មន្ត្រីកាំកុងត្រូលភ្ញាក់ផ្អើល!!! ទំនិញម្ហូបអាហារផ្សារព្រែកព្នៅ ផ្សារស៊ិនជូរីផ្លាហ្សា គ្មានសារធាតុគីមី

0
661

(ភ្នំពេញ)៖ ទំនិញប្រភេទម្ហូបអាហារដែលបានដាក់លក់នៅផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរីផ្លាហ្សា ត្រូវបានរកឃើញពុំមានសារធាតុគីមីឡើយ នេះបើតាមការអះអាងរបស់មន្ត្រីសាខាកាំកុងត្រូល នៃអគ្គនាយកដ្ឋានកាំកុងត្រូលចំណុះឲ្យក្រសួងពាណិជ្ជកម្ម ដែលបានចុះត្រួតពិនិត្យទំនិញប្រភេទម្ហូបអាហារនៅផ្សារទាំងពីរខាងលើ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨។

នៅក្នុងផ្សារព្រែកព្នៅ មន្ត្រីកាំកុងត្រូល បានធ្វើការត្រួតពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ កែច្នៃរួច និងធ្វើតេស្តបឋម លើមីលឿងស្រស់ បាញ់ហយ បាញ់កាញ់ នំបញ្ចុកប្រហិតសាច់គោ គុយទាវសរសៃធំ ចាហួយខ្មៅ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបាននាំយកគំរូបន្លែ ផ្លែឈើ ចំនួន ១៤មុខ ដើម្បីបញ្ជូនមកកាន់មន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានកាំកុងត្រូលថែមទៀត។

ចំណែកឯនៅផ្សារស៊ិនជូរីផ្លាហ្យា ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ មន្ត្រីកាំកុងត្រូលបានធ្វើតេស្តបឋមទៅលើម្ហូបអាហាររួមមាន៖ បន្លែ ផ្លែឈើស្រស់ គ្រឿងសមុទ្រស្រស់ សសៃមី គុយទាវ ដើម្បីស្វែងរកសារធាតុគីមី ដែលគេបន្ថែមលើម្ហូបអាហារ សម្រាប់រក្សាទុកឲ្យបានយូរ ស្រស់ និងមានពណ៌ស្អាត តួយ៉ាងដូចជា Borax, Formalin, Sodium hydro sulfite ក្នុងគោលបំណងទាក់ទាញដល់អ្នកប្រើប្រាស់។

ជាលទ្ធផល មន្ត្រីកាំកុងត្រូលទាំងអស់ ពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ នៅលើផលិតផលទាំងនោះឡើយទាំងនៅក្នុងផ្សារព្រែកព្នៅ និងផ្សារស៊ិនជូរី ផ្លាហ្សា។ ទន្ទឹមគ្នានេះ មន្ត្រីកាំកុងត្រូល ក៏បានធ្វើការផ្សព្វផ្សាយ អប់រំ និងណែនាំដល់អាជីវករ អ្នកប្រើប្រាស់ ឲ្យយល់ដឹងពីបញ្ហាអនាម័យ និងសារៈសំខាន់នៃសុវត្ថិភាពចំណីអាហារ សម្រាប់ការពារសុខមាលភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលចូលមកកំសាន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕