ភ្នំពេញ៖ ត្រឹមពាក់កណ្ដាលខែកុម្ភៈនេះ ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប បានប្រមូលទិញផ្លែស្វាយពីពលរដ្ឋនៅកំពង់ស្ពឺជាច្រើនពាន់គីឡូក្រាម ដើម្បីនាំចេញទៅលក់បន្តទៅប្រទេសបារាំង និងប្រទេសរុស្សី។
តាមការផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់លោក ឧកញ៉ា នាថ្ងៃសុក្រទី១៦ ខែកុម្ពៈ ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រុមការងារ របស់ក្រុមហ៊ុន KFI ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានប្រមូលទិញផ្លែស្វាយកែវរមៀត ពីកសិករម្ចាស់ចំការ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ និងបានរៀបចំវេចខ្ចប់ដើម្បីនាំចេញទៅកាន់ប្រទេសបារាំង និងបន្ដការចែកចាយទៅសហគមអ៊ឺរ៉ុប។
សម្រាប់ជើងទី២១ ឆ្នាំ២០១៨-២០១៩នេះ ទំនិញទាំងអស់នេះ និងត្រូវបញ្ជូនតាមជើងយន្តហោះ កាតា QATAR ឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលហោះ នៅម៉ោង ៦ និង៣០ នាទីល្ងាចនេះថ្ងៃសុក្រ QR0971។
ស្វាយដែលក្រុមហ៊ុនរបស់លោកឧកញ៉ា បាននាំចេញទៅលើកនេះមានចំនួន ១២ប៉ាឡែត ៨៤០កាតុង ស្មើនឹងបរិមាណផ្លែស្វាយសរុប ៤៧០០គីឡូក្រាម។
បើតាមការបញ្ជាក់របស់លោក ឧកញ៉ា សម្រាប់ជើងនេះ ក៏មានការរៀបចំវេចខ្ចប់ផ្លែស្វាយកែវរមៀត ដើម្បីនាំចេញទៅប្រទេសរុស្សីផងដែរ។ នេះក៏ជាជើងទី៤ដែរ មានចំនួន ៨៨ កញ្ច្រែង ស្មើនឹងចំនួនផ្លែស្វាយសរុប ១២០០គីឡូក្រាម៕