឹងថា​វា​ជា ឱសថ​បំប៉ន​សុខភាព​ទេ​។

ទើប​តែ​មាន​ឯកសារ​បង្ហាញ​ពី​មន្ទីរ​ពិសោធន៍​នៅ​អាមេរិក ដែល​មាន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឱសថ​បុរាណ​ជាតិ​នេះ​ទេ ទើប​គេ​នាំ​គ្នា​ដាំ និង​កែច្នៃ​។ ឥឡូវ​នេះ​ម្សៅ​ស្លឹកម្រុំ​ត្រូវ​បាន​ដាក់​លក់​នៅ​តូប​ឱសថ​បុរាណ​ច្រើន​។

ឥឡូវ​គេ​ផ្អើល​ដាំ​រយ​ពាន់​ហិកតា ព្រោះ​ថា មាន​តម្រូវការ​ពី​បរទេស​។ ស្លឹកម្រុំ​នេះ​១០០​ភាគរយ​ជា​ឱសថ​បុរាណ​ហើយ​។ គេ​អាច​ទទួលទាន​ស្រស់​បាន​ឬ​យក​ទៅ​ហាល​ឲ្យ​ស្ងួត កិន​ជា​ម្សៅ ឬ​ឆុង​ជា​តែ​ដើម្បី​សម្រួល​ការ​បរិភោគ​។ វា​សម្បូរ​វីតាមីន ជួយ​សម្រួល​សុខភាព​អ្នក​ជំងឺ​»។

លោក លី សិន បាន​អះអាង​ថា ម្សៅ​ស្លឹកម្រុំ​នេះ មិន​មាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​។ លោក​ថា​៖ «​មិនមាន​ប៉ះពាល់​ទេ​។ វា​ដូច​បន្លែ ដូច្នេះ​ដែរ​គ្រាន់តែ​វា​មាន​វីតាមីន​ច្រើន​»​។

លោក​បាន​បន្ថែម​ថា ​ការ​ផលិត​ម្សៅ​ស្លឹកម្រុំ​នេះ​មិន​ជា​ការ​លំបាក​នោះ​ទេ ហើយ គ្រប់​គ្នា​អាច​ផលិត​បាន​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​យក​ស្លឹកម្រុំ​នេះ​ទៅ​ហាល​ឲ្យ​ស្ងួត​នៅក្នុង​ម្លប់ [​មិន​ហាល​ក្រោម​ពន្លឺ​ថ្ងៃ​នោះ​ទេ​វា​ធ្វើឲ្យ​បាត់បង់​វីតាមីន​] រួច​កិន​ជា​ម្សៅ​សម្រាប់​ទទួលទាន​១ ទៅ​២​ស្លាបព្រា​កាហ្វេ​ម្តង​។

លោក យឹម យ៉ាន អនុរដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ស្វាគមន៍​ចំពោះ​សហគ្រិន​ដែល​កែច្នៃ​ស្លឹក​ម្រុំ​ទៅ​ជា​អាហារ​បំប៉ន​។

លោក​ថា​៖ «​ល្អ​ណាស់ ល្អ​មែនទែន។ និយាយ​ទៅ​ស្លឹកម្រុំ​នេះ​ផ្ទុក​ទៅ​ដោយ វីតាមីន សារធាតុ​រ៉ែ និង​ប្រូតេអ៊ីន ដែល​ចូល​ទៅ​ជួយ​បំប៉ន​សុខភាព​»។

លោក យ៉ាន បន្ត​ថា ទោះ​ជា​យ៉ាង​ណា ម្សៅ​ម្រុំ​នេះ មាន​នាទី​ជា​អាហារ​បំប៉ន​ជំនួយ​សុខភាព​ប៉ុណ្ណោះ វា​មិនមាន​តួនាទី​ព្យាបាល​ជំងឺ​ណា​មួយ​នោះ​ទេ៕