
ក្រុងញូវដែលី: ដើមជ្រៃធំបំផុតលំដាប់ទី ២ ក្នុងលោក ទើបត្រូវបានព្យាបាលសះស្បើយពីការរុករានពពួកសត្វកណ្ដៀរ ដោយការព្យួរសេរ៉ូម។ ដោយស្គាល់ជា «ហ្វីលឡាម៉ារី» ឬ «ភីឡា ម៉ារី» ដើមជ្រៃអាយុ ៧០០ ឆ្នាំនេះ ស្ថិតនៅក្នុងក្រុងមាហាប៊ូបណាហ្គា រដ្ឋឡេឡាន់ហ្គាណា ប្រទេសឥណ្ឌា ដុះលើផ្ទៃដី ១,២ ហិកតា ដែលធ្វើឲ្យរុក្ខជាតិយក្សនេះជាអម្បូរឈើធំបំផុតលំដាប់ទី ២ ក្នុងលោក។
វាក៏ស្ថិតក្នុងសភាពគ្រោះថ្នាក់ជាចំណីពពួកកណ្ដៀរ ដែលពួកវាបានបំផ្លាញមែកធំៗខ្លះរួចហើយ។ ដំណើរទៅគយគន់ដើមឈើយក្សត្រូវបានរឹតបណ្ដឹងតាំងពីខែធ្នូឆ្នាំមុន ខណៈអាជ្ញាធរអស់ក្ដីសង្ឃឹមបាននឹកឃើញវិធីសង្គ្រោះវត្ថុទាក់ទាញភ្ញៀវទេសចរចម្បងមួយនេះ។
ក្រោយពីប្រើយុទ្ធវិធីមកដោយការព្យួរសេរ៉ូមថ្នាំសម្លាប់សត្វល្អិត Chlorpyrifos រណែងរណោងពេញមែកហើយវាក៏មានប្រសិទ្ធភាពគ្រាន់បើ។
មន្ដ្រីការិយាល័យរុក្ខាថ្នាក់ខណ្ឌនៃក្រុងមាហាប៊ូបណាហ្គា ឈុកកា ហ្គាន់ហ្គា រ៉េដឌី បានប្រាប់ Times of India ថា៖ «សុខភាពដើមឈើបានប្រសើរហើយ។ យើងក៏មានគម្រោងបើកស្វាគមន៍ភ្ញៀវវិញក្រោយពីជជែកជាមួយមន្ដ្រីជាន់ខ្ពស់។ ប៉ុន្ដែលើកនេះ ភ្ញៀវត្រូវឈរមើលវាពីចម្ងាយ»៕