បច្ចេកទេស​៦ចំណុចសំខាន់ៗ ក្នុងការដាំ​ដំណាំ​ទំពាំងបាយជូរ​អោយបានផលល្អ!

0
1866

១. ប្រភេទ​ដី​៖
– ប្រភេទ​ដី​ទួល ដី​មិន​លិច​ទឹក ឬ​ជាំ​ទឹក​
– ទីតាំង​ស្រឡះ​មាន​ខ្យល់ និង​ពន្លឺ​ថ្ងៃ​ចាំង​ចេញចូល​គ្រប់គ្រាន់

​– ដី​ដែល​គ្មាន​សត្វ​កណ្ដៀរ​រស់នៅ ដី​ស្រស់ទឹក ដី​ធូរ​ខាងក្រោម​ដី​សំបូរ​ជាតិ​ផូស្វ័រ​
– បើ​ដី​ហាប់​ពេក ឬ​គ្មាន​ជាតិ​ផូស្វ័រ គេ​អាច​ដុត​ឆ្អឹង​គោ សំបកខ្យង ឬ​បាច​កំបោរ បង្កើន​ជាតិ ផូស្វ័រ​ទៅក្នុង​ដី​នោះ ដើម្បី​ឲ្យ​ដី​នោះ​ធូរ និង​ត្រសុះ​ទើប​អាច​ដាំ​ទំពាំងបាយជូរ​បានយូរ​ឆ្នាំ ។​

២. ការ​ភ្ជួរ និង​ធ្វើ​ទ្រើង​៖
– ការរៀបចំ​ដី​ខែវិច្ឆិកា ឬ​ខែធ្នូ​
– ភ្ជួរ​ឲ្យ​បាន​ច្រើន​ជើង ភ្ជួរ​លើកទីមួយ លើក​ទី​ពីរ ដើម្បីអោយ​ដី​កាន់តែ​សុះ​ល្អ

– រៀបចំ​ទ្រើង​ឲ្យ​ដើម​ទំពាំងបាយជូរ​វា​តោង​ឡើង (​បន្ត​លម្អិត​នៅ​ចំណុច​ទី​៤)
– រៀបចំ​ប្រព័ន្ធ​ទឹក​តាម​រណ្ដៅ​ដែល​យើង​កាយ​ដាំ​ទំពាំងបាយជូរ​នោះ ។​

៣. របៀប​ដាំ​
– គំលាត​ពី​គុម្ព​មួយ​ទៅ​គុម្ព​មួយ​ប្រវែង ១ ម៉ែត្រ និង​ពី​រង​មួយ​ទៅ​រង​មួយទៀត មាន​ប្រវែង ២ ម៉ែត្រ​
– រៀបចំ​បណ្ដាញទឹក​តាម​គល់ ឬ​គុម្ព​ដែល​បំរុង​ដាំ​កូន​ទំពាំងបាយជូរ​អោយបាន​គ្រប់​រណ្ដៅ​

– បណ្ដាញទឹក​រៀបចំ​សំរាប់​បន្តក់​ទឹក​តាម​គុម្ព​ដែល​បាន​ដាំ​រួច ពីព្រោះ​កូន​ទំពាំងបាយជូរ​ដែល បាន​ដាំ​រួច​ត្រូវ​បន្តក់​ទឹក​វា​ឲ្យ​បាន​រាល់ថ្ងៃ និង​ទៀងពេល​
– ទំពាំងបាយជូរ​ត្រូវការ​បន្តក់​ទឹក​បន្តិច​ម្ដងៗ​តែប៉ុណ្ណោះ ក្នុង​មួយ​គុម្ព​

+ តម្រូវការ​ទឹក​
– ដីកណ្ដេង ត្រូវការ​ដំណក់ទឹក ១០​លីត្រ​
– ដីខ្សាច់​ត្រូវការ​ទឹក ១៥​លីត្រ ។​

៤. ការរៀបចំ​ទ្រើង​៖
– ប្រវែង​ទ្រើង​គឺ ១,៩០ ម៉ែត្រ​នៅ​ពីលើ​
– នៅពេលដែល​រៀបចំ​ដី ទ្រើង និង​ដំណក់ទឹក​រួច ត្រូវ​ជីកដី​សំរាប់​ដាំ​កូន​ទំពាំងបាយជូរ ជំរៅ ៣០ ស​.​ម និង​ទំហំ​មុខកាត់​ប្រវែង​កន្លះ​ម៉ែត្រ (៥០ ស​.​ម​, ០,៥​ម៉ែត្រ​)

– យក​ជី​លាមក​សត្វ (​គោ មាន់ ទា មួយណា​ក៏បាន​) មួយ​អំ​រែក (​បើ​មាន​អាចម៍​ប្រចៀវ​កាន់តែ ប្រសើ​) មក​ដាក់​ក្នុង​រណ្ដៅ រួច​លាយ​ជាមួយ​ដី​អោយបាន​សព្វ​ស្រទាប់​លើ ចាំ​យក​កូន​ទំពាំង បាយ​ជូរ​មក​កប់​ដាំ​
– រង់ចាំ​រយៈពេល​មួយ​សប្ដាហ៍ កូន​ទំពាំងបាយជូរ​នឹង​លូតលាស់​បែកមែក​ច្រើន​ត្រួយ ជា​ពេល​យើង​ត្រូវ​គ្រៀវ​ដើម​វា​ចេញ ។​

៥. វិធី​គ្រៀវ​ដើម​៖
​ប្រ​លះ​ត្រួយ​ចេញ​ទុក​តែ​ត្រួយ​ណា​ដែល​លូត​ធំជាងគេ​ឲ្យ​វា​លូត​តែឯង​បាន​ហើយ ដើម្បី​ឲ្យ​ដើម ធំ​លូតលាស់​ល្អ ប្រវែង ៧ តឹក ត្រូវ​គ្រៀវ បំបែក​មែក ដើម្បី​ឲ្យ​បែកមែក​ទៅ​ឆ្វេង​ទៅ​ស្ដាំ ហើយ យើង​ត្រូវការ​តែ​ពីរទង​នេះ​ទេ ។​

៦. ការប្រមូល​ផល​៖
– រយៈពេល ៨​ខែ ទៅ​៩ ខែ​អាច​ចេញ​ផ្កា​ចេញ​ផ្លែ​តាម​ការដែល​យើង​កាត់​បំបែក​ត្រួយ ប៉ុន្តែ ត្រូវ​ឧស្សាហ៍​បេះ​ស្លឹក​ចាស់ៗ​ចោល ដើម្បី​ការពារ​ជំងឺ​យាយី​ដំណាំ ឬ​ត្រួយ​ស្លឹក​ដែល​ទើប​លូត លាស់​ថ្មី​
– ក្នុង​មួយ​គុម្ព​ទំពាំងបាយជូរ​អាច​ផ្លែ​បាន ៣​គីឡូ គិត​ជា​មធ្យម នៅ​ឆ្នាំ​ដំបូង ។​

​សូមបញ្ជាក់ថា​៖ ទំពាំងបាយជូរ​ត្រូវ​ដាំ​ដោយ​ដី​ធម្មជាតិ​សុទ្ធ​ប្រសើរ​ជាង​ដាក់​ជីគីមី ៕ ប្រភព​: អ៊ាង សុផល្លែត​