រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ ប្រែកាយពីទីស្ងាត់ជ្រងំទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

0
853

កំពង់ចាម៖ ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏ កំពុងមាន ភាពលេចធ្លោរ និងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិផងដែរ។

ជាក់ស្ដែងផលិតទេសចរណ៍ដ៏ធំមួយទៀត បានចាប់បដិ សន្ធិឡើងក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម នោះគឺរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ ដែលតំបន់ត្រូវបានគេស្គាល់ថា ជាទីដ៏ស្ងាត់ជ្រងំមួយដាច់ស្រយាលពីគេ ក្រោយត្រូវញាំញីដោយសារសង្គ្រាម។

រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ (Hanchey Bamboo Resort) នេះ ទើបតែត្រូវ​បានបើក​សម្ពោធ​ជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល​ខេត្តកំពង់ចាម។

បើតាមអ្នកគ្រប់គ្រងទូទៅនៃរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ លោក ឆន គឹមពិជេដ្ឋ បានឱ្យដឹងថា រមណីយដ្ឋាន​ឫស្សី​ភ្នំហាន់ជ័យនេះ បានចាប់ផ្តើមសាងសង់ឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចំណែករចនាបថ​នៅក្នុង​រមណី​យដ្ឋានវិញ គឺធ្វើឡើងតាមក្បូនស្ថាបត្យកម្មរបស់ខ្មែរ និងមានការកែច្នៃផលិតផលក្នុងស្រុកបន្ថែម ពិសេស​គឺបាន​គិតគូរយ៉ាងសំខាន់ទៅលើបញ្ហាបរិស្ថាន និងរក្សាឱ្យបាននូវអត្តសញ្ញាណជាតិខ្មែរ។

ចំពោះសំណង់ គឺត្រូវ​បានធ្វើឡើងប្រកបដោយស្តង់ដានិរន្តរភាព និងការនាំមកនូវ​បច្ចេក​ទេស​សាង​សង់​ថ្មី​មក​កាន់​កម្ពុជា។

លោក ឆន គឹមពិជេដ្ឋ បានបន្តថា «ឫស្សី និងឥដ្ឋ» ជាសម្ភារសំណង់សំខាន់បំផុត ដោយឫស្សី​ត្រូវបាន​យកមកពីក្នុងតំបន់ ដោយមានការការពារពីសត្វល្អិតបំផ្លាញ ដែលប្រើ​សារធាតុ​ចំនួនមិន​បង្កផលប៉ះ​ពាល់ដល់​សុខ​ភាព និងបរិស្ថាននោះទេ ហើយឥដ្ឋត្រូវបានធ្វើដោយដៃ ចំណែក​ជញ្ជាំង​ធ្វើឡើង​ដោយដី​លាយជា​មួយ​អង្កាម។​ រីឯអ្នកសាងសង់ គឺជាប្រជាពលរដ្ឋដែលរស់នៅតំបន់នេះតែម្តង។

ក្នុងពិធីបើកសម្ពោធរមណីយដ្ឋានថ្មីនេះ លោកអភិបាលខេត្ត គួច ចំរើន បានថ្លែងថា ការបង្កើតឱ្យ​មាន​រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យនាពេលនេះ អាចបង្ហាញឱ្យឃើញ​ពីការរីកចម្រើនលើវិស័យទេសចរណ៍​ក្នុងខេត្ត​​​កំពង់ចាម ហើយជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះផងដែរ ពិសេស​គឺអាចស្រូប​យកពលកម្មពីយុវជនឱ្យមកបម្រើការងារនៅតំបន់នេះ និងដើម្បី​ផ្តល់​ឱកាស​សិក្សាទៅ​តាមកម្ម​វិធី​បណ្តុះ​​បណ្តាល របស់ថ្នាក់ដឹកនាំក្នុងរមណីយដ្ឋាននេះ ហើយ​ក៏ជាផល​ប្រយោជន៍​មួយ​សម្រាប់​សង្គមជាតិមួយផ្នែកទៀតផង។

លោកជឿជាក់ថា រមណីយដ្ឋាននេះក៏អាចស្រូបយកកសិផលនានា សម្រាប់​បម្រើសេវា​កម្ម​ជូន​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ដែលមកកម្សាន្តនៅទីនេះ ដូចជាសម្រាប់បរិភោគ វត្ថុអនុស្សាវរីយ៍ របស់ប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់​កម្សាន្ត​ជាដើម ដែលប្រការនេះអាចធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋនៅជុំវិញតំបន់នេះ បានធូរធាជាងមុន ស្រប​តាម​ដំណើរការអភិវឌ្ឍនៅតំបន់នេះ។

បើតាមលោកអភិបាលខេត្ត តំបន់នេះ កាលពី២០ ឬ៣០ឆ្នាំមុន ប្រជាពលរដ្ឋ​កំពុងរង​គ្រោះ​ក្នុងភ្នក់​ភ្លើងសង្គ្រាម​យ៉ាង​ធ្ងន់ធ្ងរ ហើយក៏មិនដែលគិតថាតំបន់នេះនឹងក្លាយទៅជារមណីយដ្ឋាននោះទេ ប៉ុន្តែថ្ងៃនេះ​ដោយសា​ប្រទេសមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យតំបន់ធ្លាប់តែស្ងាត់ជ្រងំឆ្ងាយពីទីប្រជុំជន ប្រែ​ក្លាយ​ទៅជាទីកន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្តទៅវិញ ដូច្នេះការអភិឌ្ឍ គឺមិន​អាចកាត់ផ្តាច់ចេញពីនយោបាយប្រទេសជាតិមានសុខសន្តិភាពនោះឡើយ៕