កសិករគំរូព្រៃវែង នីន ឫទ្ធី៖ ប្រាប់ពីសក្តានុពលនៃអាជីវកម្មចិញ្ចឹមកង្កែប ដោយប្រើដើមទុនតិចបំផុត

0
1877

លោកពូ នីន ឫទ្ធី វ័យ៥៣ឆ្នាំ គឺជាកសិករគំរូ រស់នៅ ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ប្រកបរបបចិញ្ចឹមកង្កែបសាច់ កង្កែបពូជ និងបង្កាត់យកកូន រកចំណូលបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ។​

កសិកររូបនេះ​ បានបង្ហើបប្រាប់ពីគំនិតចាប់ផ្តើមអាជីវកម្មនេះដំបូងយ៉ាងដូចនេះថា៖ នៅគ្រាមួយដែលកូនប្រុសរបស់លោកពូ បានបង្ហើបប្រាប់ពីអាជីវកម្មចិញ្ចឹមកង្កែប ហើយពេលដែលលោកពូមើលទៅរូបភាពហាក់ដូចជាទំនង ក៏កើតមានចិត្តមួយចង់ចាប់ផ្តើមអាជីវកម្មនេះ។​

 

 

ដោយខ្វះខាត់ចំណេះលើការបច្ចេកទេសចិញ្ចឹមនេះ លោកពូបានប្រាប់ឲ្យកូនប្រុសលោកពូម្នាក់ដែលរៀនជំនាញព័ត៌មានវិទ្យា ជួយស្វែងរកនៅបច្ចេកទេសក្នុងការចិញ្ចឹមដល់លោកពូ។ កូនរបស់គាត់ក៏បានប្រមូលឯកសារពីអ៊ីនធើណេត ចង់ក្រងចេញជាសៀវភៅចំនួនពីរក្បាល ដែលបង្ហាញពីរបៀបក្នុងសាងសង់រោង និងបច្ចេកទេសក្នុងការចិញ្ចឹម។​

ដឹងតែទ្រឹស្តី តែដល់ការអនុវត្តនផ្ទាល់ទើបដឹងពីការលំបាកជាក់ស្តែង។ លោកពូសាក់ល្បងចិញ្ចឹមកូនកង្កែបដំបូង ដោយប្រមូលទិញពូជពីគេនៅឯខេត្តស្វាយរៀង ហើយដោយមិនធ្លាប់មានបទពិសោធន៍ក្នុងការចិញ្ចឹមទេ នៅក្នុងរយៈពេលសាក់ល្បងមួយឆ្នាំដំបូង លោកបង់ខាត់លើការចិញ្ចឹមនោះទាំងស្រុង។

ក្រោយពីទទួលបរាជ័យ លោកពូមិនបានបោះបង់ការព្យាយាមឡើយ ដោយលោកពូបានកម្មង់ទិញកូនកង្កែបពីប្រទេសវៀតណាម ប្រមាណ ១,០០០ក្បាលទៀត ក្នុងតម្លៃ ៧០០រៀលសម្រាប់កូនកង្កែបមួយក្បាល ដើម្បីបន្តសម្រេចគោលដៅលោកពូជាបន្តទៀត។

នៅឆ្នាំទី២ ឈានចូលឆ្នាំទី៣ ក៏នៅតែមិនទាន់ទទួលបានជោគជ័យលើការចិញ្ចឹម និងបង្កាត់ភ្ញាស់កូននៅឡើយដែរ រហូតដល់ឆ្នាំទី ៤ ទើបលោកពូទទួលបានជោគជ័យ ហើយបានចាប់ផ្តើមលក់ចែកចាយ និងណែនាំបច្ចេកទេសក្នុងការចិញ្ចឹមនេះទៅដល់បងប្អូនកសិករខ្មែរយើងផ្សេងទៀតជាបន្តបន្ទាប់។

បច្ចុប្បន្ន លោកពូមានលក់កង្កែបសាច់ និងកូនកង្កែបយកទៅចិញ្ចឹមដោយមានតម្លៃត្រឹមតែ៣០០ ទៅ ៥០០រៀលប៉ុណ្ណោះក្នុងមួយក្បាល ហើយប្រសិនបើអ្នកចាប់អារម្មណ៏ចង់ទិញកូនកង្កែប កង្កែបសាច់ កង្កែបពូជ ឫ រៀនពីវិធីបង្កាត់ភ្ញាស់ លោកអ្នកអាចទំនាក់ទំនងលេខទូរស័ព្ទលោកពូ នីន ឫទ្ធី ដោយផ្ទាល់តាមរយៈលេខ៖ 097 75 68 200​ / 086 29 46 08

 

ប្រភព៖ Business Cambodia