អ្នកជំនាញផ្នែក​សុខភាពអំពាវនាវឱ្យរាជរដ្ឋាភិបាលដំឡើងពន្ធលើថ្នាំជក់បន្ថែមទៀត ដើម្បី​កាត់​បន្ថយ​អ្នក​ស្លាប់​

0
639

ភ្នំពេញៈ អ្នកជំនាញ​ផ្នែក​សុខភាព បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដំឡើង​ពន្ធ​លើ​ផលិត ផល​ថ្នាំជក់​បន្ថែម ដើម្បី​កាត់បន្ថយ​អ្នកស្លាប់​ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ និង​អ្នក​ស្រូបយក ផ្សែង​បារី​ពី​គេ។ ការអំពាវនាវ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​មួយនា​ព្រឹក​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ នៅ​សណ្ឋាគារ​សាន់វ៉េ រាជធានី​ភ្នំពេញ។

លោក យ៉ិ​ល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​មានប្រសាសន៍ លើកឡើងថា ការដំឡើង​ពន្ធ​ថ្នាំជក់​ឱ្យ​ខ្ពស់ គឺជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ មិន​ត្រឹម តែ​អាច​កាត់បន្ថយ​ចំនួន​អ្នក​ជក់បារី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រាជរដ្ឋាភិបាល​ក៏បាន​ចំណូល​កាន់តែច្រើន ពី​ការដំឡើង​ពន្ធ​នេះ​ផងដែរ។

ចំណែក​លោក  មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខ ភាព​កម្ពុជា មានប្រសាសន៍ថា កម្ពុជា​អាច​ទទួលបាន​ផលប្រយោជន៍​សុខភាព​សាធារណៈ បាន​លុះត្រាតែ​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​ក្នុង​កម្រិត​អតិផរណា​ណាមួយ​ជាក់លាក់​បំផុត។

លោក​បន្តថា តាម​ការអង្កេត​លើ​មតិ​យុវជន​នៅ​ឆ្នាំ២០១៨ បាន​បង្ហាញថា យុវជន​ភាគ ច្រើន​នឹង​ឈប់​ទិញ​បារី​ជក់ បើ​តម្លៃ​បារី​ឡើងដល់ ១ម៉ឺន​រៀល ក្នុង១កញ្ចប់ ខណៈដែល បច្ចុប្បន្ន​បារី​ខ្លះ​តម្លៃ​ត្រឹ​ត​តែ ២ពាន់​រៀល​ប៉ុណ្ណោះ។ លោក​បន្ថែមថា ការប្រើប្រាស់​ថ្នាំជក់​នៅតែ ជា​មូលហេតុ​ចម្បង ដែល​បណ្តាល​ឱ្យស្លាប់។

តាម​ការអង្កេត​របស់​ក្រុម​ជំនាញ​ផ្នែក​សុខភាព នៅ​កម្ពុជា ប្រជាពលរដ្ឋ​ប្រមាណ ១០០០០នាក់ ស្លាប់​ជា​រៀងរាល់ឆ្នាំ​បណ្តាល មកពី​ជំងឺ​ដែល បង្កដោយ​ការប្រើប្រាស់​ថ្នាំជក់ ខណៈដែល​ការព្យាបាល​ជំងឺ ទាំងនេះ​ត្រូវ​ចំណាយ​ខ្ពស់។

ជាមួយគ្នានេះដែរ​លោក Ulysses Dorotheo នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ត្រួតពិនិត្យ​ថ្នាំជក់ អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា គោលនយោបាយ​ពន្ធ​លើ​ថ្នាំជក់​របស់​កម្ពុជា ក្នុង​រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ពុំទាន់​ឆ្លើយតប​ទាំងស្រុង​ចំពោះ​ការកាត់បន្ថយ​ការ ប្រើប្រាស់​ថ្នាំជក់​នៅ ឡើយ​ទេ។

លោក​បន្តថា កម្ពុជា​ហូតពន្ធ​តែ ២៥ភាគរយ ទៅ៣០ភាគរយ បើ​ធៀប​នឹង​តម្លៃ លក់រាយ នៃ​ផលិតផល​ថ្នាំជក់ ហើយ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស ដែលមាន​អត្រាពន្ធ​លើ ថ្នាំជក់​ទាប​ជាងគេ​បំផុត នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន។

ច្បាប់​ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ត្រូវបាន​អនុម័ត​នៅ​ឆ្នាំ២០១៥ ចង្អុលបង្ហាញ វិធានការសំខាន់ៗ ពាក់ព័ន្ធ​ទៅនឹង​ការផ្គត់ផ្គង់ និង​ការកាត់បន្ថយ​តម្រូវការ​ថ្នាំជក់ រួមទាំង​វិធាន ការ​ពន្ធដារ​ផងដែរ ដោយ​សមស្រប​ណាមួយ​នឹង​អនុសញ្ញា ស្តីពី​ការត្រួតពិនិត្យ ផលិតផល​ថ្នាំជក់ ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​នៅ​ឆ្នាំ២០០៥៕