រាជរដ្ឋាភិបាលអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត»

0
756

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» រួចរាល់ហើយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។

បើយោងតាមការបញ្ជាក់របស់លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបាន កែប្រែពាក្យពេចន៍មួយចំនួន។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានរៀបចំតាក់តែងឡើង ដើម្បីឱ្យស្របនឹងបរិបទនៃវិស័យប្រេងកាតនៅកម្ពុជានាពេលបច្ចុប្បន្ន។

សេចក្តីព្រាងនេះ ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងជំរុញអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តភាព និងប្រសិទ្ធភាពដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ ស្របពេលការស្វែងរក និងការអភិវឌ្ឍធនធានប្រេងកាតទាំងដែនគោក និងដែនសមុទ្រ ដើម្បីឈានទៅរកការផលិតធនធានប្រេងកាតលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជានាឆ្នាំខាងមុខនេះ។

លោក ផៃ ស៊ីផាន បានឱ្យដឹងផងដែរថា សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ត្រូវបានកាត់តែងឡើងជាលើកដំបូងដោយ អតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់នៃធនាគារអភិវឌ្ឍន៍អាស៊ី១៩៩៦។ បន្ទាប់មកមានការជួយឧបត្ថម្ភពីអ្នកជំនាញការច្បាប់មកពីក្រុមហ៊ុនជប៉ុន Idemitsu Oil and Gas ដើម្បីពិនិត្យ និងកែសម្រួលបន្ថែមទៀត។

ចាប់តាំងពីឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជាបានយកសេចក្តីព្រាងច្បាប់នេះមកកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់ជាតិ និងអន្តរជាតិនានា។ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងផលិតផលប្រេងកាត បានរៀបចំឡើងដោយត្រូវបានបែកចែកជា ៩ជំពូក និង៧២មាត្រា។

ច្បាប់នេះមានវិសាលភាពអនុវត្តលើរាល់សកម្មភាពក្នុងវិស័យប្រេងកាតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។ ជារួមទាំងបាតសមុទ្រ និងស្រទាប់ដីក្រោមបាតសមុទ្រ នៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ ព្រមទាំងតំបន់ផ្សេងៗទៀតដែលរកម្ពុជាមានសិទ្ធិអធិបតេយ្យ៕