សត្វត្រយ៉ងយក្សមួយក្បាលត្រូវបានអ្នកទេសចរជួយសង្គ្រោះនៅខេត្តស្ទឹងត្រែង

0
1134

ស្ទឹងត្រែង៖ សត្វត្រយ៉ងយក្សដ៏កម្រលើពិភពលោកមួយប្រភេទ ត្រូវបានអ្នកនាំភ្ញៀវទេសចរម្នាក់ រស់នៅក្នុងខេត្តស្ទឹងត្រែង បានជួយសង្គ្រោះ នឹងបន្តការថែទាំដោយយកចិត្តទុកដាក់ ពីជំនាញផ្នែកអភិរក្សសត្វព្រៃ។

លោកលោក ហួត វុទ្ធារ៉ា អ្នកខេត្តស្ទឹងត្រែងហើយលោក គឺជាអ្នកនាំភ្ញៀវទេសចរម្នាក់ បានចុះទៅកាន់តំបន់រ៉ាមសារ តាមដងទន្លេមេគង្គក្នុងខេត្ត នឹងបានជួយសង្គ្រោះជីវិតសត្វព្រៃដ៏កម្រមួយក្បាលនោះ។

តាមការរៀបរាប់របស់លោក ហួត វុទ្ធារ៉ា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា “ខ្ញុំបានធ្វើដំណើរជាមួយក្រុមទេសចរទៅកាន់តំបន់រ៉ាមសារ ក្នុងឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៨។ ពេលនោះខ្ញុំក៏បានប្រទះឃើញ អ្នកភូមិចាប់បានសត្វត្រយ៉ងយក្ស មួយក្បាលក្រុងទុកនៅក្រោមផ្ទះ គួរឱ្យអាណិត។ ភ្លាមនោះ ខ្ញុំក៏បានសុំទិញ ពីអ្នកភូមិក្នុងតម្លៃ ៤០.០០០រៀល ដោយមានបំណងចង់ជួយសង្គ្រោះជីវិតសត្វស្លាបដ៏កម្រមួយក្បាលនេះ។

បន្ទាប់ពីអ្នកភូមិយល់ព្រមលក់ យើងក៏បានយកវាទៅលែងនៅតំបន់ព្រៃរ៉ាមសារ ព្រៃលិចទឹក និងទៅកាន់សំបុក ជួបជុំមេរបស់វា។ តែជាអកុសលសត្វត្រយ៉ងយក្សមួយក្បាលនេះ ហើរបានត្រឹមប្រហែល១៥ម៉ែត្រក៏ធ្លាក់មកដី និងធ្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ។ ឃើញដូចនោះ ខ្ញុំនឹងអ្នកទេសចរក៏បានសម្រេចចិត្ត យកវាមកទីរួមខេត្តស្ទឹងត្រែង ក្នុងគោលបំណងបំប៉នឱ្យចំណីវាស៊ី និងឱ្យទឹកវាផឹក ដើម្បីមានកម្លាំងរឹងមាំឡើងវិញ”។

លោកគិតថា បើសិនជាយើងលែងវាទៅក្នុងព្រៃអាចនឹងងាប់ ពីព្រោះថា វាដូចជាគ្មានកម្លាំងក្នុងការហើរចូលទៅក្នុងព្រៃធម្មជាតិបានឡើយ។ លោក វុទ្ធារ៉ា គិតថា បើសិនជាលោកលែងសត្វត្រយ៉ងយក្ស មួយក្បាលនេះ ទៅក្នុងព្រៃអ្នកភូមិនឹងចាប់វាយកមកធ្វើម្ហូបជាពុំខាន។ គិតចុះគិតឡើង ខ្ញុំក៏សម្រេចចិត្តសុំការអនុញ្ញាតពីលោក នី មុល ប្រធានឧទ្យានុរក្សតំបន់រ៉ាមសារអូរស្វាយ និងលោកអនុប្រធានសហគមន៍ទេសចរណ៍បូរីអូរស្វាយសុំ យកសត្វត្រយ៉ងមួយក្បាល ដែលលោកទិញពីអ្នកភូមិមកខេត្តស្ទឹងត្រែង រកវិធីជួយសង្គ្រោះ។ ពេលមកដល់ស្ទឹងត្រែង ខ្ញុំក៏បានជូនដំណឹងទៅខាងអង្គការ WWF មានទីតាំងនៅខេត្តក្រចេះ។

ក្រោយពីទទួលបានដំណឹងនេះ អង្គការខាង WWF ក៏បានជូនដំណឹងបន្តទៅអង្គការអភិរក្សសត្វព្រៃ ACCB ដែលមានទីតាំងនៅខេត្តសៀមរាប។ បន្ទាប់​មកក្រុមអង្គការ ACCB ក៏បានធ្វើដំណើរពីខេត្តសៀមរាប មកកាន់ខេត្តស្ទឹងត្រែង ទាំងយប់ភ្លាមៗ ដើម្បីសង្គ្រោះជីវិសត្វព្រៃកូនត្រយ៉ងយក្សមួយក្បាល។ ក្រុមអភិរក្ស ក៏បានដាក់ជំនាញផ្នែកពេទ្យសង្គ្រោះសត្វព្រៃមកជាមួយផងដែរ។

នៅពេលពិនិត្យទៅលើសត្វទើបដឹងថា កូនសត្វត្រយ៉ងយក្ស មួយក្បាលបានបាក់ឆ្អឹងស្វាបឆ្វេង និងមានសុខភាពពុំសូវល្អ ត្រូវតែយកទៅពិនិត្យ និងព្យាបាលដោយយកចិត្តទុកដាក់បំផុត នៅខេត្តសៀមរាបជាបន្តទៀត។

សូមបញ្ជាក់ថាត្រយ៉ងយក្សគឺជាសត្វដែលតំណាងឱ្យបក្សីជាតិហើយក៏ជាសត្វដែលស្ទើរនឹងផុតពូជនៅលើពិភពលោក។ ត្រយ៉ងយក្ស មានសរុបតិចជាង៣០០ក្បាលប៉ុណ្ណោះ នៅក្នុងពិភពលោក។ នៅក្នុងនោះ មានប្រហែល១០ក្បាល ដែលរស់នៅប្រទេសឡាវ និងមួយចំនួនបានផុតពូជនៅក្នុងប្រទេសវៀតណាម។ នៅសល់ច្រើនជាងគេដែលស្ថិតនៅក្នុងតំបន់រ៉ាមសារតាមដងទន្លេមេគង្គ និងព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង។ នៅសល់ខ្លះក្នុងខេត្តមណ្ឌលគិរី៕

ប្រភព៖ rasmeinews