
ខេត្តត្បូងឃ្មុំ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកនដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃអង្គរក្នុងឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំគឺនៅតែជាទីកន្លែងដ៏ទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។នៅទីនោះក្រៅពីមានប្រាសាទបុរាណគឺមានព្រះពុទ្ធបដិមាករជាង៥.០០០អង្គតម្លៃជាង១លានដុល្លារតម្កល់ទុកសម្រាប់ទស្សនានិងគោរពបូជាទៅតាមជំនឿនៃព្រះពុទ្ធសាសនា។
ព្រះតេជគុណនេតឈុនចៅអធិការវត្តព្រៃអង្គរក្នុងដែលស្ថិតនៅក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកនបានមានសង្ឃដីកាបញ្ជាក់ថាជាទៀងទាត់ភ្ញៀវតែងមកគោរពបូជាតាមបែបព្រះពុទ្ធសាសនានៅចុងសប្តាហ៍និងថ្ងៃសីល។ក្នុងនោះមានភ្ញៀវក្នុងស្រុកមកជាលក្ខណ:គ្រួសារមានសមាជិកពី៣ទៅ៤នាក់ដែលមានពី២០ទៅ៣០គ្រួសារក្នុងមួយថ្ងៃ។
ក្រៅពីនោះគឺមានភ្ញៀវមកពីប្រទេសជិតខាងមានថៃនិងវៀតណាមដែលកាន់សាសនាព្រះពុទ្ធតែងបានចូលមកគោរពបូជាអុជធូបរំលឹកវិញ្ញាណក្ខន្ធដល់ម្ចាស់ប្រាសាទទាំងបីដែលមានប្រាសាទព្រះអង្គខ្មៅ,ប្រាសាទរូបព្រះពុទ្ធអង្គផ្ទំនិងព្រះអង្គចំនួន៥.៥៥៥គង់ក្នុងព្រះកាយដើម្បីសុំសេចក្តីសុខសប្បាយ។
ព្
រះតេជគុណមានសង្ឃដីកាបន្តថាចំណែកភ្ញៀវទេសចរមកពីបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាគឺបានមកទស្សនាកម្សាន្តសប្បាយ។អ្នកខ្លះបានថតផ្តិតយករូបភាពទេសភាពនិងមួយចំនួនទៀតមកជារូបភាពទស្សនកិច្ចសិក្សាពីប្រាសាទប្រធាតុនិងប្រាសាទស្រីគ្រប់លក្ខណ៍,ហ្លួងព្រះស្តេចកន,បឹងកោះនិងបឹងប្រាក់។
ភាគច្រើននៃភ្ញៀវទាំងនេះមកលេងនៅថ្ងៃបុណ្យពិសេសបុណ្យចូលឆ្នាំខ្មែរគឺរយ:ពេលពីរសប្តាហ៍នោះមានអ្នកមកលេងកម្សាន្តសប្បាយដល់ទៅរាប់ម៉ឺននាក់។ជាមួយនោះនៅចុងសប្តាហ៍ក៏មានជាភ្ញៀវទេសចរបរទេសជាច្រើនមកពីប្រទេសបារាំង,ប្រទេសហូឡង់,ប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកក៍បានមកទស្សនានៅទីនេះដែរ។
ព្រះចៅអធិការបន្ថែមថាដើម្បីធ្វើឲ្យរឹតតែទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកម្សាន្តសប្បាយនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលប្រជាពលរដ្ឋខ្មែរគោរពប្រណិប័តន៍ប្រមាណ៨០ភាគរយនោះខាងវត្តព្រៃអង្គរក្នុងនៃរមណីយដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកនបានសហការជាអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធនិងប្រជាពលរដ្ឋចំណុះជើងវត្តទាំងអស់ប្រឹងប្រែងកសាងអភិវឌ្ឍន៍សមិទ្ធផលជាច្រើនទៀត។
ក្នុងនោះដូចជាកំពុងសាងសង់ព្រះពុទ្ធបដិមាករចំនួន៥អង្គបន្ថែមទៀតដែលមួយអង្គៗតម្លៃរាប់ម៉ឺនដុល្លារ។បច្ច័យទាំងនោះគឺបានមកពីសប្បុរសជនក្នុងនិងក្រៅប្រទេសហើយជាមួយនោះគឺគ្រោងនឹងកែច្នៃបឹងកោះប្រាក់ឲ្យមានសោភ័ណភាពចាប់អារម្មណ៍ពីសំណាក់ភ្ញៀវ។
គួរបញ្ជាក់ថារមណីដ្ឋានប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកនឬហៅថាវត្តព្រៃអង្គរក្នុងមានផ្ទៃក្រឡា២,៥០គីឡូម៉ែត្របូនជ្រុងដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៧និងមានផ្លូវក្រាលកៅស៊ូចូលទៅដល់។ទីនោះបានរំលេចទៅដោយប្រាសាទបុរាណចំនួនបីគឺប្រាសាទប្រធាតុចំនួន១ប្រាសាទស្រីគ្រប់លក្ខណ៍ឬប្រាសាទព្រៃអង្គរចំនួនពីរនៅក្បែរគ្នា។
ប្រាសាទនីមួយៗមានទទឹង៦,៤០ម៉ែត្រនិងបណ្តោយ៦,៨០ម៉ែត្រសង់ពីដីឥដ្ឋនាសតវត្សរ៍ទី៦។បច្ចុប្បន្នប្រាសាទស្រីគ្រប់លក្ខណ៍២នៅជិតគ្នាបានចាស់ទ្រុឌទ្រោមខ្លាំងណាស់ទៅហើយ។ប៉ុន្តែមិនទាន់មានការជួសជុលអភិរក្សនៅឡើយទេគឺខុសពីប្រាសាទប្រធាតុទើបបានជួសជុលហើយដោយក្រសួងវប្បធម៌និងវិចិត្រសិល្ប:។
ចំណែករូបព្រះពុទ្ធបដិមាករព្រះអង្គធំផ្ទំទទឹងព្រះកាយប្រវែង១៣,២០ម៉ែត្រនិងបណ្តោយ៤៥,៣០ម៉ែត្រសង់ពីបេតុងគឺខាងក្នុងព្រះកាយព្រះអង្គផ្ទំនេះមានរូបព្រះពុទ្ធបដិមាករចំនួន៥.៥៥៥អង្គសង់ពីលោហ:ធាតុស្ពាន។
ព្រះពុទ្ធរូបនោះមួយអង្គៗមានភ្នែនទំហំ០,២៥០ម៉ែត្រនិងកម្ពស់០,២២០ម៉ែត្រដែលតម្លៃក្នុងមួយអង្គ៤៥ដុល្លារសរុបទៅការសាងសង់អស់ជាង១លានដុល្លារដោយបានសាងសង់នៅចន្លោះពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។ថវិកាទាំងនោះគឺបានមកពីជំនួយរបស់សប្បុរសជនដែលគាំទ្រវិស័យព្រះពុទ្ធសាសនាបានជួយឧបត្ថម្ភគឺអាចចាត់ទុកជារូបព្រះពុទ្ធធំនិងមានចំនួនច្រើនអង្គជាងគេនៅប្រទេសកម្ពុជាដែលបានយកគំរូតាមប្រទេសភូមា៕
Kh
ប្រភព : រស្មីកម្ពុជា