ជប៉ុនប្រគល់វត្ថុបុរាណក្បាច់ផ្កាលំអចេតិយធ្វើពី«ប៉សឺឡែន»ចំនួន​១១៩ឲ្យកម្ពុជាវិញ

0
1059

ភ្នំពេញ៖ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ដែលមានលោកស្រី ភឿង សកុណា ជារដ្ឋមន្រ្ដី បានទទួលនូវវត្ថុបុរាណ ជាក្បាច់លំអចេតិយ​ធ្វើពី «ប៉សឺឡែន» ដែលជាក្បាច់ផ្កា មានស្រទាប់រលោង ចំនួន​១១៩ ដុំ ពីប្រទេសជប៉ុន ដែលមានលោក Masatomo Hoshino តំណាងមកពីប្រទេសជប៉ុន ប្រគល់ជូន នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅឯសារមន្ទីរជាតិ ដោយមានការអញ្ជើញចូលរួម ពីសំណាក់មន្រ្ដីពាក់ព័ន្ធ មន្រ្ដីបុរាណវិទូអន្ដរជាតិ​ជាច្រើននាក់។

ក្បាច់ផ្កា មានស្រទាប់រលោង ចំនួន ១១៩ដុំ សម្រាប់លំអលើចេតិយ​មួយ នៅភ្នំព្រះរាជទ្រព្យ ឧដ្ដុង្គ ខេត្តកណ្ដាល ដែលមានអាយុកាល​ក្នុងសម័យក្រោយអង្គរ ជូនមករាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជាវិញ ដោយលោក Masatomo Hoshino និង​ភរិយាបាននាំយក ដោយផ្ទាល់ មកកាន់សារមន្ទីរជាតិភ្នំពេញ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានថ្លែងនៅក្នុងវិធីទទួលវត្ថុបុរាណ នោះថា «​ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្នុងនាមរាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា សូមសម្ដែងការកោតសរសើរ និង​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក Masatomo Hoshino និង ភរិយា ដែលមានចិត្តសប្បុរស ប្រគល់វត្ថុបុរាណទាំងនេះ ​ជូនមករាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជាវិញ»។

លោកស្រី ភឿង សកុណា​ បានថ្លែងបន្តទៀតថា «​គ្រប់ពេលវេលា ការវិលត្រឡប់មកវិញនូវរតនៈវត្ថុជាតិ គឺជាការវិលមកវិញ នូវព្រលឹងរបស់បុព្វបុរសខ្មែរ ជាមង្គលដ៏ឧត្ដមរបស់ជាតិ ដូចគ្នា នឹងការវិលត្រឡប់មវិញ នូវឈុតគ្រឿងអលង្ការមាសរបស់ខ្មែរ ពីចក្រភពអង់គ្លេស កាលពីថ្ងៃទី ០២ខែធ្នូ ឆ្នាំ ២០១៧ នាពេលថ្មីៗ​នេះ ដែលជាចំណងដៃមួយដ៏ថ្លាថ្លៃ ជូនប្រជាជនកម្ពុជា ទាំងមូលនាឱកាសឆ្នាំថ្មី។

ការស្ម័គ្រចិត្តប្រគល់នូវវត្ថុបុរាណ មកកាន់ប្រទេសកំណើតវិញ គឺបង្ហាញឲ្យឃើញពីការលើកតម្កើង សម្បត្តិវប្បធម៌កម្ពុជា និង​ធ្វើឲ្យក្រមសីលធម៌ នៃអ្នកធ្វើសមុច្ច័យវត្ថុបុរាណ មានតម្លៃខ្ពស់ បន្ថែមទៀត»។

​រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈរូបនេះ បានថ្លែងបន្តទៀតថា «ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ សូមលើកទឹកចិត្តដល់បុគ្គលឯកជន ដល់សារមន្ទីរក្រុមហ៊ុន ក៏ដូចជាស្ថាប័ន នានាលើសកលោក ដែលកំពុងតាំងបង្ហាញ និង​រក្សាទុកវត្ថុបុរាណ របស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ក៏ដូចជាតាមរយៈស្ថានទូតកម្ពុជា នៅតាមប្រទេសនីមួយៗ ក្នុងការស្ម័គ្រចិត្តប្រគល់វត្ថុបុរាណ ទាំងនោះមកកម្ពុជាវិញ។

កម្ពុជាចាត់ទុកថា ទង្វើដ៏ថ្លៃថ្លានេះ មិនត្រឹមតែបង្ហាញពីការចូលរួម លើកតម្លៃដល់វប្បធម៌ នៃជាតិសាសន៍មួយប៉ុណ្ណោះទេ តែក៏បានចូលរួមចំណែក ដ៏ឧត្ដុងឧត្ដមក្នុងការផ្សះផ្សា និង ព្យាបាលរបួសផ្លួវចិត្ត របស់ប្រជាជនកម្ពុជា ដែលឆ្លងកាត់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និង​រងគ្រោះពីសោកនាដកម្ម និង​ទារុណកម្ម នៃអំពើប្រល័យពូជសាសន៍ ខ្មែរក្រហម»៕