ផលិតផលកសិកម្មកម្ពុជានឹងមានសន្ទុះកាន់តែខ្លាំង ខណៈចិនគ្រោងផលិតផលហូបផ្លែកម្ពុជាទៅទីផ្សារបរទេស

0
934

ផលិតផលកសិកម្មរបស់កម្ពុជានឹងមានសន្ទុះកាន់តែខ្លាំង ខណៈដែលក្រុមហ៊ុនចិន Pagoda មានបំណងវិនិយោគផលិតផលហូបផ្លែនៅកម្ពុជាទៅកាន់ទីផ្សារបរទេស ក៏ដូចជាប្រទេសចិនដូចគ្នា នេះបើយោងតាមការលើកឡើងរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨ កន្លងទៅនេះ។

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមហ៊ុន Pagoda ដើម្បីពិភាក្សាពីសក្តានុពលទីផ្សារកសិផលនៅប្រទេសចិន និងយន្តការនៃកិច្ចសហការរវាងឯកជននិងរដ្ឋនៅកម្ពុជា ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា កម្ពុជាមានធនធានគ្រប់គ្រាន់ ទាំងដី ទឹក និងអាកាសធាតុដែលអំណោយផលក្នុងផលិតកម្មកសិកម្ម ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបន្ថែមថា កម្ពុជាបានផលិតនូវកសិផលជាច្រើន ដែលពុំបានផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិច្រើនឡើយ ហេតុនេះហើយទើបកម្ពុជាទាមទារនូវក្រុមហ៊ុនបរទេសដែលមានឆន្ទៈសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីផលិតនូវផលិតផលកសិកម្មប្រកបដោយគុណភាពនិងឆ្លើយតបទៅនឹងស្តង់ដារអន្តរជាតិ មានទំនាក់ទំនងទីផ្សារច្បាស់លាស់ និងមានការយល់ដឹងខ្ពស់ពីនីតិវិធីក្នុងការនាំកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Pagoda ជាក្រុមហ៊ុនលក់រាយនូវផ្លែឈើលំដាប់អន្តរជាតិនៅក្នុងទីផ្សារប្រទេសចិនហើយបច្ចុប្បន្នក្រុមហ៊ុនមានទីតាំងហាងចំនួន ២៧០០ហាង ដែលមានទីតាំងស្ថិតនៅ ៤០ទីក្រុង នៃខេត្តចំនួន១៣ នៅប្រទេសចិន អាចរកចំណូលបានក្នុងឆ្នាំ២០១៧ ចំនួនប្រមាណ ១០០លានដុល្លារអាមេរិក ។

លើសពីនេះដែរ ដោយមានការកើនឡើងនូវតម្រូវការផ្លែឈើក្នុងទីផ្សារប្រទេសចិន ក្រុមហ៊ុនបានទទួលការផ្គត់ផ្គង់ពីក្រុមហ៊ុនជាង ៥០០ និងនាំចូលពីជាង ២១ប្រទេសលើពិភពលោក ហេតុដូចនេះហើយទើបក្រុមហ៊ុនមានបំណងមកវិនិយោគលើការដាំដុះ កែច្នៃ និងវេចខ្ចប់ ហើយនាំទៅកាន់ទីផ្សារប្រទេសចិន ដើម្បីបំពេញនូវកំណើនតម្រូវការនាពេលខាងមុខ ។

សូមបន្ថែមផងដែរថា ក្រុមហ៊ុនវិនិយោគចិនក៏បានស្នើដល់ក្រសួងមេត្តាគាំទ្រគម្រោងវិនិយោគរបស់ក្រុមហ៊ុន Pagoda នៅក្រោយពេលបញ្ចប់ការរៀបចំ Master Plan រួចរាល់ផងដែរ ៕