
នៅព្រឹកថ្ងៃទី ២២ ខែមីនា នេះភ្ញៀវទេសចររាប់ពាន់នាក់ បានប្រជ្រៀតគ្នាយ៉ាងណែនណាន់តាន់តាប់ ស្ទះពេញបរិវេណប្រាសាទអង្គរវត្តតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំបាតុភូតថ្ងៃទី៣ នៃព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលអង្គរ ដោយគិតចាប់ពីថ្ងៃទី២០ មក។
មិនឲ្យភ្ញៀវទេសចរខកចិត្តបាតុភូតដ៏អច្ឆរិយនេះ ពិតជាកើតឡើងមែន ដោយព្រះអាទិត្យចាំផ្ដើមបញ្ចេញពន្លឺចិញ្ចែងចិញ្ចាច តាំងពីម៉ោង៥ព្រឹក តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះ ទាំងភ្ញៀវជាតិ និងអន្តរជាតិ នោះគឺព្រះអាទិត្យចាំផ្ដើមរំកិលខ្លួនបន្តិចម្ដងៗ រហូតដល់ម៉ោង ៦ និង៣០នាទីព្រឹកគ្មានលើសគ្មានខ្វះ ទើបព្រះអាទិត្យរះចំកំពូល និងជាប់ប្រាសាទតែម្ដង។ កាន់តែភ្ញាក់ផ្អើលលើសនេះទៀតនោះ ភ្ញៀវទេសចរគ្រប់គ្នាបានផ្ទៀងផ្ទាត់ពីពេលវេលា ដែលព្រះអាទិត្យនៅចំកំពូលប្រាសាទអង្គរ តែរយៈពេល១០នាទីប៉ុណ្ណោះ ពោលគឺម៉ោង ៦ និង ៤០នាទីព្រឹក ព្រះអាទិត្យចាប់ផ្ដើមរំកិលខ្លួនឆ្ងាយពីបរិវេណអង្គរបន្តិចម្ដងៗ។
សូមជម្រាបជូនថា នេះជាថ្ងៃទី៣ហើយ ដែលភ្ញៀវទេសចរនៅរង់ចាំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដោយនៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី ២០ ព្រះអាទិត្យរះនៅមិនទាន់ចំចំណុចនៅឡើយ និងកាលពីម្សិលមិញនេះដោយសារមេឃភ្លៀងក៏អាក់ខានមិនបានឃើញ។ រហូតមកដល់ថ្ងៃនេះ ទើបភ្ញៀវទេសចរទាំងឡាយបានផ្ដិតយកទិដ្ឋភាពដ៏កម្រនេះ។
តាមការឲ្យដឹងពីក្រសួងទេសចរ បាតុភូតព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត តែងកើតឡើង២ដងក្នុងមួយឆ្នាំដោយលើកទី១ កើតឡើងក្នុងខែមីនា និងលើកទី២កើតឡើងក្នុងខែកញ្ញា៕