ភ្នំពេញ៖ ឧទ្យានស្ថានទូត បារាំងនឹងប្រែក្លាយ ទៅជាវិចិត្រសាលធម្មជាតិដ៏ធំមួយសម្រាប់សាធារណៈជនចូលទស្សនា ដោយសេរីនៅថ្ងៃទី ២៤-២៥ ខែមីនា ឆ្នាំ២០១៨ នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ។ នេះយោងតាមការឲ្យដឹងពីសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា កាលពីម្សិលមិញ។
ក្នុងកម្មវិធីនេះ មានសិល្បករកម្ពុជា៧រូបនឹងដាក់បង្ហាញស្នាដៃសិល្បៈសហសម័យរបស់ខ្លួន ដែលរចនាឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ដែលមានលក្ខណៈ ស្អាតសមសួន ជាមួយនឹងបរិស្ថានធម្មជាតិ។ ពួកគាត់សុទ្ធសឹងតែជាសិល្បករមានឈ្មោះបោះ សំឡេងនៅលើឆាកអន្តរជាតិ ហើយមួយចំនួនទទួលបានការបណ្តុះបណ្តាលនៅប្រទេសបារាំង។
បន្ទាប់ពីដាក់ តាំងបង្ហាញនៅក្នុងឧទ្យានស្ថានទូត ស្នាដៃទាំងនេះនឹងត្រូវយកទៅដាក់តាំងពិព័រណ៍រយៈ ពេលមួយខែនៅវិទ្យាស្ថានបារាំងនៅកម្ពុជា។
គួរបញ្ជាក់ថា ដំណើរត្រាច់ចរសិល្បៈនេះ គឺជាផ្នែកមួយនៃកម្មវិធីបារាំងពីរសប្តាហ៍ នៅភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតបារាំង រួមសហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្ម បារាំង-កម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជា ដើម្បីលើកស្ទួយវប្បធម៌បារាំង និងវប្បធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយអំពីជំនាញរបស់ក្រុមហ៊ុនបារាំងនានាឱ្យសាធារណជន កម្ពុជាបានស្គាល់កាន់តែច្បាស់។
ការបើកឱ្យចូលទស្សនានឹងធ្វើឡើង ចាប់ពី ម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ និងពីម៉ោង៣រសៀល ដល់ម៉ោង៦ល្ងាច៕