ថាម៉េច​!! រមណីយដ្ឋាន​នៅ​លើ​កោះ​មួយ​កន្លែង​ បើក​ស្វាគមន៍​តែ​ភ្ញៀវ​ជា​នារី​ប៉ុណ្ណោះ!!

0
1466

ប្រទេស​ហ្វាំងឡង់៖ ប្រសិនបើ​មិត្ត​នារីៗ​ ធ្លាប់​ប្រាថ្នា​ចង់​ដើរ​លេង នៅ​តំបន់​ណា​ដែល​គ្មាន​បុរស ក្តីសុបិន្ត​របស់​អ្នក​នឹង​ក្លាយ​ជា​ការពិត​ហើយ។ នៅ​ខែ​កក្កដា​ឆ្នាំ ២០១៨​ខាង​មុខ​ សម្ព័ន្ធ​ក្រុមហ៊ុន SuperShe របស់​ប្រទេស​ហ្វាំងឡង់ នឹង​បើក​តំបន់​កំសាន្ត​មួយ​មាន​ឈ្មោះ​ថា​កោះ SuperShe។ នេះ​បើ​តាម​សារព័ត៌មាន Fox News ចុះ​ផ្សាយ​ថ្ងៃនេះ។

រមណីយដ្ឋាន​នេះ​ ស្ថិត​នៅ​ដែនកោះ នៃ​សមុទ្រ​បាល់ទិច នៃ​ប្រទេស​ហ្វាំងឡង់ ដែល​ត្រូវ​បាន​ស្ថាបនិក​​បង្កើត​វា​ឡើង ដោយ​គិត​ទៅ​លើ​ប្រណិតភាព និង សុខមាលភាព​សម្រាប់​ស្ត្រី។ អ្នកស្រី Kristina Roth ស្ថាបនិក SuperShe បាន​និយាយ​ថា “នៅ​ពេល​មាន​បុរស​គួរ​ឲ្យ​ស្រលាញ់​ម្នាក់ ស្រ្តី​នឹង​បន្ថែម​ក្រែម។ គំនិត [របស់ SuperShe] គឺថា ផ្តោត​លើ​ខ្លួន​របស់​អ្នក កុំ​ព្យាយាម​តុបតែង​នូវ​គ្រឿងសម្អាង”។

អ្នកស្រី Kristina Roth ស្ថាបនិក​កោះ SuperShe

អ្នក​ស្រី​បន្ថែម​ថា អ្នក​ស្រី​ ក៏​ចេះ​ស្រលាញ់​មនុស្ស​ប្រុស​ដែរ បើ​ទោះ​ជា​គោលការណ៍​រមណីយដា្ឋន​អ្នក​ស្រី​មិន​ទទួល​ភ្ញៀវ​បុរស​ក៏​ដោយ ហើយ​អ្នក​ស្រី​គ្មាន​បញ្ហា​ជាមួយ​បុរស​ទេ គ្រាន់​តែ​ចង់​ឲ្យ​កោះ​អ្នកស្រី​ក្លាយ​ជា​ទី​កន្លែង​ដែល​មនុស្ស​ស្រី​​អាច​ស្រលាញ់​ខ្លួន​គេ ជាង​តុបតែង​របស់​ដែល​មិនមែន​ជា​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។

យោង​តាម​ផែនការ​កោះ​នេះ​ទំហំ ៨,៤ ហិកតា មាន​កន្លែង​ស្នាក់​នៅ​ ១០​កន្លែង​ដាច់ៗ​ពី​គ្នា។ ក្រៅ​ពី​នេះ មាន​កន្លែង​ស្ប៉ា កន្លែង​ហាត់​យូហ្គា ផ្ទះបាយ និង កន្លែង​ហាត់ប្រាណ​ផង​ដែរ ដែល​តម្លៃ​នៃ​ការ​ស្នាក់​នៅ​ប្រភព​ខាងលើ​មិន​ទាន់​បាន​បញ្ជាក់​នៅ​ឡើយ៕