មហាសេដ្ឋី Jack Ma ស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទបុរាណខ្មែរ

0
1023

សៀមរាប៖ មហាសេដ្ឋីចិន លោក Jack Ma បានបង្ហាញនូវការស្ញើចសរសើរនូវភាពអស្ចារ្យនៃប្រាសាទខ្មែរ នៅពេលលោកបានទស្សនាប្រាសាទនានាក្នុងតំបន់អង្គរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

ក្រសួងវប្បធម៌បានឲ្យដឹងថា ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ បុគ្គលល្បីៗក្នុងលោក រួមនឹងអ្នកមានៗលំដាប់ពិភពលោកច្រើនរូប ក៏ទាក់ចិត្តមិនខកខានក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រាសាទនានាក្នុងតំបន់អង្គរ។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក Jack Ma ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក Jack Ma ជាមនុស្សសុភាពគួរឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោកបានបង្ហាញនូវការគោរព ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។

លោក សុខ សង្វារ បានបញ្ជាក់ថា តាមការបញ្ជាក់របស់លោក Jack Ma លោកពិតជាស្ញើចសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបញ្ជាក់ថា លោក ចេក ម៉ា បាននិយាយថានឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។

លោក សុខ សង្វារ ជឿជាក់ថា តាមរយៈវត្តមានរបស់លោក Jack Ma ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោកក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត៕