ខេត្តមណ្ឌលគីរី៖ នៅពេលធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ជ្រៃធំក្នុងខេត្តមណ្ឌលគីរី លោកអ្នកប្រាកដជាចាប់អារម្មណ៍ខ្លាំងនឹងដើមជ្រៃយក្សមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ និងមានបែកធំៗវែងអន្លាយគួរជាទីគយគន់ពេកក្រៃ។
បើតាមការឲ្យដឹងពីអ្នកភូមិនៅតំបន់នោះប្រាប់ថា នៅពេលដែលទឹកធ្លាក់នេះត្រូវបានគេរកឃើញគឺដើមជ្រៃនេះធំខ្ពស់ត្រដែតស្រាប់ហើយ។ គល់របស់វាធំទូលាយ និងមានកម្ពស់ប្រហែលជាជាង៣០ម៉ែត្រ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺបែករបស់វាបានបែកសាខាជាច្រើន។ មែករបស់វាខ្លះមានប្រវែងប្រហែលជា២០ទៅ៣០ម៉ែត្រ ដូច្នេះបើសរុបប្រវែងពីមែកម្ខាងទៅមែកម្ខាងទៀតប្រហែលជា៦០ទៅ៧០ម៉ែត្រ។ ការបែកមែកសាខាវែងអន្លាយជាច្រើនបានបង្កើតជាម្លប់ត្រឈឹងត្រឈៃ ខណៈនៅជុំវិញដើមជ្រៃយក្សនេះមានដើមឈើផ្សេងៗជាច្រើនខ្ពស់ត្រដែត។ ក្រោមម្លប់ឈើត្រជាក់ស្រេបនេះបង្កើតជាកន្លែងសម្រាប់អង្គុយលេង និងទទួលទានអាហារយ៉ាងសប្បាយរីករាយ ប៉ុន្តែប្រសិនបើមានគ្នាតែម្នាក់ឬពីរនាក់អាចរអាខ្នង។
នៅចម្ងាយពីដើមជ្រៃយក្សប្រហែលជា២០ម៉ែត្រមានទឹកធ្លាក់បែកសំពោងដែលទីនេះហៅថា ទឹកធ្លាក់ជ្រៃធំ។ បើតាមវិបសាយក្រសួងទេសចរណ៍បានបង្ហាញថា ទឹកធ្លាក់នេះក្នុងរដូវប្រាំង ទឹកធ្លាក់មានកម្ពស់ដល់ទៅ១៥ម៉ែត្រ និងបន្ទាត់ផ្ចិតប្រវែង២ម៉ែត្រ ប៉ុន្តែបើក្នុងរដូវវស្សាវិញ ទឹកធ្លាក់មានកម្ពស់១១ម៉ែត្រ និងបន្ទាត់ផ្ចិត៨ម៉ែត្រ។
វាមានទីតាំងនៅឃុំដាក់ដាំ ស្រុកអូររាំងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ដើម្បីទៅដល់ទីនោះ លោកអ្នកអាចធ្វើដំណើរដោយរថយន្តក៏បាន ឬម៉ូតូក៏បាន៕