ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅកាន់តែខិតជិតមកដល់ហើយ

0
1047

គិតមកដល់ពេលនេះ នៅមិនដល់២សប្ដាហ៍ទៀតទេ ពិធីបុណ្យទន្លេលើកទី៤នៅក្រុងតាខ្មៅ ដែលប្រារព្វធ្វើរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ នឹងឈានចូលមកដល់ហើយ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានថ្លែងថា៖ យើងសង្កេតឃើញថា សក្តានុពលវប្បធម៌ ធម្មជាតិ កសិកម្ម ជីវចម្រុះតាមដងទន្លេ បាននាំមកនូវផលប្រយោជន៍ខាងសេដ្ឋកិច្ច ជីវភាពរស់នៅយ៉ាងសំខាន់ដល់ប្រជាពលរដ្ឋ ពិសេសគ្រប់ខេត្តតាមដងទន្លេ មានទីក្រុងជាប់មាត់ទន្លេ ដែលជាទីតាំងសំខាន់ណាស់ សម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញ ផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេ។

ម្យ៉ាងវិញទៀត ទីក្រុងក៏ជាមជ្ឈមណ្ឌលប្រមូលផ្តុំសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ដែលចាំបាច់ត្រូវធ្វើយ៉ាងណាឲ្យទីក្រុងទាំងនេះស្អាត និងបៃតង ដែលជាច្រកចូលទៅកាន់។ ទីក្រុងស្អាត បៃតង ក៏វានឹងនាំទន្លេស្អាត និងបៃតងផងដែរ។

នៅក្នុងពិធីដ៏អស្ចារ្យប្រចាំឆ្នាំនេះ ក៏នឹងមានព្រឹត្តិការណ៍កម្សាន្តជាច្រើនដូចជា៖ ការលេងកីឡាលើទឹក ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាព ការតាំងពិព័រណ៍ម្ហូបអាហារ ព្យុហយាត្រាលើទឹកជាដើម ដើម្បីរួមចំណែកនាំមកនូវចំណូលជូនប្រជាពលរដ្ឋនៅតាមដងទន្លេឲ្យបានច្រើន។

គួរជម្រាបផងដែរថា ពិធីបុណ្យទន្លេលើកទី៤ ក្រោមប្រធានបទ «ទន្លេសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍» នឹងប្រារព្វធ្វើត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ អាស្រ័យហេតុនេះ សូមអញ្ជើញចូលរួមលេងកំសាន្តឲ្យបានកុះករ៕