បន្លែផ្លែឈើកម្ពុជា​នាំចូលទៅថៃ​សរុបជាទឹកប្រាក់​មាន ២៨០ លានដុល្លារ​ក្នុងឆ្នាំ​២០១៧

0
854
ដំណាំដំឡូងមី និងមៀនប៉ៃលិន កំពុងរង​ចាំការ​វិនិយោគ​ពីចិន។

​ភ្នំពេញ៖ កាលពី​ឆ្នាំ​២០១៧ ប្រទេស​ថៃ​បាន​នាំ​ចូល​បន្លែ​ផ្លែ​ឈើ រួម​នឹង​ផលិត​ផល​កែ​ច្នៃ​ពី​បន្លែ​និង​ផ្លែ​ឈើ​​ពី​កម្ពុជា គិត​ជា​ទឹកប្រាក់​មាន​ចំនួន​២៨៥​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កើនឡើង​ប្រហែល​១៦% ។ នេះ​បើ​តាម​ការ​អះអាង​ពី​អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​ស្ថានទូត​ថៃ ប្រចាំ​នៅ​កម្ពុជា ។

លោក ជី​រ៉ា​វុ​ឍ សុ​វ​ណ្ណា​អាត អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​រូប​នេះ​បាន​បន្ដ​ថា ក្រៅពី​ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​កម្ពុជា ប្រទេស​ថៃ​ថែម​ទាំង​បាន​នាំ​ចូល​សម្លៀក​បំពាក់​មាន​ទឹកប្រាក់​ប្រមាណ​៦៦​លាន​ដុល្លារ កើនឡើង​ប្រហែល​៥០% ដែល​ជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម ទ្វេភាគី​ឱ្យ​កើនឡើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៨​នេះ ខណៈ​ប្រទេស​ទាំង​ពីរ​បាន​ប្ដេជ្ញា​ថា នឹង​បន្ដ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ។

លោក ស្រី វុ​ទ្ធី ប្រធាន​អគ្គលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ដែរ​ថា បន្លែ និង​ផ្លែ​ឈើ​ដែល​ភាគី​ថៃ​នាំ​ចូល​ភាគច្រើន គឺ​ពី​បណ្ដា​ខេត្ត​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ​ថា ៖« ប្រភេទ​ផ្លែ​ឈើ​ដែល​ថៃ​នាំ​ចូល​ច្រើន​ជាងគេ គឺ​តាសក់​ផ្អែម ព្រោះ​មាន​តម្រូវការ​ខ្ពស់ ។ ក្រៅពី​នេះ មាន​មៀន​ប៉ៃលិន ឬ (​តា​ង៉ែ​ន​) និង​ផ្លែស្វាយ​ជាដើម ដែល​ភាគច្រើន​នាំ​ចូល​ពី​បណ្ដា​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ » ។

តាម​មន្ត្រី​ក្រសួងកសិកម្ម ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រសួង​បាន​និង​កំពុង​ជំរុញ​ឲ្យ​កសិករ​ដាំ​ដុះ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស ។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ យល់​ថា កម្ពុជា​ដូច​ជា​មិន​មាន​បន្លែ​ផ្លែ​ឈើ​អ្វី​នាំ​ចេញ​ច្រើន​ទេ។ ទំហំ​ទឹកប្រាក់​ដែល​ថៃ​នាំ​ចូល​នេះ អាច​ផ្លែ​ឈើ និង​ដំណាំ​ឧស្សាហកម្ម​រួម​មាន ស្រូវ​, ពោត និង​ដំឡូង​មី ជាដើម សម្រាប់​កែ​ច្នៃ​ធ្វើ​ជា​ចំណី​សត្វ ។

លោក​ថ្លែង​ថា ៖« ខ្ញុំ​អាច​និយាយ​បាន​ថា កម្ពុជា​ដូច​ជា​មិន​មានការ​នាំ​ចេញ​បន្លែ​អ្វី​នោះ​ទេ ហើយ​បើ​មាន គឺ​តិចតួច​បំផុត ក្នុង​ចំណោម​ទំហំ​ទឹកប្រាក់​សរុប​២៨៥​លាន​ដុ​លា្ល​រ​នេះ » ។
លោក​បន្ដ​ថា ៖« ទឹកប្រាក់​ដែល​ថៃ​នាំ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​កម្ពុជា​កន្លង​មកនេះ វា​ធំ​គួរសម​មួយ បើ​ប្រៀបធៀប​នឹង​ទំហំ​សេដ្ឋកិច្ច​កម្ពុជា ប៉ុន្តែ​បើ​ឱ្យ​ថា​ធំ​ណាស់ណា​នោះ គឺ​ដូច​ជា​មិនធំ​ទេ ព្រោះ​វា​មាន​លក្ខណៈ​ម្តងម្កាល ឬ​អាច​នៅ​ឆ្នាំ​ក្រោយ​ធ្លាក់​ចុះ​វិញ​ក៏​ថា​បាន ព្រោះ​វា​មិន​ដូច​យើង​មាន​លទ្ធភាព​ផលិត​នាំ​ចេញ​ទៅ​ប្រទេស​ជឿនលឿន ដែល​មាន​តម្រូវការ​ធំ​ៗ​ទេ » ។

គួរ​រំឭក​ថា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ បាន​ប្ដេជ្ញា​ចិត្ត​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កើន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ខណៈ​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ជាង​៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ​កម្ពុជា​នាំ​ចូល​ពី​ថៃ​មាន​ប្រមាណ​៥​ពាន់​លាន​ដុល្លារ និង​ថៃ​នាំ​ចូល​ពី​កម្ពុជា​មាន​ទំហំ​ជាង​១​ពាន់​លាន​ដុល្លារ ។

ថ្លែង​ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​កាលពី​ស​ប្ដា​ហ៍​មុន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ។
លោក​ថ្លែង​ថា ៖« ឆ្លងកាត់​ការ​ពិភាក្សា​រវាង​កម្ពុជា និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ថៃ យើង​បាន​សម្រេច និង​ប្ដេជ្ញា​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២០ ពោល​គឺ​កើនឡើង​៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ។

ក្នុង​នោះ​កម្ពុជា​បាន​ត្រៀម​នាំ​ចេញ​បន្ថែម​ទៀត​ទៅ​កាន់​ភាគី​ថៃ នូវ​ផលិតផល​កសិកម្ម​ជា​ច្រើន​មុខ ហើយ​យើង​បាន​កំណត់​យក​ពោត​ជា​ផលិតផល​គោលដៅ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ថៃ ឲ្យ​បាន​កាន់តែ​ច្រើន​ជា​អតិបរមា ។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ភាគី​ថៃ​ពិចារណា​នាំ​ចូល​ឲ្យ​បាន​ច្រើន​នូវ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ផង​ដែរ»៕