រដូវ​កាល​ធ្វើ​ប្រហុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដល់​ហើយ អ្នក​ស្រុក​ទន្លេទើប​យល់អាម្មណ៍នេះ​

0
1129
Fresh Prahok season of Khmer people, local people understand this.Photo KKN. 

ក្រុម មន្ត្រី ជំនាញ រដ្ឋបាល ជលផល បាន ព្យាករ ថា រាជធានី ភ្នំពេញ និង ខេត្ត កណ្ដាល ត្រី ប្រហុក នឹង ចាប់ផ្ដើម ត្រូវ ចាប់ ពី ថ្ងៃ សុក្រ ចុង សប្ដាហ៍ នេះ រហូត ដល់ ថ្ងៃ ព្រហស្បតិ៍ សប្ដាហ៍ ក្រោយ ប្រសិន បើ ផ្ទៃមេឃ ស្រឡះ ល្អ និង មិន មាន ភ្លៀង កក់ខែ ទេ នោះ ។ នេះ បើ តាម សេចក្ដី ជូន ដំណឹង របស់ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែល ខេមបូទ្រីប ទទួល បាន ។

ការ ព្យាករ នេះ បាន ធ្វើ ឡើង បន្ទាប់ពី ក្រុមមន្ត្រី ជំនាញ បាន តាមដាន ដោយ យក ចិត្ត ទុកដាក់ ពី កម្ពស់ ទឹក ក្នុង បឹង ទន្លេសាប និង លំហូរ ទឹក ដែល ចេញ ពី បឹង នេះ អស់ ជាង ១ សប្ដាហ៍ កន្លង មក ហើយ បាន ពិនិត្យ ឃើញ ថា កម្ពស់ ទឹកទន្លេ សាប បាន ស្រក លឿន ជាង ឆ្នាំ កន្លង ទៅ ។ លក្ខណៈ បែប នេះ ធ្វើឲ្យ គន្លង ដាយ ត្រី នៅ តាម ទន្លេសាប ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ និង ខេត្ត កណ្ដាល អាច នេសាទ ត្រី បាន ច្រើន ចាប់ពី ថ្ងៃ ទី ១៤ ដល់ ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៨ ខាង មុខ នេះ ។

លោក ងិន ឌី នាយ ខណ្ឌ រដ្ឋបាល ជលផល ភ្នំពេញ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ម្សិលមិញ ថា ទីតាំង សម្រាប់ ធ្វើ ត្រី ប្រហុក ផ្អក ក្នុង រាជធានី ភ្នំពេញ មាន ចំនួន ៦ កន្លែង តាម បណ្ដោយ ផ្លូវជាតិ លេខ ៥ រួមមាន ក្នុង សង្កាត់ គីឡូម៉ែត្រ លេខ ៦ មួយ កន្លែង សង្កាត់ ច្រាំង ចំរេះ ១ មួយ កន្លែង សង្កាត់ ច្រាំង ចំរេះ ២ មួយ កន្លែង យឿ ត្រី គីឡូម៉ែត្រ លេខ ៩ មួយ កន្លែង យឿ ត្រី ព្រែក ព្នៅ មួយ កន្លែង និង នៅ ភូមិ ដូង សង្កាត់ ព្រែក ព្នៅ មួយ កន្លែង ។

លោក បាន ថ្លែង ថា ៖ « ពេល នេះ ប្រភេទ ត្រី រៀល ត្រូវ បាន ប្រជានេសាទ យើង រាយ មង ចាប់ បាន ច្រើន គួរសម ដែរ ប៉ុន្តែ នៅ មិន ទាន់ ត្រូវ ខ្លាំង នោះទេ ព្រោះ ត្រី នៅ មិន ទាន់ សម្រុក ចុះ មកពី បឹង ទន្លេសាប នៅ ឡើយ » ។ « បើ ពិនិត្យ តាម កម្ពស់ ទឹកទន្លេ សាប ក្នុង រាជធានី ភ្នំពេញ និង លំហូរ ទឹក ពី បឹង ទន្លេសាប ត្រី ប្រហុក អាច នឹង ចាប់ផ្ដើម ត្រូវ ចាប់ពី ថ្ងៃ ចុង សប្ដាហ៍ នេះ ទៅ ប្រសិន បើ អាកាសធាតុ មិន ចុះ អ័ព្ទ ខ្លាំង ឬ ធ្លាក់ ភ្លៀង ទេ នោះ » ។

តាមរយៈ ការ ព្យាករ នេះ ដែរ លោក ស្រ៊ុន លឹមសុង អនុប្រធាន រដ្ឋបាល ជលផល នៃ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន អំពាវនាវ ដល់ អ្នក ដែល មាន បំណង ចង់ ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ ត្រូវ រួសរាន់ ឲ្យ បាន ទាន់ពេល ។

ជាទូទៅ នៅ រៀងរាល់ ពាក់កណ្ដាល ខែ ធ្នូ គេ សង្កេត ឃើញ ពលរដ្ឋ មកពី បណ្ដា ខេត្ត ឆ្ងាយៗ ពី តំបន់ ទន្លេសាប តែង នាំ គ្នា ធ្វើ ដំណើរ មក កាន់ ទីតាំង ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ ក្នុង រាជធានី ភ្នំពេញ ដើម្បី ទុក ធ្វើ ជា ស្បៀង បម្រុង ផ្គត់ផ្គង់ ជីវភាព គ្រួសារ និង សម្រាប់ ដោះដូរ ជា ស្រូវ អង្ករ ជាមួយ ប្រជាកសិករ មួយ ចំនួន ទៀត ។

ដោយឡែក ក្រុម ប្រជានេសាទ នៅ ខេត្ត ពោធិ៍សាត់ និង កំពង់ធំ បាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពី ម្សិលមិញ ថា ត្រី ប្រហុក បាន ចាប់ផ្ដើម ត្រូវ ជា បណ្ដើរ ហើយ ប៉ុន្តែ នៅ ពុំទាន់ ឃើញ អ្នក មក ពី ឆ្ងាយ ចុះ ទិញ ត្រី ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ នៅ ឡើយ ទេ ខណៈ ក្រុម ឈ្មួញ ចាប់ផ្ដើម ប្រមូល ទិញ ដាក់ ឡាន និង ទូក ធំៗ នាំ ចេញ ទៅ លក់ បន្ត និង ខ្លះ យក ធ្វើ ចំណី សត្វ ។

លោក ឡុង សូឆែត ប្រធាន សម្ព័ន្ធ ប្រជានេសាទ កម្ពុជា បាន ថ្លែង ថា នៅ ខេត្ត ពោធិ៍សាត់ ត្រី ប្រហុក បាន ចាប់ផ្ដើម ត្រូវ បណ្ដើរៗ ចាប់ តាំងពី ថ្ងៃទី ១០ ខែ ធ្នូ មក ម្ល៉េះ ប៉ុន្តែ តម្លៃ មិន ទាន់ ធ្លាក់ ចុះ ដល់ កម្រិត ដែល ប្រជាកសិករ ទូទៅ អាច ទិញ ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ បាន នៅ ឡើយ ទេ ព្រោះ មាន ក្រុម ឈ្មួញ រកស៊ី ត្រី កំពុង ប្រជែង គ្នា ទិញ ដើម្បី យក ទៅ លក់ បន្ត នៅ តាម ខេត្ត ឆ្ងាយៗ របស់ កម្ពុជា ។

លោក សូឆែត បាន បញ្ជាក់ ថា ៖ « ត្រីរៀល ទំហំ ២ ធ្នាប់ ដៃ សម្រាប់ ធ្វើ ប្រហុក ចាប់ផ្ដើម ត្រូវ ហើយ នៅ ខេត្តពោធិ៍សាត់ យើង ប៉ុន្តែ នៅ ថ្លៃ នៅ ឡើយ គឺ ក្នុង ១ គីឡូក្រាម ថ្លៃ ចន្លោះ ពី ១៤០០ រៀល ទៅ ១៧០០ រៀល ខណៈ ត្រី ចម្រុះ ប្រភេទ ក្នុង ទំហំ ប៉ុន គ្នា មាន តម្លៃ ចន្លោះ ១២០០ រៀល ទៅ ១៣០០ រៀល » ។

លោក ថា ៖ « ត្រី ប្រហុក ដែល គេ កាត់ ក្បាល និង លាង ស្រកា រួច តែ នៅ មិន ទាន់ ប្រឡាក់ អំបិល មាន តម្លៃ ពី ២ ៥០០ រៀល ទៅ ២៧០០ រៀល ក្នុង ១ គីឡូ ។ ក្រុម ឈ្មួញ រកស៊ី ត្រី កំពុង ប្រជែង គ្នា ទិញ យក ទៅ លក់ បន្ត ដើម្បី យក ចំណេញ ។ ចំណែក ប្រជាកសិករ ធម្មតា នៅ មិន ទាន់ ឃើញ មាន វត្តមាន មក ទិញ ត្រី ធ្វើ ប្រហុក ទេ » ។

បើ តាម លោក សូឆែត ពេល តម្លៃ ត្រី ធ្លាក់ ចុះ មក នៅ ត្រឹម ចន្លោះ ពី ៣០០ រៀល ទៅ ៥០០ រៀល ក្នុង ១ គីឡូក្រាម ទើប មាន ការ សម្រុក ចុះ មក ទិញ ត្រី ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ ។

ចំណែក អ្នកស្រី ឆេង គីមហេង ប្រជានេសាទ នៅ ឃុំ ផាត់ សណ្ដាយ ស្រុក ស្ទោង ខេត្ត កំពង់ធំ បាន និយាយ ថា តម្លៃ ត្រី ប្រហុក ក្នុង តំបន់ គាត់ បាន ធ្លាក់ មក នៅត្រឹម ១ ១០០ រៀល ក្នុង ១ គីឡូ ខណៈ ត្រី ធ្វើ ផ្អក មាន តម្លៃ ចន្លោះ ពី ៧០០០ រៀល ដល់ ២៥ ០០០ រៀល ក្នុង ១ គីឡូ អាស្រ័យ តាម ប្រភេទ ត្រី ។ អ្នកស្រី បន្ត ថា ប្រភេទ ត្រី ពោធិ៍ ត្រី ច្រកែង និង ត្រី ឆ្ពិន ទម្ងន់ ពី មួយ គីឡូក្រាម ឡើង ទៅ មាន តម្លៃ ៧០០០ រៀល ក្នុង ១ គីឡូក្រាម ខណៈ ត្រី ឆ្កោក ត្រី ព្រួល និង ត្រី គ្រំ ទម្ងន់ ចាប់ពី ២,៥ គីឡូ ឡើង ទៅ តម្លៃ ២៥០០០ រៀល ក្នុង ១ គីឡូក្រាម ។

អ្នកស្រី បាន បញ្ជាក់ ថា៖ « បច្ចុប្បន្ន ត្រី តូចៗ សម្រាប់ ធ្វើ ប្រហុក ត្រូវ ច្រើន ជាង ត្រី ធំៗ សម្រាប់ ធ្វើ ផ្អក ។ រដូវ នេះ ពួកយើង កំពុង មមាញឹក ខ្លាំង ក្នុង ការប្រមូលផល ត្រី មក ធ្វើ ប្រហុក ផ្អក និង ត្រីឆ្អើរ ព្រមទាំង លក់ដូរ ខ្លះ និង សម្រាប់ ដោះស្រាយ ជីវភាព ប្រចាំ ថ្ងៃ ខ្លះ » ។

ជាមួយ គ្នា នេះ ដែរ លោក ប៉ែន វណ្ណារិទ្ធ នាយ ខណ្ឌ រដ្ឋបាល ជលផល កំពង់ធំ បាន អំពាវនាវ ដល់ ប្រជានេសាទ ទូទៅ ឲ្យ បង្កើន ការយក ចិត្ត ទុកដាក់ គោរព ច្បាប់ កុំ ចាប់ ត្រី ដោយ ប្រើ ឧបករណ៍ ហាមឃាត់ បើ ទោះបី នេះ ជា រដូវ ប្រមូលផល ត្រី ក្តី ៕