ភ្នំពេញ៖ មហោស្រព គីហ្សូណា ជប៉ុន-កម្ពុជា វិលមកសាជាថ្មីទៀតហើយ ដោយមានទស្សនីយភាពថ្មី ប្លែកៗ និងកាន់តែសប្បាយជាងឆ្នាំមុនៗ ដែលមានរយៈ ៤ថ្ងៃ គឺចាប់ពីថ្ងៃព្រហស្បតិ៍ ២២ ដល់ អាទិត្យ ២៥ កុម្ភៈ ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ មហោស្រពបែបវប្បធម៌នេះ រៀបចំឡើងដោយស្ថានទូតជប៉ុន សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងមជ្ឈមណ្ឌលមូលនិធិជប៉ុននៅអាស៊ី។

“Beat of Japan” គឺជាប្រធានបទនៃកម្មវិធីឆ្នាំនេះ មានន័យថា ជាសំឡេងតន្ត្រីដែលវាយឮទូងៗខ្លាំងឡើងៗ ប្រៀបបានទៅនឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន-កម្ពុជា ដែលកាន់តែប្រសើរឡើង ហើយនេះក៏ជាឱកាសខួបអនុស្សាវរីយទី ៦៥ ឆ្នាំ នៃទំនាក់ទំនងមិត្តភាពការទូតរវាងជប៉ុន និងកម្ពុជាផងដែរ។
សិស្ស និស្សិត សាធារណជន អាចចូលរួមដោយសេរី ដើម្បីទទួលបានចំណេះដឹង និងបទពិសោធល្អៗនៃវប្បធម៌ដ៏ផូរផង់របស់កម្ពុជា-ជប៉ុន តាមរយៈកម្មវិធីសប្បាយជាច្រើន ដូចជា៖
- ការសម្ដែងភ្លេងបុរាណជប៉ុន JSR Gagaku
- ក្រុមស្គរធំ បាទី-ហូលីក (BATI-HOLIC)
- ក្រុមតន្ត្រី #IAmOriginal កម្ពុជា
- ក្រុមចម្រៀងជប៉ុន POPUP
- កីឡាយុទ្ធសិល្ប៍ជប៉ុន និងកម្ពុជា
- ការប្រកួតប្រជែងសម្លៀកបំពាក់ប្រពៃណីជប៉ុន (យូកាតា)
- ការស្លៀកពាក់តុក្កតាជប៉ុន (Cosplay)។
ក្រុមស្លៀកពាក់តុក្កតាជប៉ុន ក្រៅពីនេះ ក៏មានសិក្ខាសាលាស្តីពី៖
- ភ្លេងបុរាណ និងទំនើបរបស់ជប៉ុន
- សិល្បៈបត់ក្រដាស (អូរីហ្គាមី)
- សិល្បៈតុបតែងផ្កា (អ៊ីកេបាណា)
- អក្សរផ្ចង់ (ស្យូដូ)
- ការសាកល្បងធ្វើត្រាជ័រលុប
- ការធ្វើបទបង្ហាញ និងតាំងពិព័រណ៍ផ្សេងៗ។
ចង់ដឹងថាសប្បាយប្លែកភ្នែក ប្លែកអារម្មណ៍កម្រិតណានោះ កុំភ្លេចចូលរួមដោយផ្ទាល់ណា៎។ សម្រាប់ព័ត៌មានលម្អិត ចូលទៅវិបសាយ Japan-Cambodia Kizuna Festival 2018 ៕
ប្រភព : Sabay