បន្ទាប់ពីចិន ទេសចរឥណ្ឌាជាប្រភពលុយថ្មីសម្រាប់កម្ពុជា ខណៈរដ្ឋរំពឹងចំណូល ៥,០០០លានដុល្លារ

0
630

បន្ទាប់ពីបានរៀបចំកម្មវិធី Incredible India Road Show 2018 នៅសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃទី ៩ ឧសភាម្សិលមិញនេះ ក្រសួងទេសចរណ៍បញ្ជាក់ថា ឥណ្ឌាគឺជាទីផ្សារធំសម្រាប់កម្ពុជា ខណៈប្រទេសទាំងពីរកំពុងជំរុញធុរកិច្ចទេសចរណ៍ជាមួយគ្នាទៅវិញទៅមក ។

កម្ពុជា និងឥណ្ឌាបានបង្កើតទំនាក់ទំនងការទូតជាលើកដំបូងនៅឆ្នាំ១៩៥២ ដែលមានសម្ដេចព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម Jawaharlal Nehru អតីតនាយករដ្ឋមន្រ្ដីឥណ្ឌា ក្នុងទសវត្សឆ្នាំ១៩៥០។

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន មានប្រសាសន៍ថា ឥណ្ឌាគឺជាទីផ្សារដ៏ធំមួយសម្រាប់កម្ពុជា ទន្ទឹមនឹងការកើនឡើងទេសចរឥណ្ឌាមកកម្ពុជា ឃើញថា ទេសចរកម្ពុជាដែលធ្វើដំណើរទៅកាន់ឥណ្ឌាក៏មានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ដោយក្នុងនោះភាគច្រើនជាទេសចរបែបសាសនា និងសុខភាព។ ដោយឡែក ទេសចរឥណ្ឌាដែលមកកម្ពុជា ភាគច្រើនជាទេសចរអាពាហ៍ពិពាហ៍ និងទេសចរបែបសាសនាផងដែរ។

ក្រសួងទេសចរណ៍ឲ្យដឹងថា ជាក់ស្តែង នៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៥,៦លាននាក់ កើនឡើង១១,៨% ក្នុងនោះទេសចរឥណ្ឌាមានចំនួនជិត៦ម៉ឺននាក់ កើនឡើង២៩,១%។ ដោយឡែក សម្រាប់ ៣ ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង១,៧ លាននាក់ កើន១៣,៩% ក្នុងនោះទេសចរឥណ្ឌាមានចំនួនជាង ១ម៉ឺន ៦ពាន់នាក់ កើនឡើង១៧%។ ក្នុងឆ្នាំ២០១៨នេះ កម្ពុជារំពឹងថានឹងទទួលទេសចរឥណ្ឌាបានប្រមាណ ៨ ម៉ឹន នាក់។

តាមការប៉ាន់ស្មាន នៅឆ្នាំ២០២០ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ៧លាននាក់ ហើយនៅឆ្នាំ២០២៥ ទទួលបានប្រមាណ១០លាននាក់ និងនៅឆ្នាំ២០៣០ ប្រមាណ១៥ លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិប្រមាណ៥ពាន់លានដុល្លា បង្កើតការងារប្រមាណជាង១លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានស្នើឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ ដែលជាគន្លឹះក្នុងការដោះស្រាយបញ្ហានៃការធ្វើដំណើរបស់ប្រជាជននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ដើម្បីជម្រុញទេសចរណ៍ប្រទេសទាំងពីរ ក្រសួងទេសចរណ៍នឹងសហការជាមួយក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសជំរុញក្រុមហ៊ុនអាកាសចរនៅកម្ពុជាចាប់ផ្តើមភ្ជាប់ការហោះហើរពីកម្ពុជាទៅឥណ្ឌា។