ក្រសួងពាណិជ្ជកម្មកំណត់ឲ្យបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មទាំងអស់ជាប្រាក់រៀលខ្មែរ

0
1291

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសជាសាធារណជន ពីការកែសម្រួលប្រកាសលេខ ០៤៧MOC/SM 2013 ស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ។

គោលបំណងនៃការធ្វើបច្ចុប្បន្នភាពប្រកាសនេះ គឺដើម្បីធានាដល់យន្តការអភិវឌ្ឍន៍ទីផ្សារសេរី និងការប្រកួតប្រជែងប្រកបដោយសមធម៌ ព្រមទាំងលើកស្ទួយ​ការប្រើប្រាស់រូបិយប័ណ្ណជាតិ (ប្រាក់រៀល) សំដៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទូទៅ។

ពាណិជ្ជករ អាជីវករ និងសេវាករទាំងអស់ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវតែបិទស្លាកថ្លៃទំនិញ និងសេវាកម្មរបស់ខ្លួនជាប្រាក់រៀលខ្មែរជាចាំបាច់។

ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty Free) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវបិទស្លាកថ្លៃជា​រូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មទាំងនោះ ត្រូវមកសុំការអនុញ្ញាតពីមន្ទីរាជធានីខេត្ត ក្រុង ដែលមានទីតាំង អាជីវកម្ម សេវាកម្ម ស្ថិតនៅ។

Image result for mart in cambodia

ចំពោះលិខិតអនុញ្ញាតឲ្យបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេសមានសុពលភាពរយៈពេល ១ឆ្នាំ ហើយលិខិតអនុញ្ញាតដែលផុតសុពលភាពត្រូវមកសុំការអនុញ្ញាត​សាជាថ្មីពីមន្ទីរាជធានីខេត្ត ក្រុង។

គួរបញ្ជាក់ផងដែរថា គ្រប់ពាណិជ្ជករ អាជីវករ និងសេវាករទាំងអស់ដែលមិនអនុវត្តន៍តាមសេចក្តីប្រកាសនេះ នឹងត្រូវទទួលទោសតាមច្បាប់ជាធរមាន៕